Bale របួស ខណៈ​វ៉ែល ត្រូវ​ជួប​ហូឡង់​

Gareth Bale ដែល​ជា​កីឡាករ​ជួរ​មុខ​របស់ Real Madrid នឹង​ត្រូវ​ខក​ខាន​ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ជម្រើស​ជាតិ​ប្រទេស​វ៉ែល និង​ហូឡង់​នៅ​ទីក្រុង Cardiff ភាគ​ខាង​ត្បូង​នៃ​ប្រទេស វ៉ែល នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា​នោះ​ឡើយ​ដោយសារ​បញ្ហា​របួស​នៅ​មិន​ទាន់​អាច​ចូល​លែង​វិញ​បាន​។

Bale-Injured

កីឡាករ​ល្បឿន​លឿន Gareth Bale មិន​បាន​ចូល​លេង​តាំង​ពី​ថ្ងៃ​ទី ១៧ ខែ​តុលា​កន្លង​ទៅ​ បន្ទាប់​ពី​មាន​បញ្ហា​របួស​សាច់​ដុំ​កំភួន​ជើង​រើ​ឡើង​វិញ​។

អតីត​កីឡាករ Spur វ័យ​ ២៦​ ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ចុង​ក្រោយ​នៅ​ក្នុង​ការ​ប្រកួត​តង់​ទី​មួយ​ ដែល​អធិរាជ​ស Real Madrid បាន​យក​ឈ្នះ​ក្រុម Levante ក្នុង​លទ្ធផល ៣-០ នៅ​ ៤​ ថ្ងៃ​បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​ប្រទេស​វ៉ែល ធ្វើ​ពិធី​ជប់​លៀង​នៅ​ទីក្រុង Cardiff សម្រាប់​ការ​អបអរ​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ចូល​លេង​ក្នុង Euro ២០១៦​។

ទន្ទឹម​គ្នា​នេះ​ដែរ​ កីឡាករ​សញ្ជាតិ​វ៉ែល​ឆ្នើម​ម្នាក់​ទៀត​គឺ Aaron Ramsey របស់​ក្រុម​កាំភ្លើង​ធំ Arsenal ក៏​ត្រូវ​ខក​ខាន​ការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​នៅ​ឯ​កីឡដ្ឋាន Cardiff City នេះ​ដែរ ដោយសារ​របួស​សរសៃ​ពួរ​។

ចំណែក​ឯ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Reading កីឡាករ Hal Robson-Kanu និង​ខ្សែ​ការពារ​ក្រុម Fulham កីឡាករ Jazz Richards របស់​ជម្រើស​ជាតិ​វ៉ែល​ក៏​កំពុង​ត្រូវ​បាន​ញ៉ាំ​ញី​ដោយសារ​របួស​ផង​ដែរ​។

ខណៈ​ពេល​ដែល​ខ្សែ​ការពារ​របស់​ក្រុម Newcastle កីឡាករ Paul Dummett និង​ខ្សែ​ប្រយុទ្ធ​ក្រុម Walsall កីឡាករ Tom Bradshaw បាន​ត្រូវ​កោះហៅ​ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ​សម្រាប់​ជំនួន​មិត្ត​ ភាព​នេះ​ផង​ដែរ៕