កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ដុតបំផ្លាញ​ទំនិញ​ខូចគុណភាព​ជាង​២​តោន​

Sanofi

កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃទី​០៥​ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥​នេះ បានធ្វើការ​ដុតបំផ្លាញ នូវ​ទំនិញ​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ​​សរុប​២០៤៣​គីឡូក្រាម ។ ​ទំនិញ​ខូចគុណភាព ដែល​មន្ត្រី​ជំនាញ ដុត​បំផ្លាញចោល​នៅថ្ងៃនេះ គឺធ្វើឡើង បន្ទាប់ពី​រឹបអូស​បាន ពី​ទីផ្សារ​នានា និង​តាម​រទេះអូស​ទំនិញ ដែល​ឈ្មួញ​លួច​បង្កប់ ពេល​នាំ​ចេញពី​ប្រទេស​ថៃ ។លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា កាំកុងត្រូល ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ថា ក្នុង​រយ​:​ពេល​៣​ខែ ទំនិញ​ខូចគុណភាព ដែល​មន្ត្រី​ជំនាញ រឹបអូស​បាន រួមមាន ត្រីខ ប្រមាណ​ជា ៧០០០​កំប៉ុង ទឹកខ្មេះ សញ្ញា​រូប​ទន្សាយ ស្រា​បៀរ មី ប្រេងឆា ដំណាប់​កន្ទួត ដំណាប់​ដូង ទឹក​សម្រាប់​ត្រាំ​ជ្រក់ សាច់គោ​ងៀត និង​នំ ជាច្រើន​ប្រភេទ​ទៀត ។

​លោក ស៊ាន ស៊ី​ណាត ក៏បាន​ធ្វើការ សំណូមពរ តាមរយៈ​សារ​ព័​ត៏​មាន ឲ្យក្រុម​​អាជីវករ​បញ្ឈប់ ការទិញ​និង​ដាក់តាំង​លក់ រាល់​គ្រឿង ឧបភោគ បរិភោគ ទាំងឡាយ​ណា ដែល​ខូចគុណភាព ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ចំណែកឯ​អ្នក​ដែល​ទិញ យកទៅ​ពិសារ​ឬ​ប្រើប្រាស់ ត្រូវ​ពិនិត្យ​ស្លាក​យីហោ ក៏ដូចជា​ស្លាក​សញ្ញា ឲ្យ​បាន​ត្រឹមត្រូវ ផងដែរ ៕​សុ ថា​ត់​

Related