ភូមិន្ទរដ្ឋបាល​បើកសិក្ខា​សាលា​ពិគ្រោះ​យោបល់​ការវាយ​តម្លៃ​តម្រូវការ និង​ការតម្រង់​ទិស​សម្រាប់​ការ​បណ្តុះ​បណ្តាល​ក្នុងសាលា

ភ្នំពេញ៖ សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ បានបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការវាយតម្លៃតម្រូវការ និងការតម្រង់ទិសសម្រប់ បណ្តុះបណ្តាល មន្ត្រីនៅក្នុងសាលាភូមិន្ទរដ្ឋបាល នាភោជនីយដ្ឋានទន្លេបាសាក់២។

ថ្លែងក្នុងសិក្ខាសាលានោះ នាយកសាលាភូមិន្ទរដ្ឋបាល លោក យក់ ប៊ុនណា បានលើកឡើងថា សិក្ខាសាលានេះ នឹងត្រូវដំណើរការទៅដោយការផ្សាភ្ជាប់ ជាមួយនូវបទបង្ហាញពាក់ព័ន្ធស្ថានភាពបច្ចុប្បន្ន នៃសាលាភូមិន្ទរដ្ឋបាល កិច្ចសហការរវាងសាលាភូមិន្ទរដ្ឋបាលជាមួយក្រសួងស្ថាប័ន និងការពិនិត្យមើលអំពីដំណើរការ នៃការសិក្សា។

លោកបានបន្តថា “ជាមួយគ្នានេះ សមាជិក សមាជិកការនៃអង្គសិក្ខាសាលា នឹងត្រូវអញ្ជើញឲ្យចូលរួមតាមក្រុមពិភាក្សា ផ្អែកលើកម្រងសំណួរ ដែលតាមត្រៀមទុកជាស្រេច។ គំនិតផ្តួចផ្តើមថ្មីៗ នឹងត្រូវបានលើកទឹកចិត្ត សម្រាប់ការពិភាក្សា ដើម្បីជាវិភាគទានដល់ការបង្កើនសក្តានុពលនៃសាលាភូមិន្ទរដ្ឋបាល ជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈប្រកបដោយកិត្យានុភាព និងទទួលបានការទុកចិត្តដោយពេញលេញពីមន្ត្រីរាជការ និងសាធារណជន”។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល លោក ពេជ្រ ប៊ុនធិន បានមានប្រសាសន៍ថា សិក្ខាសាលានេះ គឺជាភាពចាំបាច់របស់ ក្រសួងមុខងារសាធារណៈ ដែលមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការផ្ទាល់ ត្រូវរៀបចំខ្លួនដើរតួយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ និងរួមចំណែក ដែលទី១. ត្រូវរៀបចំមុខងារសាធារណៈ និងទី២. ធ្វើទំនើបកម្មមុខងារសាធារណៈរបស់រដ្ឋឲ្យក្លាយទៅជាមុខងារសាធារណៈ។

លោកបានបន្តថា “ការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល ត្រូវបានគ្រោងធ្វើការកែលម្អរ និងធ្វើទំនើបកម្មតាមរយៈការច្របាច់បញ្ចូលគ្នានូវ ទី១. ទស្សនាទាន នៃការអភិវឌ្ឍធនធានមន្ត្រីដែលប្រទេសនានាក្នុងតំបន់ និងលើពិភពលោកបានអនុវត្តប្រកបដោយផ្លែផ្ការួចហើយ, ទី២. ភាពចាំបាច់នៃទំនើបកម្មក្នុងរដ្ឋបាលសាធារណៈ ឲ្យស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍធនធានមនុស្ស, ទី៣. ចំណេះដឹងពីតម្រូវការជាក់ស្តែង និងទី៤. លទ្ធផល នៃការពិគ្រោះ មតិយោបល់ថ្ងៃនេះ”។

សូមបញ្ជាក់ថា ក្នុងបេសកកម្មរបស់ខ្លួន សាលាភូមិន្ទរដ្ឋបាលបានរៀបចំ និងផ្តល់នូវវគ្គបណ្តុះបណ្តាលរយៈពេលវែង និងខ្លីសម្រាប់បេក្ខជនដែលនឹងក្លាយខ្លួនជាមន្ត្រីរាជការ និងសម្រាប់មន្ត្រីរាជការដែលកំពុងបំពេញការងារស្រាប់។ ក្នុងនោះសាលាភូមិន្ទរដ្ឋបាល ផ្តល់វគ្គបណ្តុះបណ្តាលពីប្រភេទជាចំបង គឺទី១. វគ្គបណ្តុះបណ្តាលដំបូង និងទី២. វគ្គបណ្តុះបណ្តាលបន្ត៕

ភូមិន្ទរដ្ឋបាល​បើកសិក្ខា​សាលា​ពិគ្រោះ​យោបល់​ការវាយ​តម្លៃ​តម្រូវការ និង​ការតម្រង់​ទិស​សម្រាប់​ការ​បណ្តុះ​បណ្តាល​ក្នុងសាលា

ភូមិន្ទរដ្ឋបាល​បើកសិក្ខា​សាលា​ពិគ្រោះ​យោបល់​ការវាយ​តម្លៃ​តម្រូវការ និង​ការតម្រង់​ទិស​សម្រាប់​ការ​បណ្តុះ​បណ្តាល​ក្នុងសាលា

ភូមិន្ទរដ្ឋបាល​បើកសិក្ខា​សាលា​ពិគ្រោះ​យោបល់​ការវាយ​តម្លៃ​តម្រូវការ និង​ការតម្រង់​ទិស​សម្រាប់​ការ​បណ្តុះ​បណ្តាល​ក្នុងសាលា