ក្រោយ​សោកនាដកម្ម​មក​ពី​ភ្លើង​ឆេះ​ក្នុង​ហាង​ឌី​ស្កូ​មួយ នាយក​រដ្ឋមន្ត្រី​រូ​ម៉ា​នី​សុំ​លាលែង

ប៉ុន្មាន​ថ្ងៃក្រោយ​ការ​ឆេះ​ក្នុង​ហាង​ឌី​ស្កូ​មួយ​នៅ​រដ្ឋធានី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់ នាយក​រដ្ឋមន្ត្រី​រូ​ម៉ា​នី លោក​វិក​ទ័​រ ប៉ុន​តា បាន​សុំ​លាលែង​កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា ក៏​ប៉ុន្តែ​ទោះបី​មានការ​សុំ​លាលែង​បែប​នេះ​ក្តី ក៏​មនុស្ស​ជា​ច្រើន​សិប​ពាន់​នាក់​បន្ត​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ប្រទេស​ទាមទារ​ឱ្យ​មានការ​ផ្លាស់​ប្តូរ ដោយ​ស៊ីជម្រៅ​ក្នុង​ចំណោម​អ្នកនយោបាយ ។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ផ្សាយ​តាម​ទូរទស្សន៍ លោក​វិក​ទ័​រ ប៉ុន​តា ប្រកាស​ថា ខ្ញុំ​សូម​បញ្ចប់​អាណត្តិ​របស់ខ្ញុំ​ជា​នាយក​រដ្ឋមន្ត្រី ។ ខ្ញុំ​សង្ឃឹមថា ការ​សុំ​លាលែង​របស់​រដ្ឋាភិបាល​នឹង​ជា​ការ​ពេញចិត្ត​របស់​បណ្តា​មនុស្ស​ដែល​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​លោក​លាលែង ។

លោក​គូសបញ្ជាក់​ទៀត​ថា ខ្ញុំ​អាច​កត់សម្គាល់​ឃើញ​នូវ​កំហឹង​ដែល​កើត​មាន​ក្នុង សង្គម ។

ក្នុង​ពេល​ប្រគំ​តន្ត្រី​រ៉ុ​កមួយ​ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​កាលពី​យប់​ថ្ងៃ​ទី​៣០ តុលា ក្នុង​ហាង​ឌី​ស្កូ COLECTTV ស្ថិត​នៅ​កណ្តាល​ក្រុង​ប៊ុ​យ​កា​រ៉េ​ស ដែល​បើ​តាម​តុល្យការ​ចុង​ក្រោយ​ថា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​៣២​នាក់ និង​របួស​ជិត​២០០​នាក់ ។

ទោះបី​មានការ​លាលែង​របស់​រដ្ឋាភិបាល​ក្តី ក៏​មនុស្ស​ជាង​៣០.០០០​នាក់​បន្ត​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ក្នុង​រដ្ឋធានី ព្រមទាំង​ក្នុង​ទីក្រុង​ធំ​ៗ​ជា​ច្រើន​ទៀត ២​ថ្ងៃ​ជាប់​ៗ​គ្នា​ហើយ ។

បាតុករ​ម្នាក់​និ​យា​ប្រាប់ AFP ថា មនុស្ស​ម្នា​ចង់ឱ្យ​មានការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​មួយ រួច​ការ​សុំ​លាលែង​ពុំ​ទាន់​គ្រប់គ្រាន់​ឡើយ ៕