​តាក់ស៊ី​កាម​រី​បា​ឡែ​ន​អ្នកបើកបរ​បើកទ្វារ​ចុះ​មិន​មើល​ក្រោយ​​ ​​ម៉ូតូ​មក​ដល់​បុក​របួស​ធ្ងន់

រាជ​ធានីភ្នំពេញ​ ៖ ​​រថយន្ត​តាក់ស៊ីម៉ាក​កាម​រី​បា​ឡែ​ន​​​ដឹក​គ្រឿង​សមុទ្រ១គ្រឿង​​​​​​អ្នកបើកបរ​​បើកទ្វារ​ចុះ​ដោយ​មិន​បាន​មើល​ក្រោយធ្វើ​ឱ្យ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បើក​មក​ដល់​គេច​មិន​ផុត​​បុក​ទាំង​កំរោល​បណ្តាល​ឱ្យ​រង​របួស​​ប្រអប់ជើងស្តាំ​ធ្ងន់​ធ្ងរ ​។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៥ ​វិច្ឆិកា​ ​២០១៥ នៅ​លើកំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​។

រថយន្ត​បង្ក​ម៉ាក​កាម​រី​បា​ឡែ​ន ព​ណ៍​ប្រផេះ​ ពាក់​ស្លាក​លេខ ភ្នំពេញ​2AC-7502​ ដឹក​គ្រឿង​សមុទ្រ អ្នកបើកបរ​មិន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ទេ ​ចំណែក​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់ ព​ណ៍​ខ្មៅ​ ពាក់​ស្លាកលេខ​ភ្នំពេញ 1AJ-8470​ បើកបរ​ដោយ​យុវជន​រង​គ្រោះ​ឈ្មោះ ទូច តុលា អាយុ១៩ឆ្នាំ ជា​និស្សិត​​ ស្នាក់​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​នោះ​បាន​​ធ្វើ​ដំណើរក្នុងទិស​ដៅ​ពី​លិចទៅ​កើតដឹក​គ្រឿង​សមុទ្រ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ដាក់​ឲ្យ​ម៉ូយនៅ​រាជធានី​ភ្នំពេញ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុបាន​ឈប់​ដាក់​ម៉ូយ ដោយ​ឈប់​នៅ​លើ​ផ្លូវកៅស៊ូ ហើយ​អ្នកបើកបរ​បាន​បើកទ្វារ​ចុះ​មិន​មើល​ក្រោយ ស្រប​ពេល​នោះ​ជន​រង​គ្រោះបាន​ជិះ​ម៉ូតូ​ទៅ​ដល់​ក៏​​​បុក​ចំ​ទ្វារ​ពីក្រោយបណ្ដាលឲ្យ​រង​របួស​ប្រអប់ជើង​ខាងស្ដាំ​ដាច់​ដល់​ស​សៃ​ដូច​គេ​កាប់យ៉ាងធ្ងន់ធ្ងរ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះត្រូវ​បាន​ក្រុម​គ្រ​សារ​បញ្ជូនទៅ​កាន់​គលីនិក​ឯកជនដែល​ស្ថិត​នៅ​ក្បែរ​កន្លែង​កើតហេតុ​ដើម្បី​សង្គ្រោះ​បន្ទាន់ភ្លាម​ៗ​ដែរ ប៉ុន្តែ​ដោយសារ​របួសធ្ងន់​ពេក​ទើប​បញ្ជូន​បន្ត​ទៅ​កាន់​ម​ន្ទ​រ​ពេទ្យ​នៅ​ភ្នំពេញ​វិញ​។​ មិនតែប៉ុណ្ណោះ ភាគី​ទាំង​ពីរ​មិន​បាន​ពឹងពាក់​ឲ្យ​ប៉ូលិសជួយ​ដឹង​ឮ ឬ​ធ្វើការ​វាស់វែង​តាម​ជំនាញ​នោះ​ឡើយ គឺ​បាន​ធ្វើការ​ដោះស្រាយ​គ្នា​ដោយ​ខ្លួនឯង​៕​