លោក សម រង្ស៊ី និង​លោក កឹម សុខា ទៅ​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​ជា​ថ្មី

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អញ្ជើញ​ទៅ​ចូល​ប្រជុំ​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​អាស៊ី នៅ​ប្រទេស​ម៉ុងហ្គោលី (Mongolia) នៅ​រាត្រី​ថ្ងៃ​ទី​៥ វិច្ឆិកា នេះ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ទី​៥ វិច្ឆិកា ថា លោក សម រង្ស៊ី មាន​បេសកកម្ម​រយៈពេល ១០​ថ្ងៃ​នៅ​ប្រទេស​ម៉ុងហ្គោលី គឺ​ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១៥ វិច្ឆិកា។

ក្រៅ​ពី​ប្រជុំ​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​អាស៊ី នោះ លោក សម រង្ស៊ី នឹង​រួម​ដំណើរ​ជាមួយ លោក កឹម សុខា ទៅ​កាន់​ប្រទេស​ជប៉ុន ដើម្បី​ធ្វើ​កិច្ចការ​ការទូត​ជាមួយ​តំណាង​រាស្ត្រ​ជប៉ុន និង​មន្ត្រី​ជាន់​ខ្ពស់​ជប៉ុន មួយ​ចំនួន​ទៀត។ ក្រៅ​ពី​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន មេ​ដឹក​នាំ​ទាំង​ពីរ​នាក់ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា នឹង​ទៅ​ជួប​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា លោក កឹម សុខា មិន​បាន​ទៅ​ចូលរួម​ប្រជុំ​នៅ​ប្រទេស​ម៉ុងហ្គោលី ជាមួយ លោក សម រង្ស៊ី ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក អេង ឆៃអ៊ាង មិន​បាន​បញ្ជាក់​លម្អិត​នោះ​ទេ​ថា តើ​កិច្ច​ប្រជុំ​នោះ​នឹង​ជជែក​ពី​អ្វី​ខ្លះ​នោះ​ទេ? តែ​លោក​បញ្ជាក់​ថា កិច្ច​ប្រជុំ​នេះ​គេ​ធ្វើ​មួយ​ឆ្នាំ​ម្ដង ដែល​គណបក្ស​សង្គ្រោះ​ជាតិ ជា​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​អាស៊ី ហើយ​គណបក្ស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​នៅ​អាស៊ី ក៏​ជា​សមាជិក​គណបក្ស​នេះ​ដែរ។

ការ​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​ជា​ថ្មី​ទៀត​របស់ លោក សម រង្ស៊ី នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ជួប​ពិភាក្សា​សម្ងាត់​ជាមួយ លោក ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​ទី​៤ វិច្ឆិកា ដោយ​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ប្ដេជ្ញា​បន្ត​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជា​គោល ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​មាន​ដ៏​ចម្រូងចម្រាស​នា​ពេល​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។