ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង​ស្នងការ​រង​នគរបាល​ខេត្តកោះកុង

ខេត្តកោះកុង ៖ នៅ​រសៀល​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៥ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង​ស្នងការ​រង​នគរបាល​ខេត្តកោះកុង ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ ចាន់ អ៊ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​ក្រសួង​មហាផ្ទៃ​, លោក ប៊ុ​ន លើ​ត អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង ដោយ​មានការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​យ៉ាងច្រើន​កុះករ ។

នៅ​ក្នុង​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៦ សីហា ២០១៥ តាម​ប្រការ​១ សម្រេច​តែងតាំង​មុខ​តំណែង​លោក​វរ​ស​នី​យ៍​ឯក កៅ ប៊ុ​ន​គី​ម នាយ​ការិ​យា​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក ជា​ស្នងការ​រង និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​សណ្ដាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ។

លោក ប៊ុ​ន លើ​ត អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​មាន​មតិ​ស្វាគមន៍​ចំពោះ​គណៈអធិបតី ដោយ​លើក​ឡើង​ថា កន្លង​មក​ខេត្តកោះកុង​ពុំ​មាន​ផ្លូវ​គមនាគមន៍​ទូលំទូលាយ​ទេ ជា​ពិសេស​ផ្លូវគោក ប៉ុន្តែ​ពេល​នេះ​ខេត្តកោះកុង​ក៏​ដូច​ជា​ខេត្ត​ដ៏​ទៃ​ទៀត​ដែរ​ចរាចរណ៍​ផ្លូវគោក​គឺ​ត្រូវ​បាន​ត​ភ្ជាប់​ទៅ​ទូ​ទាំង​ប្រទេស ហេតុនេះ​អាជ្ញាធរ​ត្រូវ​ផ្ដោត​សំខាន់​លើ​បញ្ហា​សណ្ដាប់ធ្នាប់ ចរាចរ ជា​គោល​ដៅ​ឈានមុខ ដូច​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​លើក​ឡើង​ថា ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ។

លោកនាយ​ឧត្តមសេនីយ៍ ចាន់ អ៊ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​សង្កត់ធ្ងន់​ថា ការ​ផ្លាស់​ប្តូរ និង​តែងតាំង​មុខ​តំណែង​មន្ត្រី​ពុំ​មែន​ជា​កម្មសិទ្ធិ ឬ​បុព្វសិទ្ធិ​របស់​បុគ្គល​ណា​ម្នាក់​ទេ ប៉ុន្តែ​កន្លង​មក​ដោយ​ការ​យកចិត្តទុកដាក់ និង​ពង្រឹង​ផ្នែក​ទិស​ដៅ​សណ្ដាប់ធ្នាប់ ចរាចរ ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ និង​បទល្មើស​ម​ជ្ឈឹ​ម និង​ឧក្រិដ្ឋ​មានការ​ថយ​ចុះ ៕