ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា ថ្លែង​បន្ត​ពង្រឹង​ចំណង​មិត្តភាព​ជាមួយ​កម្ពុជា

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ថ្លែង​ថា នឹង​ពង្រឹង​ចំណង​មិត្តភាព​ជាមួយ​ប្រទេស​កម្ពុជា បន្ត​ទៀត។ ការ​លើក​ឡើង​របស់ លោក បារ៉ាក់ អូបាម៉ា នេះ ធ្វើ​ឡើង​នៅ​ក្នុង​លិខិត​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ដើម្បី​ចូលរួម​អបអរ​សាទរ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា។

លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែង​ថា តាង​នាម​ឲ្យ​ពលរដ្ឋ​សហរដ្ឋ​អាមេរិក លោក​សូម​ចូលរួម​អបអរ​សាទរ និង​ជូន​ពរ​ពលរដ្ឋ​កម្ពុជា ទទួល​នូវ​សេចក្តី​សុខ ស្រប​ពេល​ដែល​កម្ពុជា កំពុង​ត្រៀម​រៀបចំ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា។

លោក បារ៉ាក់ អូបាម៉ា ក៏​បាន​ទូល​រំឭក​ព្រះមហាក្សត្រ​ខ្មែរ​ពី​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​កម្ពុជា របស់​ភរិយា​លោក គឺ​លោកស្រី មីស្សែល អូបាម៉ា (Michelle Obama) កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥។ លោក​ថា ដំណើរ​ទស្សនកិច្ច​នេះ​បាន​បង្ហាញ​ពី​មិត្តភាព​ជ្រាលជ្រៅ​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។ លោក​ថា លោក​នឹង​បន្ត​ពង្រឹង​នូវ​មិត្តភាព​នេះ ដើម្បី​លើក​កម្ពស់​នូវ​វិបុលភាព​រវាង​ប្រជាជាតិ​នៃ​ប្រទេស​ទាំង​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។