ហុន គីរី ឡើងសង្វៀន ទូទាត់បញ្ជីចាស់នឹង មាស ឆូយ នៅ TV5

ភ្នំពេញ៖ អ្នកប្រដាល់ ហុន គីរី ក្លឹបតាព្រហ្មមានជ័យ ត្រូវជួបជាមួយអ្នកប្រដាល់ មាស ឆូយ ក្លឹបសុភានូមានជ័យ ដើម្បីទូទាត់បញ្ជីចាស់ ក្នុងទម្ងន់៦៥គីឡូក្រាម គ្រាដែលអ្នកប្រដាល់ ឡុង ប៊ុនយីម ក្លឹបសាលវ័ន្តកីឡា ប៉ះអ្នកប្រដាល់ សែត ប៊ូកើត ក្លឹបដួងសែនសុខគុនខ្មែរ ក្នុងទម្ងន់៦០គីឡូក្រាម នាព្រលប់ថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើសង្វៀន TIFFY ARENA TV5 ។

ហុន គីរី និង មាស ឆូយ ធ្លាប់ជួបគ្នា២លើកហើយកន្លងមក ដោយវាយឈ្នះ ចាញ់គ្នាម្ដងម្នាក់ ដែលការជួបគ្នាចុងក្រោយ ហុន គីរី ចាញ់ មាស ឆូយ ក្នុងទឹកទី២ ក្រោយពី ឆូយ វាយកែងត្រូវក្បាលបែកឈាមខ្លាំង ហើយត្រូវគ្រូពេទ្យបញ្ឈប់លែងឲ្យប្រកួតនោះ ។

បើតាមការសន្ឋិដ្ឋាននោះ ហុន គីរី ប្រហែលជាពិបាកជាមួយ មាស ឆូយ ហើយដោយសារ មាស ឆូយ មានផ្លែល្អ និងមានកម្លាំងស៊ុហ្វខ្លាំងជាង ដូច្នេះ ហុន គីរី មិនអាចធ្វើអ្វីគេកើតនោះទេ ។ គីរី ដែលថា ពិបាកយកឈ្នះ មាស ឆូយ នោះ ដោយសារ គីរី វាយអត់មានប្លង់ អត់តិចនិក អត់ផ្លែអ្វីទាំងអស់ ។ និយាយរួម គីរី ប្រកួតរបៀបកំប្លែងតែប៉ុណ្ណោះ ។ ដូច្នេះសម្រាប់ការជួបគ្នាលើកទី៣នេះរវាង មាស ឆូយ និង ហុន គីរី គឺគេមានជំនឿទុកចិត្តលើ មាស ឆូយ ។

រីឯអ្នកប្រដាល់ ឡុង ប៊ុនយីម ក្លឹបសាលវ័ន្តកីឡា ប្រកួតជាមួយអ្នកប្រដាល់ សែត ប៊ូកើត ក្លឹបដួងសែនសុខគុនខ្មែរ ក្នុងទម្ងន់៦០គីឡូក្រាម ។ សែត ប៊ូកើត ជាអ្នកប្រដាល់ដែលមានស្នៀតប្រដាល់មិនជាល្អ និងខ្លាំងនោះទេ ។ ប្រកួតកន្លងមក គឺវាយអាងលើកម្លាំងបាយសុទ្ធសាធ ដោយវាយខ្លាំងតែពីរទៅបីទឹកដំបូងប៉ុណ្ណោះ តែនៅទឹកចុងក្រោយគេចាប់ផ្តើមវាយប្រតាយ ប្រតប់ហើយ ដោយសារគេអស់កម្លាំងសម្រុក ។ ចំពោះ ឡុង ប៊ុនយីម វិញក៏មិនខុសពី ប៊ូកើត ប៉ុន្មានដែរ គឺគេវាយអាងកម្លាំងសម្រុកដូចគ្នា តែអស់ស៊ុហ្វគឺវាយ កក្លិកកក្លាក់ដូច ប៊ូកើត ដែរ ។

អ្នកប្រដាល់ ឆេង ពន្លក ក្លឹបតាព្រហ្មមានជ័យ ជួបអ្នកប្រដាល់ ឡូញ វ៉ាន់ឌី ក្លឹបពន្លឺវិបុលរិទ្ធី ក្នុងទម្ងន់៦០គីឡូក្រាម និង អ្នកប្រដាល់ ហ៊ាន ធួរ ក្លឹបអេភូថងកីឡា ជួបប្រកួតជាមួយអ្នកប្រដាល់ សុខ គា ក្លឹបបក្សីស្លាបដែក ក្នុងទម្ងន់៥៤គីឡូក្រាម ៕

ហុន គីរី ឡើងសង្វៀន ទូទាត់បញ្ជីចាស់នឹង មាស ឆូយ នៅ TV5