ប្រធានាធិបតី​បារាំង​សុំ​កូរ៉េខាងត្បូង​ចែករំលែក​បច្ចេកវិទ្យា​ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍ​

​ក្នុង​ការបិទ​បញ្ចប់​ទស្សនកិច្ច​ការទូត​នៅ​អាស៊ី ថ្ងៃ​ពុធ​ម្សិលមិញ ប្រធានាធិបតី​បារាំង​ហ្វ្រ​ង់​ស៊័​រ ហូ​ឡង់ បាន​សុំ​ឲ្យ​កូរ៉េខាងត្បូង​ចែករំលែក​បច្ចេកវិទ្យា​ជាមួយ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​ទប់ស្កាត់​ការ​កើន​សីតុណ្ហភាព​ផែនដី​។ បារាំង​ត្រូវ​រៀបចំ​សន្និសីទ​ស្តីពី​ការ​កើន​សីតុណ្ហភាព​ភព​ផែ​នន​ដី នៅ​ចុងខែ​វិច្ឆិកា​នេះ​។ បារាំង ត្រូវការ​កូរ៉េខាងត្បូង​ដើម្បី​ជំរុញ​ឲ្យ​សន្និសីទ​ទទួលជោគជ័យ សម្រេចបាន​កិច្ចព្រមព្រៀង​។

​បន្ទាប់ពី​បាន​ទស្សនកិច្ច​នៅ Chongqing និង​ក្រុង​ប៉េកាំង​រួចមក ប្រធានាធិបតី​បារាំង បាន​បន្តដំណើរ​ទៅ​កូរ៉េខាងត្បូង​ដើម្បី​ជំរុញ​ឲ្យ​លោកស្រី​ប្រធានាធិបតី ផាក ហ្គ​ន​ហេ ព្រម​ចែករំលែក​បច្ចេកវិទ្យា​ជាមួយ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​។

​កូរ៉េខាងត្បូង ជា​ប្រទេស​ទី​១​នៅ​អាស៊ី ដែល​បាន​បង្កើត​នូវ​នយោបាយ​ទីផ្សារ​កាបូន​ជាតិ ដែលជា​នយោបាយ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ នយោបាយ​នេះ​តម្រូវ​ឲ្យ​សហគ្រាស រោងចក្រ​នានា ដែល​បញ្ចេញ​ឧស្ម័ន​បំពុលបរិយាកាស ធ្វើការ​បង់ប្រាក់​ជូន​រដ្ឋ ទៅតាម​បរិមាណ​ឧស្ម័ន​ពុល​ដែល​សាយភាយ​ទាំងនេះ​។ នយោបាយ​កាបូន​ក្រុង​សេ​អ៊ូ​ល​ក៏​លើកទឹកចិត្ត​រាល់​សហគ្រាស រឺ​បណ្តាជន​ដែល​ប្រើប្រាស់​ថាមពល​មិនចេះ​រីងស្ងួត​ផងដែរ​។

​សម្រាប់​ប្រធានាធិបតី​បារាំង នយោបាយ​នេះ​ជា​គន្លឹះ​ជោគជ័យ​មួយ ក្នុងការ​ការពារ​បរិ​ស្ថាន និង​ចូលរួម​កាត់​បន្ថយកំដៅ​ផែនដី​។ ដូច្នេះ បារាំង​ត្រូវការ​កូរ៉េខាងត្បូង​ជា​ចាំបាច់ ក្នុងការ​ចែករំលែក​ប​ច្ចេក​វិទ្យា និង​ថាមពល​ទាំងនេះ ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍ​។ លោក​ហូ​ឡង់​ចង់​ឲ្យ​ប្រទេស​អភិវឌ្ឍ​ជួយ​ប្រទេស​ទើប​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង បែបយ៉ាង​ឥណ្ឌា ឲ្យ​ទទួលបាន​បច្ចេកវិទ្យា​ស្តីពី​ថាមពល​មិនចេះ​រីងស្ងួត​។ ឥណ្ឌា​ជា​ប្រទេស​លំដាប់​ទី​៤​ក្នុង​ពិភពលោក ដែល​បំពុលបរិស្ថាន​ច្រើនជាងគេ​។

​បារាំង​សង្ឃឹម​ដែរ​ថា ក្រុង​សេ​អ៊ូ​ល​អាចជា​អ្នក​សម្រួល​ឲ្យ​បណ្តា​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​ទើប​មាន​សេដ្ឋកិច្ច​រីកលូតលាស់ បែបយ៉ាង​ឥណ្ឌា សម្រេចបាន​កិច្ចព្រមព្រៀង​បរិស្ថាន​មួយ នៅ​ប៉ារីស ក្នុងអំឡុង​ចុងឆ្នាំ​២០១៥​នេះ​។

​មុន​កូរ៉េខាងត្បូង លោក​ហ្វ្រ​ង់​ស៊័​រ ហូ​ឡង់ បាន​ចុះទៅ​ចិន ជួប​លោក​ស៊ី ជីន​ពីង ជជែក​ពី​រឿង​សីតុណ្ហភាព​ផែនដី​នេះ​រួចហើយ​។ ប្រធានាធិបតី​ចិន​បាន​សន្យា​ចូលរួម​ជួយ​ឲ្យ​សន្និសីទ​នៅ​ក្រុងប៉ារីស​នា​ចុងខែ​នេះ ទទួលបាន​ជោគជ័យ ឈានទៅរក​កិច្ចព្រមព្រៀង​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​