សកម្មជន​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ​បារម្ភ​ខ្លាច​បាត់​បង់​ព្រៃ​ឈើ​ដោយសារ​មាន​រោងចក្រ​កែច្នៃ​ឈើ

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​នៅ​ខេត្ត​កំពង់ធំ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​ទីតាំង​នៅ​ជាប់​ព្រំ​ប្រទល់​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ គ្រោង​នឹង​ដំណើរ​ការ​រោងចក្រ​កែច្នៃ​ឈើ​ប្រណីត​របស់​ខ្លួន​នៅ​ខែ​ធ្នូ ខាង​មុខ។ ប្រជា​សហគមន៍​បារម្ភ​ថា គម្រោង​នេះ​នឹង​ធ្វើ​ឲ្យ​ឈើ​ប្រណីត​នៅ​តំបន់​ព្រៃ​ឡង់ កាន់​តែ​ហិនហោច​ថែម​ទៀត។

ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ឈ្មោះ ធីង៉ា (Ty Nga) ដែល​គ្រោង​ដាក់​ដំណើរ​ការ​រោងចក្រ​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត នៅ​លើ​ផ្ទៃ​ដី​ក្រុមហ៊ុន​របស់​ខ្លួន​នៅ​ខែ​ធ្នូ ខាង​មុខ ធ្វើ​ឲ្យ​សកម្មជន​ការពារ​ព្រៃ​ឡង់​បារម្ភ​ថា ដំណើរ​ការ​នោះ​នឹង​បំផ្លាញ​ឈើ​ប្រណីត​នៅ​តំបន់​ព្រៃ​ឡង់​ទៅ​វិញ។

ការ​យល់​បែប​នេះ បន្ទាប់​ពី​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បង្កើត​រោងចក្រ​ច្នៃ​ឈើ ដោយ​អះអាង​ថា សម្អាត​ឈើ​ក្នុង​ដី​សម្បទាន​របស់​ខ្លួន តែ​ធាតុ​ពិត គឺ​ប្រមូល​កាប់​ឈើ​ពី​តំបន់​ព្រៃ​ឡង់​មក​ធ្វើ​អាជីវកម្ម​ច្រើន​ជាង។

សកម្មជន​ការពារ​ព្រៃ​ឡង់ នៅ​ខេត្ត​កំពង់ធំ លោក ជុំ យីន មាន​ប្រសាសន៍​ថា លោក​បាន​ទៅ​ដល់​កន្លែង​រោងចក្រ​របស់​ក្រុមហ៊ុន ធីង៉ា គឺ​ឃើញ​ការ​ដំឡើង​គ្រឿងចក្រ​នោះ​រួច​រាល់​ហើយ ពួក​គេ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ខែ​ធ្នូ។ លោក​ថា មិន​ខុស​ពី​ក្រុមហ៊ុន​មុនៗ​ទេ ក្រុមហ៊ុន​មួយ​នេះ​បាន​អះអាង​ថា នឹង​ធ្វើ​អាជីវកម្ម​ឈើ​នៅ​ផ្ទៃ​ដី​របស់​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​ជឿ​ថា ធាតុ​ពិត​ក្រុមហ៊ុន ធីង៉ា នឹង​ប្រមូល​ដើម​ឈើ​ទាល ឬ​ដើម​ច្បោះ​ជ័រ​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រៃ​ឡង់​ទាំង​មូល ដើម្បី​ធ្វើ​អាជីវកម្ម៖ «ច្បោះ​ជ័រ​ទឹក​របស់​ប្រជាពលរដ្ឋ​ដែល​ខ្លួន​មាន​ការ​កាប់​បំផ្លាញ ហើយ​មួយ​ទៀត​ដូច​គ្នា​ទៅ​នឹង​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) អ៊ីចឹង»

កាល​ពី​ឆ្នាំ​២០១០ រាជ​រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន ធីង៉ា ចំនួន​ផ្ទៃ​ដី​ប្រមាណ ៦​ពាន់​ហិកតារ ដែល​មាន​ទីតាំង​នៅ​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ មាន​ព្រំ​ប្រទល់​ជាប់​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ក្បែរ​គ្នា​ទៅ​នឹង​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ។

ទាក់ទង​បញ្ហា​នេះ មេការ​ក្រុមហ៊ុន ធីង៉ា ដោយ​មិន​បាន​ស្គាល់​ឈ្មោះ​ម្នាក់ គឺ​មិន​បាន​និយាយ​អ្វី​នោះ​ទេ ដោយ​បញ្ជាក់​ថា ទូរស័ព្ទ​ស្តាប់​គ្នា​មិន​បាន៖ «កន្លែង​ខ្ញុំ​អត់​មាន​សេវា ចាំ​ដល់​កន្លែង ចាំ​ខ្ញុំ​ហៅ​ទៅ​បង​វិញ»

ជាមួយ​គ្នា​នេះ កាល​ពី​ពេល​កន្លង​ទៅ អភិបាល​ស្រុក​សណ្ដាន់ លោក អ៊ុន បុត្ត ធ្លាប់​បញ្ជាក់​ថា ការ​ដាក់​គ្រឿងចក្រ​ច្នៃ​ឈើ​របស់​ក្រុមហ៊ុន​នេះ គឺ​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដោយ​គ្រាន់​តែ​សម្អាត​កាក​សំណល់​ឈើ​លើ​ផ្ទៃ​ដី​របស់​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ។

យ៉ាង​ណា សកម្មជន​ការពារ​ព្រៃ​ឡង់​ក្នុង​ខេត្ត​កំពង់ធំ ធ្លាប់​រាយការណ៍​ម្តង​ជា​ពីរ​ដង ជុំវិញ​បញ្ហា​កាប់​ឈើ​ប្រណីត​នៅ​ក្រៅ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច និង​សង្គមកិច្ច ហើយ​ដឹក​ចូល​តំបន់​ដី​សម្បទាន​ទាំង​នោះ​ពី​សំណាក់​ម្ចាស់​អាជីវកម្ម ឬ​ក្រុមហ៊ុន​មួយ​ចំនួន ដែល​មាន​សិទ្ធិ​កែច្នៃ​ឈើ​នៅ​តំបន់​ដី​សម្បទាន​របស់​ពួក​គេ ក្នុង​នោះ​រួម​មាន ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ រោងចក្រ​កែច្នៃ​ឈើ​តំបន់ ៩៥ ក្នុង​ឃុំ​មានរិទ្ធ និង​តំបន់​ដី​សម្បទាន​មួយ​ចំនួន​ទៀត។

បន្ថែម​ពី​លើ​នេះ អ្នក​សម្រប​សម្រួល​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ នៅ​ក្នុង​ខេត្ត​ចំនួន​បួន លោក សេង សុខហេង មាន​ប្រសាសន៍​ថា រាល់​ការ​អនុវត្ត​សិទ្ធិ​វិនិយោគ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា ធ្វើ​ឡើង​ដោយ​មិន​មាន​តម្លាភាព។ ក្រុមហ៊ុន​ខ្លះ​ធ្វើ​ឡើង​ក្នុង​ទម្រង់​ដើម្បី​កាប់​ឈើ​តែ​ម្តង ជាក់ស្តែង​នៅ​ពេល​ណា​ពួក​គេ​កាប់​ឈើ​អស់ ក៏​ប្រកាស​ដក​ខ្លួន​ចេញ​ពី​គម្រោង​វិនិយោគ​វិញ។ លោក​បន្ត​ថា ក្រុមហ៊ុន ធីង៉ា គឺ​មិន​មាន​ឈើ​ល្អៗ​សម្រាប់​ធ្វើ​អាជីវកម្ម​ទៀត​ទេ ពីព្រោះ​ក្រុមហ៊ុន​នេះ​មាន​វត្តមាន​ជាច្រើន​ឆ្នាំ​មក​ហើយ ព្រម​ទាំង​បាន​កាប់​ឈើ​នៅ​តំបន់​នោះ​ជាច្រើន​ឆ្នាំ​ហើយ​ដែរ៖ «អស់​ហើយ​ឈើ​អស់​ហើយ។ អ៊ីចឹង​វត្តមាន​ឈើ​ក្រុមហ៊ុន ធីង៉ា ដោយ​យក​លេស​ថា​ដាក់​រោងចក្រ​កែច្នៃ​ឈើ​ហ្នឹង ខ្ញុំ​ជឿ​ជាក់​ថា គ្រាន់​តែ​ជា​លេស​តែ​ប៉ុណ្ណោះ ហើយ​ប្រាកដ​ជា​កាប់​ឈើ​ក្រៅ​ពី​តំបន់​ក្រុមហ៊ុន»

លោក​បារម្ភ​ថា ប្រសិន​បើ​រោងចក្រ​កែច្នៃ​ឈើ​នេះ​ដំណើរ​ការ ផល​ប៉ះពាល់​នឹង​ធ្លាក់​លើ​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ ដែល​រស់​ពឹង​អាស្រ័យ​លើ​អនុផល​ព្រៃ​ឈើ​នៅ​ទីនោះ ពិសេស​ដើម​ច្បោះ​ជ័រ​របស់​ពួក​គាត់ នឹង​ត្រូវ​បាត់បង់​ជាក់​ជា​មិន​ខាន​ឡើយ។ លោក​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល ត្រូវ​មាន​វិធានការ​លើ​បណ្ដា​ក្រុមហ៊ុន​ទាំងឡាយ​ណា ដែល​មិន​បាន​គោរពច្បាប់ និង​ត្រូវ​តាម​ដាន​រាល់​សកម្មភាព​អនុវត្ត​របស់​ក្រុមហ៊ុន​សម្បទាន​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។