ឡុង សុភី​ និង​ កែវ រំចង់ ទៅ​​វ៉ៃ​នៅ​​ Thai Fight ​ថ្ងៃ​ទី​៣១​ ធ្នូ ជា​មួយ​គ្នា​​

ឡុង សុភី​ និង​ កែវ រំចង់ ទៅ​​វ៉ៃ​នៅ​​ Thai Fight ​ថ្ងៃ​ទី​៣១​ ធ្នូ ជា​មួយ​គ្នា​​

​អ្នក​ប្រដាល់​ជំនាញ​ប្រើ​ជង្គង់ ឡុង សុភី​ ប៉ះ Saen Chai ស្រប​ពេល​​​ជើង​ខ្លាំង​​ចិត្ត​សឿង​ កែវ រំចង់ ​ជួប​​ Iquezang ក្នុង​កម្មវិធី​ Thai Fight ​នៅ​​​ទឹក​ដី​ប្រទេស​ថៃ​​លើ​​សង្វៀន​តែ​មួយ​នា​ថ្ងៃ​ទី៣១​ ខែ​ធ្នូ​ឆ្នាំ​២០១៥ ខាង​មុខ​នេះ។

 

ឡុង សុភី​ និង​ កែវ រំចង់ ទៅ​​វ៉ៃ​នៅ​​ Thai Fight ​ថ្ងៃ​ទី​៣១​ ធ្នូ ជា​មួយ​គ្នា​​
កីឡាករ ឡុង សុភី

 

មុន​នេះ​បន្តិច​ ឡុង សុភី បាន​ឲ្យ​ដឹង​តាម​ទូរសព្ទ​​ថា ​រូប​គេ​​កំពុង​ហ្វឹកហាត់​ត្រៀម​​ខ្លួន​ចេញ​ទៅ​ប្រកួត​ក្នុង​កម្ម​វិធី Thia Fight ​នៅ​ប្រទេស​ថៃ។ ​ជើង​ខ្លាំង​រូប​នេះ​​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៧គីឡូក្រាម​ ដែល​ពេល​នេះ​ចាំ​បាច់​ត្រូវ​សម្រក​ទម្ងន់​១.៥គីឡូក្រាម​។ របៀប​ប្រកួត​របស់​ Saen Chai ​​​ជើង​ខ្លាំង​ប្រដាល់​សេរី​របស់​កម្ពុជា​ ឡុង សុភី ធ្លាប់​បាន​មើល​តាម​រយៈ​វីដេអូ​​ខ្លី​ក្នុង​ Youtube ​ដោយ​គិត​ថា​​គ្មាន​អ្វី​អស្ចារ្យ​​ឡើយ។

​ម្ចាស់​ខ្សែក្រវាត់​ ៦​គ្រឿង​រូប​នេះ​បន្ត​ថា ​​រូប​គេ​មាន​បំណង​ចង់​ចូល​រួម​ប្រកួត​កម្មវិធី​ Thai Fight យូរ​មក​ហើយ​ ប៉ុន្តែ​គ្មាន​ឱកាស។ មូល​ហេតុ​ធំ​ដែល​ធ្វើ​ឲ្យ​ជើង​ខ្លាំង​ជំនាញ​ប្រើ​ជង្គង់​រូប​នេះ​ចង់​ចូល​រួម​ ពី​ព្រោះ​​​ប្រទេស​លើ​ពិភព​លោក​​មួយ​ចំនួន​បាន​ស្គាល់​យ៉ាង​ច្បាស់​ពី​​​​កម្ម​វិធី​របស់​​ថៃ​មួយ​នេះ​ ហើយ​​រូប​គេ​​ចង់​បង្ហាញ​​ប្រទេស​ដទៃ​​ឲ្យបាន​ដឹង​ពី​កម្រិត​ក្បាច់​គុន​របស់​ខ្មែរ​​លើ​ឆាក​អន្តរជាតិ​​ផង​ដែរ។

 

​​កូន​សិស្ស​​ក្នុង​ក្លិប​សាលវ័ន​​កីឡា​រូប​នេះ​បន្ថែម​ថា ​​ឯក​សារ​​ចេញ​ទៅ​ប្រកួត​ Thai Fight ​បាន​ដាក់​ស្នើ​ដល់​សហព័ន្ធ​កីឡា​ប្រដាល់​​កម្ពុជា​រួច​រាល់​ រង់​ចាំ​តែ​ការ​​​​​អនុញ្ញាត​របស់​សហព័ន្ធ​​​​​​ និង​ខាង​អ្នក​រៀប​ចំ​កម្មវិធី​ប្រាប់​ពី​ការ​​​ធ្វើ​ដំណើរ​​តាម​មធ្យោបាយ​អ្វី​ប៉ុណ្ណោះ។

 

ក្រៅ​ពី​​អ្នក​ប្រដាល់​​ខ្លាំង​ជង្គង់​ ឡុង សុភី ​​ប្រកួត​ជា​មួយ​កីឡាករ Saen Chai ​ក្នុង​កម្ម​វិធី​ខាង​លើ​នេះ​ កីឡាករ​ប្រដាល់​សេរី​​ចិត្ត​សឿង​ កែវ រំចង់ ​ក៏​​ត្រូវ​ចេញ​ទៅ​ប្រកួត​លើ​សង្វៀន​ Thai Fight ​នៅ​ប្រទេស​ថៃ​​​នេះ​ដែរ ដើម្បី​សង​សឹក​​ជា​មួយ​កីឡាករ Iquezang Kor Rungthanakeat ​ ​ដែល​បាន​ប្រកួត​​​ចាញ់​​ពិន្ទុ​នៅ​ប្រទេស​វៀតណាម​​កាល​ពី​​ពេល​កន្លង​ទៅ​ក្នុង​កម្មវិធី​តែ​មួយ​លើ​សង្វៀន​តែ​មួយ៕

 

ឡុង សុភី​ និង​ កែវ រំចង់ ទៅ​​វ៉ៃ​នៅ​​ Thai Fight ​ថ្ងៃ​ទី​៣១​ ធ្នូ ជា​មួយ​គ្នា​​

កែវ រំចង់ និង Iquezang ពេល​ប្រកួត​នៅ​ប្រទេស​វៀតណាម

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

​​​