ពួក​អា​មេ​រិ​ក​និយាយ​ថា ទាហាន​រុ​ស្ស៊ី​ជិត​4.000​នាក់​មាន​វត្ត​មាននៅ​ស៊ី​រី

យោង​តាម​បណ្តា​អ្នក​ទទួលខុសត្រូវ និង​ពួក​អ្នកជំនាញ​ការ​អា​មេ​រិ​កថា ទាហាន​រុ​ស្ស៊ី​ជិត​៤.០០០​នាក់​មាន​វត្ត​មាននៅ​ស៊ី​រី ក៏​ប៉ុន្តែ​ទោះបី​មាន​វត្តមាន​របស់​កង​ទាហាន​ទាំងនេះ ឬ​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំងក្លា​របស់​កង​យន្តហោះ​រុ​ស្ស៊ី​ក៏​ដោយ កងទ័ព​រដ្ឋាភិបាល​ក្នុង​ការ​វាយលុក​ពុំ​ទាន់​ទទួល​បានការ​រុលទៅមុខ​គួរ​ឱ្យ​កត់សម្គាល់​នានា​នៅឡើយ ។

កងទ័ព​រុ​ស្ស៊ី​មាន​វត្ត​មាននៅ​ស៊ី​រី​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ រួច​រុ​ស្ស៊ី​មាន​ទាហាន​ប្រមាណ​២.០០០​នាក់​នៅ​ស៊ី​រី ពេល​ចាប់ផ្តើម​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​កាលពី​ថ្ងៃ​ទី​៣០ កញ្ញា ។

យោង​តាម​អ្នក​ទទួលខុសត្រូវ​អា​េ​ម​រិ​ក​៣​រូប​ថា កង​ទាហាន​រុ​ស្ស៊ី​ទទួល​រង​ការ​បាត់បង់​មនុស្ស ក៏​ប៉ុន្តែ​ប្រភព​ទាំងនេះ​ដែល​និយាយ​យោង​តាម​របាយការណ៍​របស់​ពួក​ភ្នាក់ងារ​ស៊ើបការណ៍​អា​មេ​រិ​ក​ពុំ​ដឹង​ថា តើ​ទាហាន​រុ​ស្ស៊ី​ប៉ុន្មាន​នាក់​ស្លាប់​ឬ​របួស​ឡើយ ។

ក្រសួងការបរទេស​រុ​ស្ស៊ី​បដិសេធ​ពុំ​បង្ហាញ​ពី​ចំនួន​ទាហាន​រុ​ស្ស៊ី​នៅ​ស៊ី​រី ឬ​ពី​ការ​បាត់បង់​ទាហាន​ឡើយ ។ យោង​តាម​វិមាន​ក្រឹម​ឡាំង​ថា កង​ទាហាន​រុ​ស្ស៊ី​ពុំ​ចូល​ប្រឡូក​ក្នុង​ការ​ប្រយុទ្ធ​នានា​នៅ​លើ​ដី ទោះបីជា​គ្រូបង្វឹក និង​បណ្តា​ទីប្រឹក្សាយោធា​មាន​វត្ត​មាននៅ​អែប​កងទ័ព​ស៊ី​រី​ក៏​ដោយ ។ ទាហាន​ស្លាប់​តែ​ម្នាក់​គត់​ដែល​រដ្ឋាភិបាល​រុ​ស្ស៊ី​ទទួលស្គាល់​គឺ​ការ​ស្លាប់​របស់​ទាហាន​ម្នាក់​ដែល​សម្លាប់​ខ្លួនឯង ។

យោង​តាម​អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថា មូលដ្ឋាន​សំខាន់​របស់​រុ​ស្ស៊ី​ស្ថិត​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ LATTAQUIE ។ យន្តហោះ​រុ​ស្ស៊ី​ទាំងអស់​ដាក់​ពង្រាយ​នៅ​ទីនោះ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​កងទ័ព​ស៊ី​រី និង​ពួក​ជីវពល​ស៊ី​អុ​ី​តម​ក​ពី​បរទេស ។ ទីតាំង​៣​ផ្សេង​ទៀត​គឺ​នៅ​ហា​ម៉ាសា​យ៉ា​ត និង​ទី​យ៉ា​ស ដែល​ប្រើ​ជា​មូលដ្ឋាន​សម្រាប់​កង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​រុ​ស្ស៊ី ។ កង​យន្តហោះ​រុ​ស្ស៊ី​នៅ​ស៊ី​រី​រួម​មាន​យន្តហោះ​ចម្បាំង​៣៤​គ្រឿង និង​ឧទ្ធម្ភាគចក្រ​១៦​គ្រឿង ។

ទោះបីជា​មានការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​របស់​រុ​ស្ស៊ី ក៏​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​ហាក់​នៅ​ពុំ​ទាន់​ទទួល​បានការ​រុលទៅមុខ​គួរ​ឱ្យ​កត់សម្គាល់​នៅឡើយ ។ ហេតុផល​បើ​តាម​បណ្តា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក និង​បណ្តា​អ្នក​ជំនាញការ​ឯករាជ្យ​ថា ភាពយឺត​យ៉ាវ​ក្នុង​ការ​រុលទៅមុខ​នេះ រួម​មានការ​បាត់បង់​ធ្ងន់ធ្ងរ​របស់​កងទ័ព​រដ្ឋាភិបាល ក្នុង​នោះ​មាន​បណ្តា​រថក្រោះ និង​រថពាសដែក​ឯទៀត​ៗ ដែល​ជា​គោលដៅ​សម្រាំង​សម្រាប់​ពួក​ឧទ្ទាម​ដែល​បំពាក់​ដោយ​មី​ស៊ី​ល TOW ប្រឆាំង​រថក្រោះ​ផលិត​នៅ​អា​មេ​រិ​ក ហើយ​ផ្តល់​ឱ្យ​ពួក​បះបោរ ដោយ​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

យោង​តាម​អ្នក​ជំនាញការ​ខាង​ស៊ើបអង្កេត​អា​មេ​រិ​កម្នា​ក់ថា ការ​វាយលុក​របស់​កងទ័ព​រដ្ឋាភិបាល​អាច​ទទួល​បាន​ជោគជ័យ ក៏​ប៉ុន្តែ​បើ​យូរ​ពេក នោះ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន អាច​ធ្វើការ​ជ្រើសរើស​ផ្សេង​ទៀត ។

ម្យ៉ាងទៀត កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា សហរដ្ឋ​អា​មេ​រិ​កបាន​ចោទប្រកាន់​រុ​ស្ស៊ី​ថា ធ្វើ​ឱ្យ​ធ្ងន់ធ្ងរ​ប្រកបដោយ​គ្រោះថ្នាក់​ចំពោះ​ជម្លោះ​នៅ​ស៊ី​រី​តាម​រយៈ​ការ​ទម្លាក់​គ្រាប់បែក ដែល​សម្លាប់​ជន​ស៊ី​វិល ធ្វើ​ឱ្យ​មានការ​កើនឡើង​នៃ​ជនភៀសខ្លួន ហើយ​ជួយ​ពង្រឹង​របប​ក្រុង​ដា​ម៉ាស់​ជា​ជាង​ធ្វើ​ឱ្យ​ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចុះ​ខ្សោយ ។

នៅ​លើ​ទីលាន​កងទ័ព​ស៊ី​រី​បាន​បំបែក​ការ​ឡោម​ព័ទ្ធ​ចាប់តាំងពី​២​ស​ប្តា​ហ៍​មក​ហើយ របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ក្នុង​សង្កាត់​នានា​ដែល​ខ្លួន​ត្រួតត្រា​នៅ​ក្រុង​អា​ឡែ​ប ដោយ​បើកផ្លូវ​គន្លឹះ​ត​ភ្ជាប់​តំបន់​ទាំងនេះ​ទៅ​កាន់​តំបន់​ឯទៀត​ៗ​របស់​ស៊ី​រី ។

ក្រោយ​ការ​ធ្លាក់​យន្តហោះ​រុ​ស្ស៊ី​នៅ​តំបន់​ស៊ី​ណៃ​អីុ អេ​ហ្ស៊ី​ប បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២២៤​នាក់​មក កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា កង​យន្តហោះ​រុ​ស្ស៊ី​បាន​បង្កើន​យ៉ាង​ខ្លាំង​នូវ​ការ​វាយប្រហារ​នៅ​ស៊ី​រី ។ ការ​វាយប្រហារ​ទាំងនេះ​ហាក់ដូចជា​បញ្ជាក់​ថា យន្តហោះ​នោះ​ផ្ទុះ​ធ្លាក់​ដោយសារ​ការ​វាយប្រហារ​ភេរវកម្ម​មួយ ហើយ​ក្រុង​មូ​ស្គូ​ធ្វើការ​សងសឹក ។ កង​យន្តហោះ​រុ​ស្ស៊ី​នា​ថ្ងៃ​ទី​៤ វិច្ឆិកា បាន​ចេញ​វាយប្រហារ​ជា​ច្រើន​លើក​លើ​សង្កាត់​នានា​នៃ​ទីក្រុង​ម៉ា​អា​រ៉ាត​ម៉ា​ស្រី​ុ​ន និង​ក្រុង​រ៉ា​ម ហាម​ដាន ក្នុង​ខេត្ត​អីុដ​លី​ប ៕