នាវា​ទំនើបជប៉ុន​ចូល​ចត​​​កំពង់​ផែស្វយ័ត​​ខេត្ត​ព្រះ​សីហនុ ​ដើម្បី​សិក្សា​ពី​វិស័យ​ជលផល​ក្នុង​ដែនសមុទ្រ​កម្ពុជា

​ខេត្ត​ព្រះសីហនុ ៖ មន្ត្រី​កំពង់​ផែ​ស្វយ័ត​ខេត្ត​​ បានឱ្យ​​ដឹង​ថា នាវា​ស្រាវជ្រាវ​ជលផល​​ជប៉ុន​​១គ្រឿង ​ឈ្មោះ TSKOYO YO MARU ជានា​វា​ប្រភេទ​ស្រាវជ្រាវ​របស់​សាកល​វិទ្យាល័យ​ជលផល​ជាតិ​នៃ​ប្រទេស​ជប៉ុន បាន​ចូល​ចត​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ កាលពី​ព្រឹក​ថ្ងៃ​ទី៥ ​វិច្ឆិកា ​២០១៥ ដើម្បី​​​សិក្សា​ស្រាវជ្រាវ​លើ​វិស័យ​ជលផល​នៅ​ក្នុង​ដែនសមុទ្រ​កម្ពុជា ​។

មន្ត្រី​​ដដែល​ បាន​បន្ត​​ថា នាវាទំនើប​ខាងលើ​នេះ​ មាន​បណ្តោយ​ប្រវែង៨៧,៥៩ម៉ែត្រ និង​ទទឹង​ប្រវែង១៣,៦០ម៉ែត្រ មានជម្រៅ​​ទឹក៥,៩០ម៉ែត្រ ផ្ទុក​​ទម្ងន់​២,៧០៣តោន មាន​ល្បឿន១៤ម៉ា​យ ក្នុង​១​ម៉ោង និងមាន​ផ្ទុក​មនុស្ស​ចំនួន​១០១នាក់ ក្នុង​នោះ​ មាន​នា​វិក​​​និង​គ្រូសរុប​ចំនួន៣៦រូប​ និង​មាន​សិក្ខាកាម​ជា​ជនជាតិ​ជប៉ុន​ចំនួន៥២​នាក់ ជនជាតិ​ថៃ​​២នាក់ និងជនជាតិ​ខ្មែរ​មាន​ចំនួន១១នាក់​ផង​ដែរ ។

គោលបំណង​នៃ​ការ​ចូល​ចត​​របស់​នា​វា​ខាង​លើនេះ ​​ដើម្បីសិក្សា​ស្រាវជ្រាវ​ជលផល​នៅ​ក្នុង​ដែនសមុទ្រ​កម្ពុជា និងដែនសមុទ្រ​ដែល​នាវា​ធ្វើ​ដំណើរ​ឆ្លងកាត់​ ។ តាម​ការ​គ្រោងទុកនៅ​ថ្ងៃ​ទី១០ ​វិច្ឆិកា ​២០១៥ នាវា​​នេះនឹង​ចេញ​​ដំណើរ​ទៅ​លំហ​សមុទ្រ​កម្ពុជា ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​វិស័យ​ជលផល​ក្នុង​ដែនសមុទ្រ​កម្ពុជា ​រហូត​ដល់​ថ្ងៃ​ទី ២១ ​វិច្ឆិកា ​២០១៥ ​នឹង​វិល​ត្រឡប់​មក​ចត​​នៅ​​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ​វិញ​ ។ លុះដល់​ថ្ងៃ​ទី២៤ ​វិច្ឆិកា ​២០១៥ នាវា​​នេះ​នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា ឆ្ពោះទៅ​កាន់​ប្រទេស​ជប៉ុន​វិញ ។

បើ​តាម​ការឱ្យ​​ដឹង នាវា​ខាងលើ​នេះ បាន​ធ្វើ​កិច្ចសហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខា​ប្រ​មា​ញ់ និងនេសាទ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​វិស័យ​ជលផល​ក្នុង​ដែនសមុទ្រ​កម្ពុជា ចាប់តាំងពី​អំឡុង​ឆ្នាំ២០១២មក​ម្ល៉េះ គឺ​១​ឆ្នាំ ​នាវា​ខាងលើបាន​ចូល​មក​ចត​ធ្វើការ​សិក្សា​ពី​វិស័យ​ជលផល​នៅ​កម្ពុជា ជា​ពិសេស​​ ដើម្បី​ឱ្យ​​សិក្ខាកាម​បាន​យល់​ដឹង​កាន់តែ​ច្បាស់​ពី​វិស័យ​ជលផល​ក្នុង​ដែនសមុទ្រ​កម្ពុជា ក៏​ដូច​ជា​នៅ​ក្នុង​ដែនសមុទ្រ​តំបន់​អាស៊ី​ផង​ដែរ​ ៕