ពលរដ្ឋ​ខ្មែរ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នៅតែ​ត្រូវបាន​ទាហាន​សៀម​បាញ់​ឲ្យ​រងរបួស​

​សកម្មជន​សិទ្ធិមនុស្ស​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានដឹងថា សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​តំបន់  រគាម​មាស និង​ច្រក​តា​ទុំ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក​វរសេនីយ៍ឯក ភោគ ភន និង លោក​ហង្ស បូ​រិ​ន កំពុងតែ​បើកចំហ​ការឆ្លង​ដែន​របស់​ពល​រដ្ឋ​ខ្មែរ​ទៅ​កាប់​ឈើ​គ្រញូង​ក្នុងប្រទេស​សៀម ក្នុង​១​ថ្ងៃៗ​រាប់សិប​នាក់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើទោះជា​ទាហាន​សៀម​បាន​បាញ់​ពលរដ្ឋ​ខ្មែរ​បណ្តាល​ឲ្យ​ស្លាប់ និង​រងរបួស​ជា​បន្តបន្ទាប់​ក៏ដោយ ក៏​គេ​សង្កេតឃើញថា​នៅតែមាន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​នៅក្នុង​ទឹកដី​សៀម​ដដែល​។

​សកម្មជន​សិទ្ធិមនុស្ស​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​មួយក្រុម​ដែល​បាន​ឆ្លងដែន​ខុសច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​នៅក្នុង​ស្រុក​ភូ​ស៊ី​ង ខេត្ត​ស៊ីសាកេត ប្រទេស​សៀម ត្រូវបាន​ទាហាន​សៀម​ដើរល្បាត​ជួបប្រទះ​បាញ់​បណ្តាលអោយ​របួសធ្ងន់ និង​ស្រាល​៤​នាក់​កាលពី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដែល​បញ្ហា​នេះ​សមត្ថកិច្ច​ស្រុក​អន្លង់វែង​បាន​ត្រឹម​ឆ្លើយ​យករួចខ្លួន​ប៉ុណ្ណោះ​។​បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​ទាហាន​សៀម​បាញ់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ចំនួន​២​នាក់​ខាងលើ​កំពុងតែ​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ត្អូញត្អែរថា​ការដែល​មាន​ប្រជាពលរដ្ឋ​បន្ត​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​ដោយ​ខុសច្បាប់​នៅក្នុង​ទឹកដី​សៀម គឺ​ដោយសារតែ​ប្រជាពលរដ្ឋ​ភាគច្រើន​គ្មាន​ចំណេះដឹង មុខរបរ និង​ការងារ​ធ្វើ​ជាដើម​។ ប្រភព​ដដែល​បាន​រៀបរាប់ថា បើ​រដ្ឋាភិបាល​គ្រាន់តែ​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​បានដឹង​ពី​ផលវិបាក​កើតចេញពី​ការកាប់​ឈើ​ខុសច្បាប់​នោះ​គ្មាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​មិនបាន​ដោះស្រាយ​ឲ្យ​ចំ​ប្ញ​សគល់​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដែល​កំពុងតែជួបប្រទះ​។​

​ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រួច​រស់​ជីវិត​ពី​ការបាញ់រះ​ពី​សំណាក់​ទាហាន​សៀម​មកលើ​ក្រុម​ពួកគាត់ ហើយ​នាំគ្នា​រត់គេចខ្លួន​មកដល់​ទឹកដី​ភូមិកំណើត​វិញ​កាលពី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​រៀបរាប់ថា មន្ត្រី​រដ្ឋាភិបាល​បាន​ត្រឹម​ស្តីបន្ទោស និង​អប់រំ​ប្រជាពលរដ្ឋ​ដែល​ឆ្លងដែន​ទៅធ្វើ​ការ​ស្របច្បាប់ និង​មិន​ស្របច្បាប់​នៅ​ប្រទេស​សៀម តែ​ពួកគេ​មិនបាន​មើលឃើញ​ពី​អសមត្ថភាព​របស់​ពួកគេ​ក្នុង​ការដឹកនាំ​ប្រទេស​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​ក្នុងប្រទេស​កម្ពុជា​មានកា​រងារ​ល្អ រស់នៅ​សមរម្យ​ដូច​ប្រទេស​សៀម នោះ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​មិន​ចំណាកស្រុក​ទៅ​ប្រទេស​សៀម​ដើម្បី​រកប្រាក់​ចិញ្ចឹមជីវិត​យ៉ាង​វេទនា​ឡើយ​៕

fe-4 fe-11