៣​នាក់​បងប្អូន​នាំគ្នា​ចុះ​ងូត​ទឹកស្រះ លង់​ស្លាប់​ម្នាក់​

ក្រចេះ: ក្មេងប្រុស​អាយុ​៤​ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ស្លាប់ និង​បងប្រុស​២​នាក់​ផ្សេងទៀត បានសង្គ្រោះ​ទាន់ពេលវេលា​និង​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ពួកគេ​ទាំង​៣នាក់​បាននាំគ្នា​ចុះទៅ​ងូតទឹក​លេង​នៅក្នុង​ស្រះ​ទឹក​មួយកន្លែង នៅ​ខាងក្រោយ​ភូមិហើយ​ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​៥ ខែ វិច្ឆិកា ឆ្នាំ​២០១៥ស្ថិតនៅ​ភូមិ​ណ្តែ​ង​ដូន សង្កាត់​ក្រគរ ក្រុង​ក្រចេះ ។​

​ស្រី្ត​ជា​ម្តាយ ឈ្មោះ អេង ចាន់​ណេ​ត អាយុ​២៨​ឆ្នាំ រស់នៅក្នុង​សង្កាត់​អូរឫស្សី ក្រុងក្រចេះ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ គាត់​រវល់​លក់​បន្លែ​នៅ​ផ្សារ ទើប​កូនប្រុសគាត់​ទាំង​បីនាក់​បងប្អូន​នាំគ្នា​ដើរលេង និង​បាន​មកលេង​ទឹកស្រះ បណ្តាល​ឲ្យលង់​ស្លាប់​ម្នាក់ ។​

​ស្ត្រី​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា កូនប្រុស​របស់គាត់​ម្នាក់ អាយុ​៤​ឆ្នាំ បាន​លង់​ស្លាប់ ជាកូនភ្លោះ​ពៅ ចំណែក​កូនភ្លោះ​បង​ត្រូវ​ឈ្លក់ទឹក ត្រូវបាន​នាំមក​សង្គ្រោះបន្ទាន់​នៅមន្ទីរ ពេទ្យ រីឯ​កូនប្រុស​បង​ម្នាក់ទៀត អាយុ​៧​ឆ្នាំ​បាន​ហែល​រួច​ផុតពី​សេចក្តីស្លាប់​។​

​ក្រោយពី​កើតហេតុ​ភ្លាម​កម្លាំង សមត្ថកិច្ច​ជំនាញ បាន​ចុះមក​ពិនិត្យ លើ​ខ្លួន​សាកសពក្មេងប្រុស​រងគ្រោះ ហើយ​បាន​អះអាង​និង​សន្និដ្ឋានថា​ការស្លាប់​របស់ក្មេងប្រុស គឺ​បណ្តាលមកពី​លង់ទឹក គឺ​មិនមាន​ហេតុផល​ណា​ផ្សេង​នោះទេ ហើយបាន​ប្រគល់ជូន​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​