លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ថា ត្រៀម​ដឹកនាំ​រដ្ឋាភិបាល​បើ​ឈ្នះ​ឆ្នោត

មេដឹកនាំ​ប្រឆាំង​ភូមា លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ដែល​ធ្លាប់​ជាប់​ឃុំឃាំង​ក្នុងផ្ទះ​រយៈពេល​១៥​ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០១០ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ភូមា​ឈាន​ទៅ​ដឹកនាំ​ប្រទេស ។

កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា លោកស្រី​ស៊ូ​ជី អះអាង​ជា​ថ្មី​ថា លោកស្រី​នឹង​ដឹកនាំ​រដ្ឋាភិបាល ប្រសិនបើ​គណបក្ស​លោកស្រី​គឺ​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ LND ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​សភា​នា​ថ្ងៃ​ទី​៨ វិច្ឆិកា ខាង​មុខ​នេះ ។ ការ​បោះ​ឆ្នោត​នោះ​ដែល​គណបក្ស​លោកស្រី​សង្ឃឹមថា ជា​អ្នក​ឈ្នះ​ត្រូវ​បញ្ចប់​ដំណាក់កាល​ឆ្លងកាត់ ដែល​ជំរុញ​ក្នុង​ឆ្នាំ​២០១១ ដោយ​បណ្តា​អតីត​មេដឹកនាំ​យោធា​ភូមា ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ធំ​មួយ​មុន​ការ​បោះ​ឆ្នោត​នា​ថ្ងៃអាទិត្យ ទី​៨ វិច្ឆិកា នៅ​ឯ​ផ្ទះ​លោកស្រី​ក្នុង​ទីក្រុង​រ៉​ង់​ហ្គូ​ន លោកស្រី​ស៊ូ​ជី ថ្លែង​ថា ខ្ញុំ​នឹង​ដឹកនាំ​រដ្ឋាភិបាល ហើយ​យើង​នឹង​មាន​ប្រធានាធិបតី​មួយ​រូប​ដែល​នឹង​ធ្វើការ​ស្រប​តាម​គោលនយោបាយ​របស់​គណបក្ស LND​។

ដំណាក់កាល​ដំបូង​របស់​សភា​ថ្មី​នឹង​ជា​ការ​ជ្រើសរើស​ប្រធានាធិបតី​មួយ​រូប ដែល​នឹង​អាច​ធ្វើ​ក្រោយ​ខែមីនា ។ លោកស្រី​ស៊ូ​ជី ពុំ​អាច​ឈរឈ្មោះ​បាន ដោយសារ​មាត្រា​មួយ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​រារាំង​តំណែង​ជាន់ខ្ពស់​សម្រាប់​បណ្តា​អ្នក​ដែល​មានកូន​សញ្ជាតិ​បរទេស ។ កូនប្រុស​ទាំង​២​របស់​លោកស្រី​ស៊ូ​ជី មាន​សញ្ជាតិ​អង់គ្លេស ។

មេដឹកនាំ​ប្រឆាំង​អាយុ​៧០​ឆ្នាំ​រូប​នេះ តែង​បរិហារ​ការ​កម្រិត​ព្រំដែន​នៃ​ការ​កែទម្រង់ ។ ការ​ព្រួយបារម្ភ​នានា​មាន​កាន់តែ​ខ្លាំង ខណៈ​ការ​បោះ​ឆ្នោត​ជិត​មក​ដល់ ។ លោកស្រី​ស៊ូ​ជី នា​ថ្ងៃ​ទី​៥ វិច្ឆិកា បាន​បរិហារ​ពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដោយ​លោកស្រី​យល់​ថា រហូត​មក​ទល់​ពេល​នេះ ការ​បោះ​ឆ្នោត​ហាក់​ពុំ​សេរី និង​ស្មើភាព​ទាំងស្រុង​ឡើយ ៕