លោក ស៊ី ជិនពីង មកដល់វៀតណាម ជាលើកដំបូង នៅថ្ងៃ ព្រហស្បតិ៍នេះ

ហាណូយ៖ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានធ្វើដំណើរ មកដល់រដ្ឋធានី ហាណូយ របស់ប្រទេស វៀតណាម ហើយ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ដើម្បី ចាប់ផ្តើមដំណើរទស្សនកិច្ច ផ្លូវរដ្ឋ រយៈពេល ពីរថ្ងៃ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា នេះជាដំណើរទស្សនកិច្ចលើកទីមួយ ហើយ សម្រាប់លោក ស៊ី មកកាន់ប្រទេសដែលកំពុងមានភាពរកាំរកុះជាមួយគ្នានៅសមុទ្រ ចិនខាងត្បូងមួយនេះ ហើយក៏ក្នុងនាមលោក ជាប្រមុខដឹកនាំជាន់ខ្ពស់នៃគណបក្ស កុម្មុយនិស្ត ចិន មកកាន់វៀតណាមផងដែរ។

គួរបញ្ជាក់ថា លោក ស៊ី ជិនពីង និងលោកជំទាវបានមកដល់ទីក្រុង ហាណូយ កាលពីវេលា ម៉ោង ១១ និង ៥០ នាទីព្រឹក ដោយពេលមកដល់ព្រលានយន្តហោះ លោកត្រូវបានទទួល ស្វាគមន៍យ៉ាងឱឡារឹក ដោយមន្ត្រីកំពូលៗ នៃគណកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្ត រៀតណាម ជាច្រើនរូប។

សម្រាប់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ប្រទេសទាំងពីរមានសុទិដ្ឋិនិយមខ្ពស់ ក្នុងការ ពង្រឹងចំណងមិត្តភាព ជាប្រពៃណី និង លើកទិសដៅសំខាន់បន្ថែមទៀតសម្រាប់ ថ្ងៃអនាគត។ ប្រទេសវៀតណាម និង ចិន បានបង្កើត ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា អស់រយៈពេល ចំនួន ៦៥ ឆ្នាំកន្លងមកហើយ៕

លោក ស៊ី ជិនពីង មកដល់វៀតណាម ជាលើកដំបូង នៅថ្ងៃ ព្រហស្បតិ៍នេះ