YANMAR ក្លាយជា​ដៃគូ​ផ្លូវការ​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​សម្រាប់​ឆ្នាំ 2015-2016

រាជធានី​ភ្នំពេញ ៖ នៅ​គណៈកម្មាធិការ ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា មាន​រៀបចំ​ធ្វើ​សន្និសីទកាសែត​មួយ​ស្ដី​ពី​ការ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន YANMAR ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៥-២០១៦ ក្រោម​វត្តមាន​ចូលរួម​ពី​លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក Kohzo Tashima សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ FIFA និង​ជា​អនុប្រធាន​សហព័ន្ធ​បាល់ទាត់​ជប៉ុន និង​លោក Ken Araki តំណាង​ក្រុមហ៊ុន YANMAR ។

លោក​ខៀវ សា​ម៉េ​ត បាន​ថ្លែង​ថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មាន​បេសកកម្ម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន ។ ដើម្បី​សម្រេច​គោលដៅ​ដ៏​ធំ​នេះ សហព័ន្ធ​បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន ហើយ​ការ​អភិវឌ្ឍ​ក្រុម​ជម្រើសជាតិ​គឺជា​ចំណុច​អាទិភាព​មួយ ។ ក្រៅពី​ការ​ហ្វឹកហាត់​ទៅ​តាម​ស្តង់ដារ​ច្បាស់លាស់ ក្រុម​ជម្រើសជាតិ​ត្រូវការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​មុន​នឹង​ចូលរួម​ប្រកួត​ជា​ផ្លូវការ ។ សហព័ន្ធ​បាន​ស្វែងរក​ដៃគូ​ឧបត្ថម្ភ​ជា​ច្រើន​ហើយ​ពេល​នេះ​សហព័ន្ធ​សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ក្រុមហ៊ុន YANMAR ដែល​បាន​ឧបត្ថម្ភ​ដល់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៥-២០១៦ ជាមួយនឹង​ទឹកប្រាក់​សរុប​៥០.០០០​ដុល្លារ​សហរដ្ឋអាមេរិក​។ ការ​ឧបត្ថម្ភ​នេះ​ជា​ចំណែក​មួយ​ជួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ក្នុង​ការ​រៀបចំ​ក្រុម​ជម្រើសជាតិ​ចូលរួម​ប្រកួត​ជម្រុះ​ពានរង្វាន់​ពិភពលោក​ឆ្នាំ​២០១៨ នៅ​ប្រទេស​រុ​ស្ស៊ី​។

លោក Kohzo Tahima បាន​មាន​ប្រសាសន៍​ថា ថ្ងៃនេះ​លោក​ពិតជា​មានចិត្ត​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ។ ក្នុង​នាមរូប​លោក​ជា​តំណាង​ឱ្យ​សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេស​ជប៉ុន លោក​តែងតែ​គាំទ្រ​ជា​និច្ច​ចំពោះ​រាល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ហើយ​លោក​នឹង​ព្យាយាម​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​លោក​អាច​ធ្វើ​បាន ។ លោក​សង្ឃឹមថា ថ្ងៃក្រោយ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​នឹង​មានការ​រីក​ចម្រើន​ដូច​បណ្ដា​ប្រទេស​ដទៃ​ទៀត​មិន​ខាន ។

លោក​Ken Araki បាន​មាន​ប្រសាសន៍​ថា ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ឱ្យ​បាន​ល្អ លោក​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ជួយ​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ។ លោក​បានឱ្យ​ដឹង​ទៀត​ថា YANMAR ធ្លាប់​ចូលរួម​លើក​ស្ទួយ​ក្រុមកីឡា​បាល់ទាត់​ជប៉ុន​ឈ្មោះ ShinJi Kagawa និង​បាន​ចាប់​យក​ជា​ដៃគូ​ជាមួយ​ក្រុមបាល់ទាត់​ដ៏​ល្បី​មួយ​របស់​អង់គ្លេស​គឺ Machester United នៅ​ក្នុង​ឆ្នាំ​១៩៥៧ ។ ពេល​នេះ លោក​មានសំណាង​ធ្វើ​ជា​ដៃគូ​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ហើយ​អ្វី​ដែល​អ្នកកាសែត​កម្ពុជា​សួរ​ថា តើ​ក្រុមហ៊ុនរបស់​លោក​មាន​គម្រោង​ជួយ​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា ឬ​អត់​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ0x017d7 លោក​បាន​ឆ្លើយ​ថា​លោក​នឹង​ពិចារណា​រឿង​នេះ​នៅ​ពេល​ក្រោយ ៕