តុលាការ​ចោទប្រកាន់​គ្រូបង្រៀន​ដែល​ពិន័យ​ឱ្យ​សិស្ស​ប្រុស​ស្រាតសំពត់​សិស្ស​ស្រី​នៅ​ស្រុក​រំដួល​ហើយ

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ២០១៥ វេលា​ម៉ោង​៥​ល្ងាច លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ធ្វើការ​ចោទប្រកាន់​លោក ដួង សា​នេ​ត គ្រូបង្រៀន​ថ្នាក់​ទី​២ នៃ​សាលា​បឋម​សិក្សា​ហ៊ុន សែន វត្ត​ថ្មី ហើយ​គឺ​ចោទ​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​អាស់​ប្រឆាំង​នឹង​អនីតិជន​ក្រោម​១៥​ឆ្នាំ ។

ទាក់ទិន​ករណី​នេះ​ដែរ លោក ផា​ន់ រតនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា លោក​បាន​ចោទប្រកាន់​ជនសង្ស័យ​ឈ្មោះ ដួង សា​នេ​ត ភេទ​ប្រុស អាយុ​៤៣ឆ្នាំ ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​អាស់​ប្រឆាំង​នឹង​អនីតិជន​ក្រោម​១៥​ឆ្នាំ និង​បាន​ដាក់​សំណើ​ទៅ​លោក​ចៅក្រម​ស៊ើបសួរ សុំ​ឲ្យ​លោក​ចៅក្រម​ឃុំ​ខ្លូ​ន​បណ្តោះអាសន្ន​ចំពោះ​ជន​ត្រូវ​ចោទ​រួច​ហើយ ក៏​ប៉ុន្តែ​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​សិន ដោយសារ​សំណុំរឿង​ស៊ើបអង្កេត​ដាក់​សំណើ​ទៅ​លោក​ប្រធាន​តុលាការ ​ហើយ​លោក​ប្រធាន​តុលាការ​ពុំ​ទាន់​ចាត់​របៀប​ឲ្យ​លោក​ចៅក្រម​រូប​ណា​កាន់​សំណុំរឿង​នេះ​ទេ ហើយ​ឃុំខ្លួន ឬ​មិន​ឃុំ សូម​រង់ចាំ​ស​ប្តា​ហ៍​ក្រោយ នៅ​ពេល​លោក​ចៅក្រម​ស៊ើបសួរ​ដំណើ​រការ​និ​តិ​វិធី ។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ង​ទី​១៨ ឧសភា ២០១៥ មាតាបិតា​សិស្ស​បាន​ចោទប្រកាន់​លោក ដួង សា​នេ​ត គ្រូបង្រៀន​ថ្នាក់​ទី​២ នៃ​សាលា​បឋម​សិក្សា ហ៊ុន សែន វត្ត​ថ្មី ស្ថិត​ក្នុង​ឃុំ​សង្កែ ស្រុក​រំដួល ថា បាន​ដាក់​ទណ្ឌកម្ម​សិស្ស​ស្រី​អាយុ​១១​ឆ្នាំ គ្រាន់តែ​មិន​ចេះ​អាន​អក្សរ ត្រូវ​ដាក់​ទណ្ឌកម្ម​ដោយ​ឲ្យ​សិស្ស​ប្រុស​សម្រាត​សំពត់​សិស្ស​ស្រី​របូត​ដល់​កែងជើង​នៅ​មុខ​មិត្ត​រួម​ថ្នាក់ ធ្វើ​ឲ្យ​មាតា​បិតា​សិស្ស​ខឹងសម្បារ ហើយ​សុំ​ឲ្យ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ដក ឬ​បញ្ឈប់​លោកគ្រូ ដួង សា​នេ​ត ចេញពី​សាលា​បឋម​សិក្សា​ហ៊ុន សែន វត្ត​ថ្មី ។

រហូត​ដល់​ថ្ងៃ​ទី​៥ វិច្ឆិកា​នេះ លោក​ព្រះរាជអាជ្ញា​បាន​ចោទប្រកាន់​រួចរាល់​ហើយ ដូច្នេះ​លោក ដួង សា​នេ​ត មិន​អាច​រួច​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ ៕