បាក់​អគារ​រោងចក្រ​មួយ​នៅ​ប៉ា​គី​ស្ថាន​ស្លាប់​16​នាក់

បណ្តាសារ​ព័ត៌មាន និង​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​១៦​នាក់​ស្លាប់ និង​៧៥​នាក់​ទៀត​រង​របួស កាលពី​យប់​ថ្ងៃ​ទី​៤ វិច្ឆិកា ដោយសារ​ការ​បាក់​អគារ​រោងចក្រ​កម្ពស់​៤​ជាន់​មួយ​ស្ថិត​ក្នុង​ទីក្រុង​ឡា​ហ័​រ​របស់​ប៉ា​គី​ស្ថាន ។

យោង​តាម​លោក MUHAMMAD USMAN អ្នក​ទទួលខុសត្រូវ​ខាង​ការ​សម្របសម្រួល​ក្រុង​ឡា​ហ័​រថា មនុស្ស​ប្រមាណ​ជា​៣០​នាក់​កប់​ក្នុង​គំនរ​បាក់បែក​នៅឡើយ ហើយ​បណ្តា​ក្រុម​ជួយ​សង្គ្រោះ​កំពុង​ខិតខំ​កាយ​យក​ពួក​គេ​ចេញ ។

គ្រោះថ្នាក់​នេះ​កើត​មាន​ខណៈ​ពេល​កម្មករ​សំណង់​កំពុង​សាងសង់​អគារ​នេះ​នៅ​ក្រុង​ឡា​ហ័​រ ទីប្រជុំជន​ខេត្ត PENDJAB ។ អ្នក​របួស​ទាំងអស់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ភាគច្រើន​ត្រូវ​បាក់ជើង​បាក់ដៃ ។ ពេល​កើត​មាន​គ្រោះថ្នាក់​នេះ កម្មករ​ប្រមាណ​ជា​១៥០​នាក់​ស្ថិត​ក្នុង​រោងចក្រ​ផលិត​ថង់​ពី POLYETHYLENE ។

មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅ​ពុំ​ទាន់​ដឹង​ភ្លាម​ៗ​នៅឡើយ តែ​បណ្តា​កម្មករ​រង​របួស​អះអាង​ថា ម្ចាស់​អគារ​នេះ​ពុំ​មានការ​អនុញ្ញាត​ឱ្យ​សង់​ជាន់​ទី​៤ ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា​តែ​នៅ​មានៈ ទោះបី​មានការ​ព្រមាន​នានា​ក្តី ។

ម្ចាស់​រោងចក្រ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​នៅ​ជាប់​ក្រោម​គំនរ​បាក់បែក​នៅឡើយ ។

ប្រធានាធិបតី​ប៉ា​គី​ស្ថាន លោក MAMNOON HUSSAIN និង​នាយក​រដ្ឋមន្ត្រី​លោក​ណា​វ៉ាស់ សារី​ហ្វ បាន​សម្តែង​នូវ​ការ​ក្រៀមក្រំ​ក្រោយ​គ្រោះថ្នាក់​នេះ ហើយ​បាន​ណែនាំ​ឱ្យ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ ៕