សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប​ឆែកឆេរ​ទំនិញគេចពន្ធ​បាន​២៩០៨​ប្រភេទ​ធ្វើការ​ពិន័យ​តាម​ច្បាប់

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ចម្រុះ​រួម​មាន​មន្ត្រី​គយ​សាខា​ខេត្តសៀមរាប និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ប្រ​តិ​ប​តិ្ត​ការ​ឆែកឆេរ​ទីតាំង​ស្តុ​ប​ទំនិញគេចពន្ធ​មួយ​កន្លែង ខណៈ​ដែល​ម្ចាស់​ទីតាំង​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ចំណែក​ទីតាំង​ដែល​ជា​បន្ទប់​ទាំង​បី​ខាងលើ​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។ ហេតុការណ៍​ចុះ​ប្រតិបត្តិការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ទំនិញគេចពន្ធ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុង​ក្រុង​សៀមរាប​នេះ​ធ្វើ​ឡើង​កាល​តាំងពី​ល្ងាច​រហូត​ដល់​យប់​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៥ ស្ថិត​នៅ​មុខ​អតីត​សាលាខេត្ត​ចាស់ ក្នុងភូមិ​មណ្ឌល​២ សង្កាត់​សា្វ​យ​ដង្គំ ក្រុង​សៀមរាប ។

ប្រភព​ពី​មន្ត្រី​គយ​បាន​ប្រាប់​«​កោះសន្តិភាព​»​នៅ​រសៀល​ថ្ងៃ​ទី​៥​វិច្ឆិកា​នេះ​ថា មុន​ឈាន​ដល់​ធ្វើការ​ត្រួតពិនិត្យ​(​ឆែកឆេរ​)​ទីតាំង​មួយ​កន្លែង​នៅ​មុខ​អតីត​សាលាខេត្ត​សៀមរាប​ចាស់ ដោយ​មានការ​សហការ​បាន​ល្អ​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​សុំ​យោបល់​ពី​តំណាង​អយ្យការ​ខេត្ត ។ លោក​បន្ត​ថា ក្រោយ​ពី​ត្រួតពិនិត្យ​(​ឆែកឆេរ​)​រួច​មក​រក​ឃើញ​ទំនិញគេចពន្ធ​មាន​ទំនិញ​ចម្រុះ​ចំនួន​២៩៨០​ប្រភេទ ដែល​មាន​ម្ចាស់​ទីតាំង​មានឈ្មោះ មួ ជូរ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មានស្រុក​កំណើត នៅ​ទីរួមខេត្ត​កំពង់ចាម បច្ចុប្បន្ន​សា្ន​ក់​នៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់​ខ្លួន​បណ្តោះ​អា​សន្ន​នៅ​នឹង​កន្លែង​តាម​បញ្ជា​របស់​ថ្នាក់លើ ។

ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា​ថា ក្រោយ​ពី​បាន​ធ្វើការ​ឆែកឆេរ​ទីតាំង​ខាងលើ​អស់​មួយ​យប់​រួច​​មក​ត្រូវ​បាន​ថ្នាក់លើ​ឱ្យ​កម្លាំង​ដេក​យាម​ការពារ​ទីតាំង និង​ម្ចាស់​ទីតាំង​ជាមួយ​និង​មន្ត្រី​គយ​អស់​មួយ​យប់​ រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ​ចាត់ការ​បន្ត ។ រីឯ​ទំនិញគេចពន្ធ​ទាំង​២៨៩០​មុខ ត្រូវ​បាន​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្តសៀមរាប​យក​ទៅ​រក្សា​ទុក​នៅ​ទី​ស្នាក់​ការ​គយ​ និង​រដ្ឋាករ​ខេត្ត​ ចំណែក​ម្ចាស់​ត្រូវ​ធ្វើការ​ពិន័យ​ទៅ​តាម​ច្បាប់​គយ ៕