អីុ​ស្រា​អែ​ល​ចង់ឱ្យ​អា​​មេ​រិ​ក​ផ្តល់​ជំនួយ​យោធា​1​ឆ្នាំ​5​ពាន់​លាន​ដុល្លារ

ប្រភព​ព័ត៌មាន​ជិតដិត​នឹង​សភា​អា​មេ​រិ​ក​រាយការណ៍​កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា ថា ប្រទេស​អុ​ី​ស្រា​អែ​ល​បាន​ស្នើ​ដល់​សហរដ្ឋ​អា​មេ​រិ​ក​ឱ្យ​ផ្តល់​ជំនួយ​យោធា​ដល់​ខ្លួន​ក្នុង​មួយ​ឆ្នាំ​៥​ពាន់​លាន​ដុល្លារ ខណៈ​កម្មវិធី​ជំនួយ​អា​មេ​រិ​ក​ដែល​មាន​ជា​ធរមាន​ឈាន​ទៅ​ផុតពេល​កំណត់ ។

កម្មវិធី​ផ្តល់​ជំនួយ​យោធា​នេះ​មាន​ទឹកប្រាក់​ជា​មធ្យម​៣​ពាន់​លាន​ដុល្លារ ហើយនឹង​ត្រូវ​ផុត​ក្នុង​ឆ្នាំ​២០១៧ ។ បណ្តា​អ្នក​ជំនួយការ​របស់​សភា​អា​មេ​រិ​ក​និយាយ​ថា រដ្ឋាភិបាល​អីុស្រា​អែ​ល​ចង់ឱ្យ​ទទួល​បានការ​ជួយ​ទ្រទ្រង់​ក្នុង​ទឹកប្រាក់​៥០​ពាន់​លាន​ដុល្លារ រយៈពេល​១០​ឆ្នាំ ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​នានា​ក្រោយ​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​រវាង អីុ​រ៉​ង់ និង​បណ្តា​មហាអំណាច​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​អីុ​រ៉​ង់ ។

យោង​តាម​អីុ​ស្រា​អែ​ល​ថា ការ​លុប​ចោល​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​អីុរ៉​ង់​អាច​ឱ្យ​ប្រទេស​នេះ​បង្កើន​ជំនួយ​របស់​ខ្លួន​ដល់​បណ្តា​ភាគី​ដែល​កំពុង​ប្រទូស្ត​រ៉ា​យ​គ្នា​នៅ​ស៊ី​រី លី​បង់ ដែនដី​ប៉ា​ឡេ​ស្ទី​ន និង​កន្លែង​ផ្សេង​ៗ​ទៀត ។

នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល​លោក​បេន​ចា​មីន នេ​តាន់ យ៉ា​ហ៊ូ ត្រូវ​ជួប​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នា​ស​ប្តា​ហ៍​ខាង​មុខ​នេះ ហើយ​បញ្ហា​នៃ​ការ​ជួយ​ទ្រទ្រង់​ខាង​យោធា​របស់​អា​មេ​រិ​ក​នឹង​ជា​កម្មវត្ថុ​នៃ​ការ​ពិភាក្សា​គ្នា ។

អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ម្នាក់​និ​យា​ថា មាន​លទ្ធភាព​តិច​ណាស់ ដែល​លោក​អូ​បា​ម៉ា យល់​ស្រប​ទាំងស្រុង​តាម​សំណើ​របស់​អីុ​ស្រា​អែ​ល​ដោយ​ពន្យល់​ថា ភាគី​ទាំង​២​អាច​ព្រមព្រៀង​លើ​ទឹកប្រាក់​ចន្លោះ​ពី​៤​ទៅ​៥​ពាន់​លាន​ដុល្លារ ៕