រដ្ឋមន្ដ្រី ការពារជាតិចិន អញ្ជើញ មកដល់កម្ពុជាហើយ នៅ៤៖៣០នាទីរសៀលនេះ ក្នុងដំណើរ បំពេញទស្សនកិច្ច៤ថ្ងៃ

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ Chang Wanquan រដ្ឋមន្ដ្រីក្រសួងការពារជាតិចិន និងគណៈប្រតិភូក្រសួងការពារជាតិ នៃកងទ័ពរំដោះ ប្រជាជនចិន នៅម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីល្ងាចថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ តបតាមការអញ្ជើញរបស់ នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ការពារជាតិកម្ពុជា។

ដំណើរអញ្ជើញមកដល់ របស់នាយឧត្តមសេនីយ៍ Chang Wanquan ត្រូវបានទទួលដំណើរ និងបដិសណ្ឋារកិច្ចយ៉ាងរ៉ាក់ទាក់ ពីសំណាក់នាយឧត្តមសេនីយ៍ ម៉ក់ សារ៉ុន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ នៅព្រលានយន្តហោះយោធា។

ក្នុងដំណើរទស្សនកិច្ច នៅកម្ពុជា៤ថ្ងៃនេះ លោក Chang Wanquan ព្រមទាំងគណៈប្រតិភូ គ្រោងជួបពិភាក្សាទ្វេភាគី ជាមួយលោក ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ បន្ទាប់មកជួបជាមួយថ្នាក់ដឹកនាំ ក្រសួងការពារជាតិប្រទេសទាំង២ និងចូលរួមជាអធិបតីក្នុងពិធី ចុះហត្ថលេខា រវាងលោក ណឹម សុវត្ថិ ទីប្រឹក្សានាយកខុទ្ទកាល័យ ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការ បរទេសជាមួយឧត្ដមនាវី Quan you Fei អគ្គនាយកអគ្គនាយកដ្ឋានកិច្ចការបរទេស ក្រសួងការពារជាតិចិន នៅព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥។

ដោយឡែកនៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា លោក Chang Wang uan នឹងអញ្ជើញចូលជួប សម្ដែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។ លុះព្រឹកថ្ងៃទី៧ ខែវិច្ឆិកា លោក Chang Wanquan ព្រមទាំងគណៈប្រតិភូ គ្រោងនឹងទៅទស្សនាវិទ្យាស្ថាន កងទ័ពជើងគោក ហើយនៅរសៀល លោក Chang Wanquan និងគណៈប្រតិភូបន្ដដំណើរ ទៅទស្សនាប្រាសាទ អង្គរវត្ដក្នុងខេត្ដសៀមរាប មុនពេលចាកចេញពីកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥៕