Monaco ឲ្យ Chelsea ៣៥​ លាន​យក​​លោក Mourinho

ក្រុម​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ បាន​ច្រាន​ចោល​នូវ​សំណើរ​លើ​ចំនួន​ទឹក​ប្រាក់​រហូត​ដល់​ទៅ ៣៥ ​លាន​ផោន​ពី​ក្រុម​បាល់ទាត់ Monaco សម្រាប់​នាំ​យក​គ្រូបង្វឹក Jose Mourinho ពី​ក្រុម​តោ​ខៀវ​​នេះ។

Jose

លោក Alessandro Proto ដែល​ជា​ម្ចាស់​ភាគហ៊ុន​របស់​ក្រុម​បាល់ទាត់​ Monaco នៅ​លីក​កំពូល​បារាំង បាន​អះ​អាង​ថា​ ​លោក​បាន​ជួប​លោក Roman Abramovich ម្ចាស់​ក្លឹប Chelsea នៅ​ទី​ក្រុង​ឡុងដ៏ ​និយាយ​ពី​ការ​នាំ​យក​ លោក Jose Mourinho ហើយ​បាន​ជឿ​ប្រាកដ​ក្នុង​ចិត្ត​ថា ប្រសិន​បើ​ដំឡើង​​តម្លៃ​ដល់ ៧១ ​លាន​ផោន​ ប្រហែល​ជា​អាច​ឆក់​យក​អ្នក​ចាត់ការ​កំពុង​រង​សំពាធ​សញ្ជាតិ​ព័រទុយហ្គាល់​ នេះ​បាន​។

តាម​ការ​ឲ្យ​ដឹង Monaco ​បាន​ស្នើ​រ​ទិញ​ផ្តាច់​កិច្ច​សន្យា​របស់​លោក Mourinho ​ក្នុង​ទឹក​ដី​នៃកីឡដ្ឋាន Stamford Bridge រហូត​ដល់​ឆ្នាំ ២០១៩ នោះ​។

បុរស​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​ក្រោយ​ ពី​ក្រុម​របស់​លោក​ចាប់​ផ្តើម​រដូវ​កាល​មួយ​ដ៏​គួរ​ឲ្យ​សង្វេគ ខណៈ Chelsea ប្រកួត​ ១១​ប្រកួត​មាន​តែ​ ១១​ ពិន្ទុ​ប៉ុណ្ណោះ គិត​ត្រឹម​សប្តាហ៍​ទី ​១១​ នា​រដូវ​កាល​នេះ។ ម្ចាស់​ជើង​ឯក​ឆ្នាំ​មុន​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី ​១៥ នៃតារាង Premier League​។

លោក Mourinho ​ធ្លាប់​បាន​សន្យា​ថា​ នឹង​មិន​ដើរ​ចេញ​ពី​ក្លិប​នេះ​ទេ ​ប៉ុន្តែ​ធ្លាប់​មាន​​​គេ​និយាយ​ថា​ អ្នក​ចាត់ការ​ដែល​មាន​រហ័សនាម Special One មាន​ពីរ​ប្រកួត​ទៀត​ប៉ុណ្ណោះ​សម្រាប់​ឳកាស​រក្សា​តំណែង​របស់​ខ្លួន​បន្ត​ទៀត ​បាន​។

លោក Abramovich ម្ចាស់​ក្លឹប Chelsea បាន​ច្រាន​ចោល​នូវ​សំណើរ​នេះ​ទាំង​ស្រុង​ ប៉ុន្តែ​ម្ចាស់​ភាគ​ហ៊ុន Monaco ​មាន​ការ​ជឿ​ជាក់​ថា ​សេដ្ឋី​រុស្ស៊ី ​ម្ចាស់​ក្លិប Chelsea អាច​នឹង​មាន​ការ​ចាប់​អារម្មណ៍ ​ប្រសិន​បើ​មាន​ការ​ផ្តល់​ជូន​កើន​ឡើង​ទ្វេ​ដង​រហូត​ដល់ ៧១​ លាន​ផោន​នោះ​៕