អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ពីរ​ថ្ងៃ

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​ផ្នែក​សេរីភាព​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី និង​ការ​បង្កើត​សមាគម លោក ម៉ៃណា គីអៃ (Maina Kiai) នឹង​ធ្វើ​ទស្សនកិច្ច​មក​ប្រទេស​កម្ពុជា ចំនួន ២​ថ្ងៃ ដោយ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា។

មន្ត្រី​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី គ្រីស្ទីន ភីគឃើរីង (Christine Pickering) ថ្លែង​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ថា ខាង​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ មិន​អាច​បរិយាយ​ពី​ដំណើរ​ទស្សនកិច្ច​របស់ លោក ម៉ៃណា គីអៃ ទេ ព្រោះ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា លើក​នេះ​ជា​ដំណើរ​ផ្ទាល់​ខ្លួន​របស់​លោក។

ទោះ​ជា​ដូច្នេះ​ក្ដី មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា មាន​ប្រសាសន៍​ថា លោក​នឹង​ជួប លោក ម៉ៃណា គីអៃ នៅ​រសៀល​ថ្ងៃ​ទី​៨ វិច្ឆិកា ទាក់ទង​នឹង​រឿង​សិទ្ធិ​សេរីភាព​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី និង​ការ​បង្កើត​សមាគម៖ «ជួប​ជាមួយ​គាត់ ដោយសារ​គាត់​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សេរីភាព​ទាំង​បី សេរី​បញ្ចេញ​មតិ ការ​ជួប​ជុំ និង​ការ​បង្កើត​សមាគម។ ដល់​អ៊ីចឹង នឹង​ផ្ដោត​ទៅ​លើ​សេរីភាព​ទាំង​បី។ អាច​មាន​និស្សិត​ជួប​នៅ​អង្គការ ខនរ៉ាដ ជួប​ក្រុម​និស្សិត អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ ហើយ​ចំនួន​មនុស្ស​ប្រហែល​ជា ៥០​ជាង​អី​ទេ ដោយសារ​បន្ទប់​តូច។ មាន​ការ​ចាត់​ចែង​ផ្សេង​ទៀត ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ច្បាស់​តែ​ព័ត៌មាន​ហ្នឹង​មួយ»

កន្លង​មក លោក ម៉ៃណា គីអៃ បាន​លើក​ពី​ការ​ព្រួយ​បារម្ភ​របស់​លោក​ចំពោះ​រាជ​រដ្ឋាភិបាល អំពី​ការ​ហាម​ប្រាម​មិន​ឲ្យ​ពលរដ្ឋ​ប្រមូល​ផ្ដុំ​តវ៉ា និង​ការ​បង្ក្រាប​ការ​ប្រមូល​ផ្ដុំ​ទាំង​នោះ និង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ លោក​ក៏​ធ្លាប់​ជួប​មន្ត្រី​រដ្ឋាភិបាល គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និស្សិត ដើម្បី​ស្វែង​យល់​ពី​សិទ្ធិ​សេរីភាព​ទាំង​បី​នៅ​កម្ពុជា។

ដំណើរ​ទស្សនកិច្ច​របស់ លោក ម៉ៃណា គីអៃ នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ មក​កម្ពុជា បន្ទាប់​ពី​ទស្សនកិច្ច​សិក្សា និង​មិន​មែន​ផ្លូវ​ការ​របស់​លោក​លើក​ទី​១ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។