កម្ពុជា-ជប៉ុនចុះ MOU បង្កើតការិយាល័យ ទំនាក់ទំនងភ្នំពេញ នៃមជ្ឈមណ្ឌលអាស៊ី

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានចុះអនុស្សារណៈ យោគយល់ (MOU) ជាមួយមូលនិធិជប៉ុន ដើម្បីបង្កើតការិយាល័យ ទំនាក់ទំនងភ្នំពេញនៃមជ្ឈមណ្ឌលអាស៊ីមូលនិធិជប៉ុន។

គោលបំណង នៃអនុស្សារណៈបង្កើតការិយាល័យ ទំនាក់ទំនងភ្នំពេញនៃមជ្ឈមណ្ឌលអាស៊ី (ម. អ. ម .ជ) ដែលចុះហត្ថលេខាដោយ លោក ហិរ៉ូយ៉ាស៊ុអាន់ដុ ប្រធានមូលនិធិជប៉ុន ជាមួយរដ្ឋលេខាធិការនៃក្រសួងអប់រំ និងក្រសួងវប្បធម៌នេះ ក្នុងគោលបំណងបង្កើតភាព ជាដៃគូគ្រប់ជ្រុងជ្រោយរវាងភាគី នៃកិច្ចព្រមព្រៀងទាំងអស់ សម្រាប់អប់រំផ្នែកភាសាជប៉ុន និងសម្រាប់ការផ្លាស់ប្តូរ ផ្នែកវប្បធម៌ទៅវិញ ទៅមកជាមួយ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីលើកកម្ពស់កិច្ចសហប្រត្តិការជាមួយគ្នា និងពង្រឹងទំនាក់ទំនងកាន់តែល្អ រវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន ។

លោក សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួង វប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងនាឱកាសនោះថា “អនុស្សារណៈនេះ បានបញ្ជាក់យ៉ាង ច្បាស់ពីកិច្ចសហប្រតិបត្តិការ នៃការលើកកម្ពស់ផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក នៃប្រទេសទាំងពីរ លើវិស័យសិល្បៈ សិល្បៈទស្សនីយភាព ភាពយន្ត ការផ្លាស់ប្តូរបញ្ញវ័ន្ត ការបោះពុម្ពអក្សាសាស្ត្រ ការអភិរក្សបេតិកភ័ណ្ឌ ព្រមទាំងសកម្មភាពផ្សេងទៀត ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះ ពិតជាមានសារប្រយោជន៍ដល់ប្រទេសទាំងពីរ”។

លោក ហិរ៉ូយ៉ាស៊ុអាន់ដុ ប្រធានមូលនិធិជប៉ុន បានថ្លែងនាឱកាសនវដែរថា “ ខ្ញុំរីករាយដែលបានចូលរួម ក្នុងការពង្រឹងទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការកម្ពុជាជប៉ុន ហើយពួកយើងនៅមានគម្រោងផ្សេងៗជាច្រើនទៀត ក្នុងការផ្លាស់ប្តូរទាំងផ្នែក សិល្បៈគំនូរ និងផ្នែកកីឡាផងដែរ ហើយសូមសំណូមពរដល់អ្នកទាំងអស់គ្នា ដើម្បីចូលរូមចំណែក ក្នុងការពង្រឹងទំនាក់ទំនង ជាមួយមូលនិធិជប៉ុន ក៏ដូចជាកិច្ចសហប្រតិបតិ្តការ នៃប្រទេសយើងទាំងពីរផងដែរ ” ៕