ទិវា​អាហារូបត្ថម្ភ​៖ សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ចំនួន ៧​ចំណុច ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​

ភ្នំពេញ: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារ​ក្នុងឱកាស​ទិវា​អាហារូបត្ថម្ភ លើក​ទី​២ ក្រោម​ប្រធានបទ "​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ គឺជា​ការវិនិយោគ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ជីវិត​កូន​អ្នក​" នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​។​

​នៅក្នុង​សារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានសរសេរថា សម្តេច​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការរៀបចំ​ប្រារព្ធ​ទិវា​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង​។ ការ​ប្រារព្ធ​ទិវា​ជាតិ​អាហារូបត្ថម្ភ​នេះ ក្នុង​គោលបំណង​អប់រំ និង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ទូទាំងប្រទេស អំពី​សារៈសំខាន់ នៃ​អាហារូបត្ថម្ភ និង​លើកទឹកចិត្ត​បងប្អូន​ជនរួមជាតិ ឲ្យ​ចូលរួម​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នានា​របស់​រាជ​រដ្ឋា​ភ​បាល ក្នុងការ​កែលម្អ​ស្ថានភាព​អាហារូបត្ថម្ភ ជាពិសេស​ស្ត្រី និង​កុមារ ឲ្យ​មាន​ភាពប្រសើរឡើង ដោយ​ផ្តោត​ការយកចិត្តទុកដាក់ ជាពិសេស​ក្នុងការ​កាត់បន្ថយ​អត្រា​មរណភាព​ទារក​ទើបនឹង​កើត និង​ទប់ស្កាត់​មរណរ​បស់​កុមារ ព្រោះថា កុមារ​គឺជា​មូលធន​មនុស្ស​ដែល​មិនអាច​ខ្វះ​បាន សម្រាប់​បន្តវេន​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ និង​មាតុភូមិ នាពេល​អនាគត​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បន្តថា ថ្វីត្បិតតែ​មាន​វិធានការ​ជាច្រើន​ត្រូវបាន​ដាក់ចេញ ដើម្បី​លើកកម្ពស់​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ អត្រា​ស្ត្រី​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ មានការ​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ចុងឆ្នាំ​នេះ​។ ជាក់ស្តែង​របាយ​ការអង្កេត​សុខភាព និង​ប្រជាសាស្ត្រ​ឆ្នាំ​២០១៤​រប​ស់ក​ក្រសួងផែនការ បាន​បញ្ជាក់ថា អត្រា​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ តែមួយ​មុខ​គត់​សម្រាប់​កុមារ​អាយ ០-៦​ខែ​ដំបូង បាន​ធ្លាក់ចុះ​ពី ៧៣,៥% នៅ​ឆ្នាំ​២០១០ មក​ត្រឹម ៦៥% នៅ​ឆ្នាំ​២០១៤ ហើយ​ការបន្ត​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​សម្រាប់​អាយុ​១២-១៥​ខែ ក៏មាន​ការធ្លាក់ចុះ​ផងដែរ​។ កត្តា​ទាំងនេះ អាចមាន​ហេតុផល​មួយចំនួន ដែល​បណ្តាល​ឲ្យ​អត្រា​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​មានការ​ធ្លាក់ចុះ ដូចជា កង្វះខាត​ចំណេះដឹង​អំពី​ការ​បំបៅ​កកូន​ដោយ​ទឹកដោះ​ម្តាយ កង្វះ​ការគាំទ្រ​ពី​សំណាក់​ក្រុមគ្រួសារ​ក្នុងការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ការធ្វើ​ចំណាកស្រុក​ដើម្បី​ស្វែងរក​ការងារ​ធ្វើ ការសម្រាកលំហែ​មាតុភាព​មាន​ពេលវេលា​ខ្លី​ពេក​នៅ​កន្លែងធ្វើការ និង​ការរីកដុះដាល នៃ​ការផ្សព្វផ្សាយ​លក់​ផលិតផល​ម្ស៉ៅ​ទឹកដោះគោ​ជំនួស​ទឹកដោះ​ម្តាយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​ន​មានការ​ភ័ន្តច្រឡំ​អំពី​គុណ​តម្លៃ​ទឹកដោះ​ម្តាយ​។

​ដូច​របាយការណ៍​អង្កេត​របស់​អង្គការ Helen Keller International (HKI) ឆ្នាំ​២០១៤ ស្តីពី​ការផ្សព្វផ្សាយ​ការលក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ នៅ​រាជធានី​ភ្នំពេញ បាន​បង្ហាញថា ៨៦% នៃ​ម្តាយ​ដែលមាន​កូន​អាយុ​ក្រោម​២​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ បាន​អាន ឃើញ ឬឮ​ការផ្សព្វផ្សាយ​លក់​ផលិតផល​ម្ស៉ៅ​ទឹកដោះគោ ផ្សំ​តាម​រូបមន្ត​សម្រាប់​ក​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​។​

​នៅក្នុង​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សូម​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​កំពុងធ្វើការ​លើ​ផ្នែក​គាំពារ​មាតា និង​ទារក និង​អាហារូបត្ថម្ភ ឲ្យ​បន្ត​អនុវត្តន៍​សកម្មភាពរ​បស់​ខ្លួន​ដូចតទៅៈ ១.​បង្កើន​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ ដើម្បី​ធានា​ឲ្យ​បាន​នូវ​វ​អាហារូបត្ថម្ភ​សម្រាប់​មាតា និង​កុមារ ដែល​ក្នុងនោះ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ គឺជា​ការវិនិយោគ​ដ៏​ប្រសើរ​បំផុត ដើម្បី​កាត់បន្ថយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​កុមារ​។ ២.​បន្ត​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់ នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។ ៣.​បន្ត​ជម្រុញ​ឲ្យ​មាតា​ទៅពិនិត្យ​ផ្ទៃពោះ​មុនពេល​សម្រាល និង​សម្រាលកូន​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​។ ៤.​បន្ត​ផ្តល់​សេវា​សុខភាព និង​យកចិត្តទុកដាក់​ថែទាំ​សុខភាព​មាតា និង​ក​កុមារ តាមរយៈ​ការពង្រីក​បន្ថែម​ប​ន្ទីរ​ពេទ្យ និង​សហគមន៍​ស្រលាញ់​ទារ​កនៅ​ទូទាំងប្រទេស​។ ៥.​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន ត្រូវ​បន្ត​ផ្សព្វផ្សយ និង​បង្កើត​កម្មវិធី​ផ្សេងៗ ឲ្យ​សកម្ម​ពាក់ព័ន្ធ​នឹង​អាហារូបត្ថម្ភ និង​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ប្រកបដោយ​ខ្លឹមសារ និង​អត្ថន័យ​អប់រំ​។ ៦.​បន្ត​អនុវត្ត​ឲ្យ​បាន​ម៉ឹងម៉ាត់​នូវ​អនុក្រឹត្យ​លេខ​១៣៣ អនក​.​ប្រក ចុះ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០០៥ ស្តីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ទារក​និង​កុមារ និង​ប្រកាស​រួម​អន្តរក្រសួង​លេខ ០៦១ ចុះ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០០៧ ស្តីពី​ការអនុវត្ត​អនុក្រឹត្យ​លេខ ១៣៣ ស្តីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​។ ៧.​បន្ត​រៀបចំ​យន្តការ​ត្រួតពិនិត្យ តាមដាន និង​គ្រប់គ្រង​ការឃោសនា​ពាណិជ្ជកម្ម និង​ការផ្សព្វ​ផ្សាយ​លក់​ផលិតផល​ម្សៅ​ទឹកដោះគោ​ផ្សំ​តាម​រូបមន្ត ដែល​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ​ដល់​សាធារណជន​។​

​នៅ​ចុងបញ្ចប់​នៃ​សារ សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​ប្រារព្ធ​ទិវា​ជាតិ​អា​ហ​រូប​ត្ថ​ម្ភ​លើក​ទី​២ នេះ នឹង​បង្កើន​ឆន្ទៈ​របស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ទូទៅ ឲ្យ​កាន់តែ​យកចិត្ត​ទុកដាក់​ថែម​មួយកម្រិត​ទៀត ក្នុងការ​ចូលរួម​លើកកម្ពស់​អាហារូបត្ថម្ភ តាមរយៈ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ សំដៅ​រួមចំណែក​លើ​កម្ពស់​សុខភាព និង​សុខ​មាលភាព​មាតា ទារក និង​កុមារ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុខដុម​នីយកម្ម​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​៕​