ក្រសួង​មហាផ្ទៃ​បញ្ជា​ឲ្យ​អាជ្ញាធរ​ពង្រឹង​ការ​ការពារ​សុវត្ថិភាព​អ្នក​នយោបាយ​គ្រប់​និន្នាការ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់​ពង្រឹង​ការ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ឥស្សរជន​នយោបាយ​គ្រប់​និន្នាការ​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន។ ការ​ដាក់​ចេញ​បទបញ្ជា​នេះ នៅ​បន្ទាប់​ពី​មាន​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា កន្លង​ទៅ។ អង្គការ​សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​មួយ​ចំនួន​រិះគន់​ថា បទបញ្ជា​នេះ​ពុំ​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ។

លិខិត​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា ដើម្បី​ចូលរួម​ថែរក្សា​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម សំដៅ​លើក​កម្ពស់​ការ​លើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា នោះ ក្រសួង​មហាផ្ទៃ សូម​ណែនាំ​ដល់​អភិបាល​ខេត្ត​នៃ​គណៈ​អភិបាល​ខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត​ទាំង​អស់ ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​សមស្រប និង​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការ​ពង្រឹង​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ឥស្សរជន​នយោបាយ​គ្រប់​និន្នាការ អ្នក​ការទូត និង​ធុរជន​ដែល​កំពុង​រស់​នៅ ឬ​បំពេញ​បេសកកម្ម​ការងារ​នៅ​តាម​មូលដ្ឋាន​នានា នៅ​តាម​រាជធានី​ខេត្ត​របស់​ខ្លួន។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ លើក​ឡើង​ថា លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ គឺ​ជា​ការ​ក្រើន​រំលឹក​ដាស់តឿន​ជា​ថ្មី​ដើម្បី​កុំ​ឲ្យ​មាន​ការ​ធ្វេសប្រហែស​ឆក​ល្វែង​បណ្ដាល​ឲ្យ​មាន​អំពើ​ហិង្សា ដូច​ករណី​វាយតប់​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​ឲ្យ​រង​របួស​ធ្ងន់ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា កន្លង​ទៅ។ ទន្ទឹម​នេះ លោក​ទទូច​ឲ្យ​អ្នកនយោបាយ​គ្រប់​និន្នាការ​ទាំង​អស់​គួរ​តែ​សហការ​ជាមួយ​អាជ្ញាធរ​ផង​មុន​ចុះ​មូលដ្ឋាន​ម្តងៗ៖ «»។

​អភិបាល​ខេត្ត​ព្រៃវែង លោក ហាស់ សារ៉េត មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ឃើញ​លិខិត​របស់​ក្រសួង​មហាផ្ទៃ នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា គណៈ​បញ្ជាការ​ឯកភាព គឺ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ការពារ​សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​បាន​ល្អ​ប្រសើរ។

ទាក់ទិន​នឹង​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ឥស្សរជន​នយោបាយ​គ្រប់​និន្នាការ​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​សរសើរ​គណៈ​បញ្ជាការ​ខេត្ត​ទាំង​អស់​ថា បាន​បំពេញ​តួនាទី​ភារកិច្ច​ល្អ​ដដែល។ លោក​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ដែល​ជួប​បញ្ហា​អ្វី​នោះ​ទេ​ពេល​ចុះ​មូលដ្ឋាន​ម្តងៗ៖ «»។

​ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ជួប​បញ្ហា​រំខាន​យាយី​ជា​ញឹកញាប់​ពេល​ចុះ​ជួប​ប្រជាពលរដ្ឋ​ម្តងៗ លោក​នៅ​តែ​ព្រួយ​បារម្ភ​ថា បទបញ្ជា​នេះ​អាច​ពុំ​សូវ​មាន​ការ​អនុវត្ត​ពេញលេញ​នោះ​ទេ៖ «»។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា កន្លង​ទៅ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប ត្រូវ​បាន​ក្រុម​ជន​ដៃដល់​មួយ​ក្រុម​ព្រួត​វាយ​អោយ​របួសធ្ងន់​នៅ​មុខ​រដ្ឋ​សភា ហើយ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា កន្លង​ទៅ ប្រជាពលរដ្ឋ​មួយ​ក្រុម​នៅ​ខេត្ត​ឧត្តរមានជ័យ ក៏​បាន​នាំ​គ្នា​ជិះ​គោយន្ត​រារាំង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​អោយ​ឃោសនា​នយោបាយ​នៅ​ក្នុង​តំបន់​ពួកគេ​ដែរ។ ករណី​នេះ លោក អេង ឆៃអ៊ាង រិះគន់​អាជ្ញាធរ​ថា មិន​បាន​ចាត់​វិធានការ​ការពារ និង​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពេញ​លេញ​នោះ​ទេ។

ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ យល់​ឃើញ​ថា បទបញ្ជា​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ឥស្សរជន​នយោបាយ​គ្រប់​និន្នាការ​នេះ នៅ​មិន​ទាន់​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​ថា ថ្នាក់ដឹកនាំ​មិន​ទាន់​ក្លាយ​ជា​គំរូ​ល្អ​​កុំ​អោយ​មាន​ការ​រើសអើង​នយោបាយ​នៅ​ឡើយ៖ «»។

​បើ​តាម​របាយការណ៍​នៃ​សកម្មភាព​តំណាងរាស្ត្រ​របស់​គណបក្ស​នៅ​ក្នុង​រដ្ឋសភា​ទាំង​ពីរ​ដែល​ឃ្លាំមើល​ដោយ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) ធ្លាប់​បង្ហាញ​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​មូលដ្ឋាន​បាន​ច្រើន​ជាង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​គណបក្ស​ដែល​រង​គ្រោះ​ច្រើន​ជាង​គេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។