គេ​កាប់​រយះ​ក្បាល​ខំ​រត់​ទាំង​ហូរ​ឈាម​ពេញ​ខ្លួន តែ​ត្រូវ​ច្រឡំ​ថា​ចោរ វាយ​២-៣​ដៃ​បន្ថែម​ទៀត

រាជធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​​មក​​លេង​​ផ្ទះ តែ​​ពូ​​មិន​​នៅ​​ចុះ​​មក​​វិញ​ ក៏​ត្រូវ​យុវជន​​៣​នាក់​​​​ទៀត យក​កាំបិត​ប៉័ងតោ​​កាប់រ​យះ​​ក្បាល​​ហូ​រ​ឈាម​ពេញ​ខ្លួន ដែល​ហេតុការណ៍​នេះ​ បង្ក​ឱ្យ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១ ​និង​២០​នាទីរសៀល​ថ្ងៃ​ទី​០៥ វិ​ច្ចិ​កា ២០១៥ ស្ថិត​​​តាម​​​បណ្ដោយ​ផ្លូវ​មុនីវង្ស ក្នុងសង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​ ។

ប្រភព​បានឱ្យ​ដឹងថា ជន​រង​គ្រោះ​​ឈ្មោះពិន រ៉ា ​អាយុ​២២​ឆ្នាំ ស្នាក់​​នៅ​ម្ដុំ​ផ្លូវ​កម្ពុជា​​ក្រោម ​​។

យោង​​តាម​សម្ដី​របស់​ជន​រង​គ្រោះ​បាន​​ឱ្យ​​ដឹង​​ថា ​មុន​ពេល​កើតហេតុ ​ខ្លួន​បាន​ឡើង​ទៅ​លេង​​ផ្ទះ​ពូ​នៅ​ម្ដុំ​ផ្សារ​​តាប៉ាង​ ក្នុង​​សង្កាត់​ផ្សារ​ថ្មី​៣ ពេល​ឡើង​​ទៅ​ដល់​ផ្ទះ​ពូ​​​របស់​ខ្លួន​បាន​​បិទទ្វារ ព្រោះ​ពូ​មិន​នៅ ក៏​ចុះ​​ត្រឡប់​មក​វិញ ខណៈនោះ​ស្រាប់តែ​មាន​យុ​វជន​មួយ​ក្រុម​មាន​គ្នា​៣ ​ទៅ​៤​នាក់ បាន​យក​កាំបិតប៉័ងតោ​​កាប់រយះ​​ក្បាល​ហូ​រឈាម​ពេញ​ខ្លួន ។ ពេល​នោះ​ជន​រង​គ្រោះ ​បាន​ព្យាយាម​រត់​ ដើម្បី​ឱ្យ​គេ​​ជួយ​តាម​បណ្ដោយ​ផ្លូវ​មុនី​វង្ស តែ​បែរជា​ប្រជាពលរដ្ឋ​នាំ​គ្នា​ច្រឡំ​ថា​ ជា​ចោរ​ទៅ​វិញ ក៏​ត្រូវ​ប្រជាពលរដ្ឋ​វាយ​ម្នាក់​មួយ​ដៃ​​មួយ​ជើង​​បន្ថែម​​ទៀត ​។ 

បន្ទាប់​មក ​ជន​រង​គ្រោះ​ក៏​​​​​ព្យាយាម​រត់​មក​ដល់​ប៉ុ​សិ៍្ត​នគរបាល​បឹង​រាំង ដើម្បី​ឱ្យ​​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ ។ បច្ចុប្បន្ន ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ ។ ចំណែក​​​យុវជន​៣​ ទៅ​៤នាក់​ដែល​បង្ក​ ត្រូវ​​កម្លាំង​​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ​​សញ្ញា ដើម្បី​​​ចាត់ការ​តាម​នីតិវិធី​ ​៕