គ្រួសារ​ជន​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្វាយរៀង​ត្អូញត្អែរ​ពី​ការ​ទទួល​សំណង

សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ក្រុង​វៀតណាម បណ្ដាល​ឲ្យ​កម្មករ​រោងចក្រ​ស្លាប់​ចំនួន ១៩​នាក់ និង​របួស ២០​នាក់ នៅ​ខេត្ត​ស្វាយរៀង នោះ ពុំ​ទាន់​បញ្ចប់​ឡើយ។

ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលាឧទ្ធរណ៍​ដើម្បី​បន្ត​ទាមទារ​សំណង​បន្ទាប់​ពី​ក្រុមហ៊ុន​មិន​ព្រម​ផ្ដល់​សំណង​តាម​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង។ ក្រុម​គ្រួសារ​ជនរងគ្រោះ​លើក​ឡើង​ថា ការ​ស្វែង​រក​យុត្តិធម៌​ជាង ៦​ខែ​នេះ គឺ​ធ្វើ​ឲ្យ​ពួកគាត់​ជួប​ទុក្ខ​លំបាក​គ្រប់​បែប​យ៉ាង។

ក្រុម​គ្រួសារ​របស់​កម្មករ-​កម្មការិនី​ដែល​ស្លាប់ និង​ខ្លះ​ទៀត​រង​បួស​ធ្ងន់​ស្រាល ដែល​រស់​នៅ​ភូមិ​ព្រៃខ្លា និង​ភូមិ​តាមុំ ស្ថិត​ក្នុង​ឃុំ​ពោធិរាជ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ថ្កោលទោស​ចំពោះ​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ស៊ុន ហួរ ថា មាន​ចរិត​មិន​ទទួល​ខុស​ត្រូវ។

គេ​នៅ​ចាំ​មិន​ភ្លេច​ទេ​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ដែល​បាន​ផ្ដាច់​ជីវិត​កម្មករ-​កម្មការិនី​ចំនួន ១៩​នាក់ និង ២០​នាក់​រង​របួស​បាក់​ដៃ បាក់​ជើង និង​ប៉ះទង្គិច​ក្បាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ដើមពោធិ៍ ក្នុង​ឃុំ​ស្វាយតាយាន ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។

អ្នកស្រី ផង់ សាឃឿន ដែល​បាត់បង់​កូនស្រី​ពីរ​នាក់ និង​ម្នាក់​ទៀត​រង​បួស​នោះ រៀបរាប់​ថា សព្វថ្ងៃ​នេះ​គាត់​ទទួល​បន្ទុក​មើល​ថែ​រក្សា​ចៅ ក្រោយ​ម្ដាយ​ស្លាប់​ទៅ។ អ្នកស្រី​គ្មាន​ពេល​រក​ចំណូល​សម្រាប់​គ្រួសារ និង​ស្វែង​រក​យុត្តិធម៌​នោះ​ទេ៖ «ខ្ញុំ​កូនស្រី​ស្លាប់ ២​នាក់ អ៊ីចឹង​ត្រូវ​មើលថែ​ចៅ​ពីរ​នាក់​ដែរ ដូច្នេះ​គ្មាន​ពេល​ធ្វើ​អ្វី​ទេ»

ទន្ទឹម​គ្នា​នេះ ប្រជាពលរដ្ឋ​ក៏​រិះគន់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ថា​ហាក់​ដូចជា​អូស​បន្លាយ​ពេល​វេលា​ច្រើន​ដែល​ទុក​សំណុំ​រឿង​នេះ​អោយ​នៅ​រ៉ាំរ៉ៃ​មិន​ចប់​មិន​ហើយ។

និយាយ​យំ​រៀបរាប់​ដោយ​យក​ដៃ​ជូត​ទឹក​ភ្នែក​បណ្ដើរ​នៅ​ខាង​ក្រោម​ផ្ទះ​ដែល​មាន​គ្រួសារ​ជនរងគ្រោះ​ផ្សេង​ទៀត​នោះ គឺ​អ្នកស្រី ម៉ៃ សាត ប្រាប់​ថា គ្រោះថ្នាក់​ចរាចរណ៍​កាល​ណោះ​បាន​ឆក់​យក​ជីវិត​កូនស្រី​របស់​គាត់​ម្នាក់ និង​ពីរ​នាក់​ទៀត​រង​របួស​ធ្ងន់។

អ្នកស្រី​បន្ត​ថា ការ​ដែល​ក្រុមហ៊ុន​មិន​ព្រម​ផ្ដល់​សំណង​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​នេះ គឺ​ជា​ការ​ជាន់​ឈ្លី​ពួកគាត់​អោយ​រស់​នៅ​ទាំង​ឈឺ​ចាប់​មិន​អស់​ចិត្ត​ឡើយ។ កូនស្រី​របស់​គាត់​ដែល​ស្លាប់​ទៅ​សុទ្ធតែ​ជា​អ្នក​រក​ចំណូល​សម្រាប់​គ្រួសារ​រៀងរាល់​ខែ ប៉ុន្តែ​ពេល​នេះ​គាត់​គ្មាន​អ្វី​សង្ឃឹម​ទៀត​ឡើយ៖ «សូម​ជួយ​ខ្ញុំ​ផង ខ្ញុំ​អាណិត​កូន​ខ្ញុំ​ណាស់! កូន​ខ្ញុំ​រង​របួស​ធ្ងន់​ម្នាក់ ឥឡូវ​វិកលចរិត​មិន​ដឹង​អី​ទេ។ អាយុ​ជីវិត​កូន​ខ្ញុំ​ថ្លៃ​ណាស់ មិន​ស្មើ​លុយ​ទេ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​ស្លាប់​ទៅ​ហើយ សូម​អោយ​តុលាការ​ជួយ​ទារ​សំណង​អោយ​លឿន​ទៅ»

គ្រួសារ​ជន​រង​គ្រោះ គ្រោះថ្នាក់​ចរាចរណ៍ ស្វាយរៀង ៦២០
ក្រុម​គ្រួសារ​របស់​កម្មករ-​កម្មការិនី​ដែល​ស្លាប់​ និង​បួស ជួបជុំ​គ្នា​នៅ​ភូមិ​ព្រៃខ្លា ស្ថិត​ក្នុង​ឃុំ​ពោធិរាជ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ដើម្បី​ផ្លិត​មេដៃ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​ទាមទារ​សំណង់ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Tha Kitya

​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា កន្លង​ទៅ ចៅក្រម​សាលាដំបូង​ខេត្ត​ស្វាយរៀង បាន​ចេញ​សាលក្រម​សម្រេច​ឲ្យ​ភាគី​ក្រុមហ៊ុន​វៀតណាម ផ្ដល់​សំណង​ដល់​គ្រួសារ​អ្នក​ស្លាប់ ១៩​នាក់ ក្នុង​ម្នាក់​ត្រូវ​ទទួល​បាន​សំណង ១២​លាន​រៀល និង​អ្នក​រង​របួស​ត្រូវ​ទទួល​បាន​សំណង​ចន្លោះ​ពី ៦​លាន ដល់ ១០​លាន​រៀល​តាម​ស្ថានភាព​របួសធ្ងន់​ស្រាល ដែល​សរុប​ទាំង​អស់​ចំនួន ៩៧.០០០​ដុល្លារ។ ចំណែក​អ្នក​បើកបរ​រថយន្ត​ដែល​ជា​ជនជាតិ​វៀតណាម​នោះ ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ។

ក្រុម​គ្រួសារ​ជនរងគ្រោះ ព្រម​ទទួល​យក​សេចក្ដី​សម្រេច​នេះ បើ​ទោះ​ជា​មិន​បាន​ដូច​ការ​ទាមទារ​កន្លង​មក ដែល​សម្រាប់​អ្នក​ស្លាប់​ចំនួន ២​ម៉ឺន​ដុល្លារ ចំណែក​អ្នក​របួស ១​ម៉ឺន​ដុល្លារ​ក្ដី។ ផ្ទុយ​ទៅ​វិញ សំណង​ដែល​តុលាការ​កាត់​សេចក្ដី​ឲ្យ​នោះ ភាគី​ក្រុមហ៊ុន​មិន​យល់​ព្រម​នោះ​ទេ ហើយ​បាន​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​ជំទាស់​នឹង​សេចក្ដី​សម្រេច​នេះ​ទៀត​ផង។

​មេធាវី​ការពារ​ជនរងគ្រោះ គឺ​អ្នកស្រី សេរីបុត្ត ចរិយា មក​ពី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កូន​ក្ដី​របស់​គាត់​បាន​ផ្ដិត​មេដៃ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា រួច​ហើយ ដើម្បី​បន្ត​ទាមទារ​សំណង៖ «ក្រុមហ៊ុន​គេ​ប្ដឹង​ទៅ​ឧទ្ធរណ៍​ជំទាស់​នឹង​សេចក្ដី​សម្រាប់​របស់​តុលាការ​ខេត្ត​ស្វាយរៀង អ៊ីចឹង​ទៅ​ប្រជាពលរដ្ឋ​ក៏​សម្រេច​ផ្ដិត​មេដៃ​ប្ដឹង​ឧទ្ធរណ៍​ទៅ​នឹង​ការ​សម្រេច​នឹង​ដែរ ព្រោះ​ក្រុមហ៊ុន​អត់​ព្រម ផ្ដល់​សំណង់​តាម​ការ​សម្រេច​របស់​តុលាការ​ទេ»

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​សំណុំ​រឿង​នេះ​ធ្លាក់​ដល់​ដៃ​តុលាការ​ឧទ្ធរណ៍​ក្ដី ប៉ុន្តែ​លោក​ស្នើ​ឲ្យ​តុលាការ​ពន្លឿន​រឿង​ក្តី​នេះ​ឲ្យ​លឿន​ថែម​ទៀត ដើម្បី​សម្រួល​ដល់​ការ​រស់​នៅ​សម្រាប់​គ្រួសារ​ជនរងគ្រោះ​កំពុង​មាន​ជីវភាព​ខ្វះខាត៖ «ខាង​ឧទ្ធរណ៍​ឆាប់​កាត់​ក្តី​ទៅ បើ​កាត់​មិន​ដាច់​បញ្ជូន​ទៅ​តុលាការ​កំពូល​ទៅ ហើយ​តុលាការ​កំពូល​សម្រេច​ហើយ គឺ​គ្មាន​ផ្លូវ​តវ៉ា​ទៀត»

ស្ថានភាព​អ្នក​រង​របួស​ទាំង​អស់​នៅ​មិន​ទាន់​បាន​ធូរ​ស្បើយ​ច្រើន​នៅ​ឡើយ​ទេ ដោយ​អ្នក​ខ្លះ​បាក់​ដៃ បាក់ជើង ខ្លះ​ទៀត​បាត់បង់​ស្មារតី​ក្លាយ​ទៅ​ជា​មនុស្ស​វិកលចរិត ធ្វើការ​អ្វី​មិន​កើត​ឡើយ។ ជនរងគ្រោះ​មួយ​ចំនួន​ក្លាយ​ជា​កូន​បំណុល​របស់​ធនាគារ ហើយ​ព្រួយបារម្ភ​ពី​បាត់បង់​ដីស្រែ​ចំការ និង​ផ្ទះសម្បែង​ទៀត​ផង ព្រោះ​ពួកគាត់​ថា គ្មាន​លទ្ធភាព​រក​ចំណូល​ដូច​មុន​ទៀត​ឡើយ។

អ្នកស្រី សុខា កំពុង​ឈរ​ផ្អែក​សសរ​ផ្ទះ និយាយ​ទាំង​មុខ​ស្រពោន​ថា គាត់​ក្លាយ​ជា​មនុស្ស​ពិការ​មិន​អាច​ធ្វើ​ការងារ​រក​ប្រាក់​ចំណូល​ដើម្បី​សង​ទៅ​ធនាគារ​ឡើយ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នោះ​មក។ អ្នកស្រី​ទើបតែ​លក់​ម៉ូតូ​មួយ​គ្រឿង​ដើម្បី​យក​ប្រាក់​សង​ធនាគារ ប៉ុន្តែ​នៅ​ថ្ងៃ​មុខ​មិន​ដឹង​ថា បាន​ប្រាក់​ឯ​ណា​បង់​ធនាគារ​ទៀត​នោះ​ទេ៖ «ខ្ញុំ​ដាច់​ជើង បាក់​ដៃ និង​ដាច់​ចង្កា ហើយ​បែក​ក្បាល​មិន​ទាន់​ជា​ឡើយ​ត្រូវ​ទៅ​ពេទ្យ​រាល់​ខែ។ ដៃ​ខ្ញុំ​ហូប​បាយ​ក៏​មិន​កើត​ដែរ។ កាល​មិន​ទាន់​របួស គឺ​ខ្ញុំ​និង​គ្រួសារ​ខ្ញុំ​អាច​រក​លុយ​បាន​មួយ​ខែ​ចំនួន ៥០០​ដុល្លារ ដល់​ពេល​របួស​ទៅ គឺ​បាន​តែ ១៧០​ដុល្លារ ដែល​ក្រុមហ៊ុន​អោយ​ចំ​នួន ៦​ខែ​ទេ ឥឡូវ​គេ​លេង​អោយ​ហើយ។ ៦​ខែ​ហើយ​ខ្ញុំ​ធ្វើ​ការ​មិន​កើត​ទេ ព្រោះ​ដេរ ត្រូវ​ការ​ប្រើ​ដៃ ប៉ុន្តែ​ដៃ​បាក់»

​អ្នកស្រី សុខា រំលឹក​ពី​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាល​ណោះ​ថា រថយន្ត​ក្រុង​របស់​វៀតណាម ហាក់​មាន​ចេតនា​សម្លាប់​កម្មករ​ខ្មែរ​តែម្ដង៖ «តៃកុង​ឡាន​ពួក​ខ្ញុំ បើក​មិន​លឿន​ទេ ប៉ុន្តែ​ដល់​ចំណុច​កើត​ហេតុ​ឡាន​ក្រុង​វៀតណាម បើក​យ៉ាង​លឿន​សំដៅ​បុក​ឡាន​ពួក​ខ្ញុំ​តែម្ដង។ បុក​លើក​ទី​មួយ គឺ​ឡាន​ខ្ញុំ​ទទឹង​ផ្លូវ ហើយ​កម្មករ​មិន​ទាន់​អី​ទេ ហើយ​ពួក​ខ្ញុំ​នាំ​ស្រែក​ពេញ​ឡាន  ក៏ប៉ុន្តែ​ស្រាប់តែ​ឡាន​ក្រុង​វៀតណាម បើក​បុក​ម្ដង​ទៀត​អូស​ឡើង​ឆ្ងាយ ពេល​នោះ​ហើយ​ដែល​ខ្ញុំ​សន្លប់​លែង​ដឹង​អ្វី​ទាំង​អស់»

ក្នុង​មាត្រា ៨៥ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​បាន​ចែង​ថា អ្នក​បើកបរ​ដែល​បង្ក​អោយ​មាន​អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ពី ៤​លាន ទៅ ១៥​លាន​រៀល។ ទោស​នេះ​នឹង​ត្រូវ​ផ្ដន្ទាទោស​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ ពិន័យ​ពី ១០​លាន​រៀល ដល់ ២៥​លាន​រៀល ប្រសិនបើ​បណ្ដាល​អោយ​មាន​អ្នក​ស្លាប់​ច្រើន​នាក់ ឬ​ករណី​ផ្សេងៗ​មួយ​ចំនួន​ទៀត។

​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ខេត្ត​ស្វាយរៀង មាន​ប្រសាសន៍​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ស្វាយរៀង​នេះ គឺ​ជា​បទពិសោធន៍​ដ៏​អាក្រក់​ដែល​អាជ្ញាធរ​ខ្មែរ​គួរ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​អោយ​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ឈប់​សោកនាដកម្ម​នៅ​តាម​ដង​ផ្លូវ៖ «សូម​អោយ​គោរព​ច្បាប់​ទាំង​អស់​គ្នា។ ដោយ​ឡែក​យើង​មើល​ឃើញ​ថា ឡាន​ក្រុង​វៀតណាម បើ​បើក​ចូល​ដី​ខ្មែរ​លឿន​ដូច​ហោះ ប៉ុន្តែ​ដល់​ពេល​ចូល​ដល់​វៀតណាម​វិញ គឺ​យឺត​ដូច​ដើរ​។ ទង្វើ​តៃកុង​ឡាន​វៀតណាម​ក្តី តៃកុង​ខ្មែរ​ក្តី ប្រហែលជា​គិត​ថា បើក​លឿន​នៅ​ស្រុក​ខ្មែរ​ដោយសារ​ច្បាប់​នៅ​ស្រុក​ខ្មែរ​មិន​សូវ​ទទួល​បាន​ការ​គោរព»

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​ធ្វើ​ឱ្យ​ខាត​បង់​សេដ្ឋកិច្ច​ជាតិ​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជាង ១​ម៉ឺន​នាក់​ជា​រៀង​រាល់​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។