សម្តេចតេជោ ហ៊ុន សែន ព្រមាន បង្ហោះសារ សុំទោស របស់លោក សម រង្ស៊ី លើ Facebook

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បត្តិ៍នេះ បានព្រមានបង្ហោះសារ សុំទោសរបស់លោក សម រង្ស៊ី នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook បើសិនជាមេបក្សប្រឆាំងរូបនេះ បានធ្វើអ្វីខុសនឹងពាក្យ សម្តី ដែលខ្លួនបានសន្យាជាមួយសម្តេច ។

សម្តេចបានថ្លែងថា « ឯកឧត្តម សម រង្ស៊ី អើយ ! ឯកឧត្តមបានវ៉ៃ SMS សុំទោសខ្ញុំ បើសិនជា ឯកឧត្តមហ៊ាន ប្រថុយប្រថាន បំពានទៅលើអ្វីដែលឯកឧត្តម សុំទោសខ្ញុំនេះ ខ្ញុំនឹងបង្ហោះតាមFacebook » ។

សម្តេចនាយករដ្ឋមន្រ្តី បានអះអាងថា លោក សម រង្ស៊ី បានផ្ញើសារសុំទោស ទៅសម្តេចកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ គឺមុនបាតុកម្មទាមទារទម្លាក់ លោក កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភាមួយថ្ងៃ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឱ្យលោក សម រង្ស៊ី គ្រប់គ្រងអ្នកក្រោមបង្គាប់ឱ្យបានល្អ និងទប់ស្កាត់នូវការប្រើប្រាស់ពាក្យជេរ ប្រមាថមកលើរាជរដ្ឋាភិបាល ។

សូមជំរាបថា ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ខណៈសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញអធិបតីភាព បើកសម្ពោធ «គម្រោងការពារទឹកជំនន់ និងកែលំអ ប្រព័ន្ធប្រឡាយលូ» នៅទីតាំងសួនច្បារ មុខវត្តបទុមវត្តី ដោយថ្លែងអំពីមូលហេតុខាងលើនេះ ៕