អ្នក​ភូមិ​នៅ​ខេត្ត​រតនគិរី​អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​អាវុធហត្ថ​​ឈប់​ប្រើ​អាវុធ​បាញ់​គំរាម​ពលរដ្ឋ

ប្រជាពលរដ្ឋ​ជាង ១០​គ្រួសារ រស់​នៅ​ភូមិ​១ សង្កាត់​កាចាញ ក្រុង​បានលុង ខេត្ត​រតនគិរី ចោទ​ប្រកាន់​មន្ត្រី​អាវុធហត្ថ​មួយ​រូប​មាន​ទីលំនៅ​ក្នុង​ភូមិ​ជាមួយ​គ្នា​ថា បាន​ជេរ​ប្រមាថ​និង​បាញ់​កាំភ្លើង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ជិត​ខាង​ជា​ញឹកញាប់។ ចំណែក​មន្ត្រី​អាវុធហត្ថ​បដិសេធ​ការ​ចោទ​នេះ ហើយ​ចោទ​ប្រជាពលរដ្ឋ​វិញ​ថា ជា​អ្នក​បង្ក​បញ្ហា​លើ​លំនៅឋាន​របស់​លោក​ទៅ​វិញ​ទេ។

ប្រជាពលរដ្ឋ​ជាង ១០​គ្រួសារ ស្នើ​សុំ​មេបញ្ជាការ​កងរាជអាវុធហត្ថ​បញ្ឈប់​សកម្មភាព​ផ្ទុះ​អាវុធ​គំរាមកំហែង និង​ជេរប្រមាថ​ប្រជាពលរដ្ឋ​បង្ក​ឡើង​ដោយ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ថ្នាក់​វរសេនីយ៍ត្រី​មួយ​រូប មាន​ទីលំនៅ​ក្នុង​ភូមិ​ជាមួយ​គ្នា។

នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា អ្នក​ភូមិ​ទាំង ១០​គ្រួសារ​បាន​ជួបជុំ​គ្នា​នៅ​ផ្ទះ​មេ​ភូមិ​ដើម្បី​ផ្ដល់​បទសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ជា​សារ​ជូន​ថ្នាក់​ដឹកនាំ​កងរាជអាវុធហត្ថ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ផ្ដល់​សុវត្ថិភាព​ដល់​ពលរដ្ឋ​ឲ្យ​បាន​រស់​នៅ​សុខសាន្ត​ផង។

តំណាង​អ្នក​ភូមិ​លោក យួស ភន រៀបរាប់​ថា ពីរ​បី​ឆ្នាំ​កន្លង​ទៅ​នេះ​អ្នក​ភូមិ​រស់​នៅ​ដោយ​ភ័យខ្លាច​ដោយសារ​មន្ត្រី​អាវុធហត្ថ​ឈ្មោះ មាស កុសស មាន​ទីលំនៅ​ក្នុង​ភូមិ​ជាមួយ​គ្នា បាន​បាញ់​កាំភ្លើង​ចំនួន​​បី​លើក​គំរាម ព្រមទាំង​ជេរ​ប្រមាថ​អ្នក​ជិត​ខាង​ដោយសារ​តែ​មន្ត្រី​អាវុធហត្ថ​សង្ស័យ​ថា អ្នក​ជិត​ខាង​បាញ់​ចម្ពាម​មក​លើ​ផ្ទះ​របស់​ខ្លួន។ លោក​បន្ត​ថា អ្នក​ភូមិ​បាន​ព្យាយាម​សុំ​កិច្ច​អន្តរាគមន៍​ពី​មេ​ភូមិ​​អញ្ជើញ​មន្ត្រី​អាវុធហត្ថ​មក​ដោះស្រាយ​បញ្ហា​ជាមួយគ្នា ប៉ុន្តែ​មន្ត្រី​អាវុធហត្ថ​នៅ​តែ​បង្ករឿង​ជា​បន្ត​បន្ទាប់៖ «ការ​បាញ់​បោះ​គំរាមកំហែង​ក៏​ខុស​លក្ខណៈ​កងទ័ព​ដែរ ក្នុង​ភូមិ​ប្រជាជន សំខាន់​រាជរដ្ឋាភិបាល​កុំ​ឲ្យ​មាន​ការ​បាញ់​បោះ​ក្នុង​ភូមិ​ប្រជាជន គាត់​បាញ់​ក្រោយ​ផ្ទះ​គាត់ៗ មាន​អំណាច​គាត់​មាន​អាវុធ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្លាច​គាត់»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ វរសេនីយ៍ត្រី មាស កុសល បដិសេធ​ថា លោក​មិន​ដែល​ផ្ទុះ​អាវុធ ឬ​គំរាមកំហែង​អ្វី​ដល់​ប្រជាពលរដ្ឋ​ដូច​ការ​ចោទ​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ប្រជាពលរដ្ឋ​អ្នក​ជិត​ខាង​ទាំង​នោះ​ទេ​ដែល​តែង​បង្ក​បាតុភាព​បាញ់​គ្រាប់​ចម្ពាម​មក​លើ​ផ្ទះ​របស់​លោក។ ថ្វី​ត្បិត​យ៉ាង​នេះ​ក្តី លោក​ស្វាគមន៍​​ចំពោះ​សំណើ​របស់​អ្នក​ជិត​ខាង​ដើម្បី​ប្រែក្លាយ​ជា​អ្នក​ជិត​ខាង ប៉ុន្តែ​លោក​សុំ​ឲ្យ​អ្នក​ជិត​ខាង​លោក​កុំ​រំលោភ​បំពាន​មក​លើ​គ្រួសារ​លោក​ត​ទៅ​ទៀត​ដូច​គ្នា៖ «យើង​ធ្វើ​ការ​ពិត​មែន ប៉ុន្តែ​យើង​យក​មេ​ភូមិ មេ​ឃុំ ជា​ម៉ែ​ឪ​ចង់​តែ​សុខ​ទេ មិន​ចង់​ឲ្យ​គេ​បាញ់​គ្រាប់​ចម្ពាម​មក​លើ​ដំបូល​ផ្ទះ​ខ្ញុំ»

​ទាក់ទិន​ទៅ​នឹង​ជម្លោះ​របស់​អ្នក​ភូមិ​នេះ ប្រធាន​ភូមិ​១ គឺ​លោក ទុយ មុនី កត់សំគាល់​ថា លោក​បាន​ព្យាយាម​សម្របសម្រួល និង​បញ្ជូន​ពាក្យ​ប្ដឹង​របស់​ពលរដ្ឋ​ដែល​កើត​មាន​ជម្លោះ​ជាមួយ​មន្ត្រី​អាវុធហត្ថ​ទៅ​អាជ្ញាធរ​សង្កាត់ និង​ក្រុង​ជួយ​ដោះស្រាយ ប៉ុន្តែ​ជម្លោះ​នេះ​នៅ​តែ​បន្ត​កើត​មាន។ លោក​ថា កន្លង​ទៅ​​នេះ​ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន​លោក​សង្កេត​ឃើញ​ថា មន្ត្រី​អាវុធហត្ថ​តែង​មាន​បាតុភាព​ជាមួយ​​គ្រួសារ​អ្នក​ជិត​ខាង​ស្ទើរ​គ្រប់​ក្រុម​គ្រួសារ ជាពិសេស​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ដែល​បង្ក​ឲ្យ​អ្នក​ភូមិ​ព្រួយ​បារម្ភ៖ «ខាង​លើ​ បាន​បញ្ជាក់​ថា បាន​ដោះស្រាយ​ហើយៗ ប៉ុន្តែ​រឿង​ហ្នឹង​បុគ្គល​គាត់​នៅ​ជា​បញ្ហា​ដដែល។គ្រាន់​តែ​ចង់​ឲ្យ​គាត់​ បញ្ឈប់​សកម្មភាព​ហ្នឹង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​បាន​សេចក្ដី​សុខ»

យ៉ាង​ណា​ក៏ដោយ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី លោក គឹម រស្មី ទទួល​ស្គាល់​ថា លោក​បាន​អប់រំ​មន្ត្រី​អាវុធហត្ថ គឺ​លោក មាស កុសល ច្រើន​ឆ្នាំ​មក​ហើយ​ទាក់ទិន​នឹង​ជម្លោះ​នេះ។ លោក​ថា មិន​ប្រាកដ​ថា ភាគី​ណា​ត្រូវ​ឬ​ខុស​ទេ ក៏​ប៉ុន្តែ​លោក​បាន​ដក​ហូត​អាវុធ​ខ្លី​ដែល​មន្ត្រី​អាវុធហត្ថ​លោក​បាន​ប្រើប្រាស់​ចូល​អង្គភាព​វិញ​ហើយ៖ «កាល ​មុន​វា​សល់​កាំភ្លើង​ខ្លី​មួយ​ដើម​ឈ្មោះ​របស់​វា​ហ្នឹង ឥឡូវ​ខ្ញុំ​ឲ្យ​គេ​យក​មក​ទុក​វិញ​ហើយ។ ចាំ​មើល​មេ​ឃុំ មេ​ភូមិ​ថា បាញ់​ទៀត ខ្ញុំ​សើច​តែ​ម្ដង បាញ់​ទៀត​មាន​តែ​ដុត​ផាវ​ដាក់​កំប៉ុង»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី ថ្លែង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ប្រញាប់​ដោះស្រាយ​បញ្ចប់​ជម្លោះ​មួយ​នេះ​ដើម្បី​ផ្ដល់​ភាព​សុខសាន្ត​ដល់​ពលរដ្ឋ​ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព។

សេចក្ដី​រាយការណ៍​របស់​ប្រធាន​ភូមិ​១ រយៈពេល​ជាង ២​ឆ្នាំ​កន្លង​ទៅ​នេះ​មាន​ប្រជាពលរដ្ឋ ៥​គ្រួសារ​ដែល​រស់​នៅ​ជិត​ខាង​មន្ត្រី​កងរាជអាវុធហត្ថ​នេះ​បាន​បង្ខំចិត្ត​ផ្លាស់ប្ដូរ​ទីលំនៅ​របស់​ខ្លួន ដោយសារ​ភ័យ​​ខ្លាច​ការ​គំរាមកំហែង​ពី​មន្ត្រី​កងរាជអាវុធហត្ថ​រូប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។