សម្តេច​ប្រធានរដ្ឋសភា បាន​ចាត់តាំង​តំណាង អញ្ជើញ​ទៅសួរសុខទុក្ខ​តំណាងរាស្ត្រ​ពីររូប ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រ​ទស​ថៃ

ភ្នំពេញ: ​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា បានសម្រេច​ចាត់តាំង​គណៈប្រតិភូ​រដ្ឋ​សភា ចំនួន ៣ រូប ដឹកនាំ​ដោយ​លោក​តំណាងរាស្ត្រ ឈាង វុន អមដំណើរ​ដោយ​លោក​យ៉ែម​បុញ្ញឫទ្ធិ និង​លោកស្រី បាន ស្រី មុំ ធ្វើដំណើរ​ទៅសួរសុខទុក្ខ​លោក​គង់​សុភា តំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង និង​លោក ញ៉យ ចំរើន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា ចុះ​ថ្ងៃទី​៥​វិច្ឆិកា បង្ហាញថា បេសកកម្ម​សួរសុខទុក្ខ​តំណាងរាស្ត្រ​ទាំងពីរ​រូប នឹងធ្វើ​ឡើង ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា​។​

​សូម​រម្លឹកថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំងពីរ​រូបនេះ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ថៃ ក្នុង​ទីក្រុង​បាងកក បន្ទាប់ពី​ព្រឹត្តិការណ៍​ជន​មួយក្រុម បាន​វាយ កាលពីថ្ងៃទី២៦តុលា​ បណ្តាល​ឲ្យ​តំណាងរាស្ត្រ​ទាំងពីរ របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវបានបញ្ជូនទៅព្យាបាល​ ​វះកាត់​ភ្នែក ច្រមុះ និង​វេះ​កាត់​ត្រចៀក​ នៅមន្ទីរពេទ្យថៃ​។​

​ក្រោយ​ហេតុការណ៍​ភ្លាមៗ សម្តេច​ហេង​សំរិន ក៏បាន​សម្រេច​ផ្តល់នូវ​ថ្លៃ​ព្យាបាល​ជូន​ដល់​តំណាងរាស្ត្រ​រងគ្រោះ​ទាំង​ពីររូប ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា ១​ម៉ឺន​ដុល្លារ​៕​

សម្តេច​ប្រធានរដ្ឋសភា បាន​ចាត់តាំង​តំណាង អញ្ជើញ​ទៅសួរសុខទុក្ខ​តំណាងរាស្ត្រ​ពីររូប ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រ​ទស​ថៃ