ធ្លាក់​យន្តហោះ​រុស្ស៊ី៖អង់គ្លេស និង​អាមេរិក​សង្ស័យ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​យន្តហោះ​ពេល​ហោះហើរ

  ៥ថ្ងៃ ក្រោយ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​រុស្ស៊ី​មួយ​គ្រឿង​ប្រភេទ Airbus A៣២១ នៅ​តំបន់​ស៊ីណៃ ក្នុង​ប្រទេស​អេហ្ស៊ីប​ដែល​បាន​​ផ្តាច់​ជីវិត​មនុស្ស​ទំាង ២២៤នាក់​មក ការ​ស៊ើបអង្កេត​កំពុង​បន្ត​ធ្វើ​ដោយ​ក្រុមអ្នកជំនាញ​កំពុង​ធ្វើ​ការ​សិក្សា វិភាគ​លើ​ប្រអប់ខ្មៅ​ទំាង​ពីរ​របស់​យន្តហោះ​នៅ​ក្នុង​ទីក្រុង​គែរ។ តំាង​ពី​ថ្ងៃ​ទី១ នៃ​ការ​ធ្លាក់​យន្តហោះ មាន​ការ​អះអាង​ខុសៗ​គ្នា​ជុំវិញ​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ។ តែ​ពេល​នេះ អង់គ្លេស និង​អាមេរិក​បាន​បញ្ជាក់​ដូច​គ្នា​ថា យន្តហោះ​នោះ​បាន​ផ្ទុះ​ធ្លាក់​ដោយសារ​តែ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​យន្តហោះ​បង្ក​ឡើង​ដោយ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ អំណះអំណាង​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​លោក​ប្រធានាធិបតី​អេហ្ស៊ីប​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អង់គ្លេស​ក្នុង​ថ្ងៃទី៥ វិច្ឆិកា។