ក្រសួងសង្គមកិច្ច សម្រេចបង្កើត ក្រុមការងារ បច្ចេកទេស ដោះស្រាយ បញ្ហាជនអនាថា

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច ចេញសេចក្តីសម្រេច បង្កើតឲ្យមានក្រុមការងារបច្ចេកទេស ដើម្បីដោះស្រាយបញ្ហាជនអនាថា ក្នុងបំណងជំរុញបន្ថែមការងារ ដោះស្រាយបញ្ហាជនអនាថា ធានាឲ្យមានប្រសិទ្ធភាព ខណៈដែលទទួលការរិះគន់ ជាបន្តបន្ទាប់ ពីការគ្រប់គ្រងមណ្ឌលព្រៃស្ពឺ។

ក្រសួងសង្គមកិច្ច បានបើកកិច្ចប្រជុំមួយ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការងាររបស់គណៈកម្មាធិការជាតិ ដោះស្រាយបញ្ហាជន អនាថា ក្នុងនោះសម្រេចបង្កើតការងារបច្ចេកទេស ដើម្បីដោះស្រាយបញ្ហាជនអនាថា បង្កើតឲ្យមានយុទ្ធសាស្ត្ររួម សម្រាប់ដោះស្រាយបញ្ហា ជនអនាថា ដោយរួមបញ្ចូលការស្តារនីតិសម្បទា ការធ្វើសមាហរណកម្ម ទៅក្នុងសហគមន៍ និងទប់ស្កាត់ការវិលត្រឡប់ មកសុំទានវិញជាដើម។

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានមានប្រសាសន៍ ក្នុងអង្គពិធីថា ក្រុមការងារបច្ចេកទេស ដើម្បីដោះស្រាយបញ្ហាជនអនាថា ធ្វើឡើងបំណងឲ្យមានភាពប្រសើរឡើង ក្នុងការគ្រប់គ្រងជនអនាថានៅកម្ពុជា។

លោកមានប្រសាស៍ថា “ យើងចង់ឲ្យមានមណ្ឌល សម្រាប់ជនអនាថា ជនវិកលចរិត ផ្សេងពីមណ្ឌលព្រៃស្ពឺ ព្រោះមណ្ឌលព្រៃស្ពឺ តាមពិតទៅជាមណ្ឌលស ម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈជនស័្មគ្រចិត្តតែប៉ុណ្ណោះ”។

លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស ក្រសួងសង្គមកិច្ច ក៏ថ្លែងបញ្ជាក់ថា បញ្ហាចម្បង ក្នុងការដោះស្រាយបញ្ហាជនអនាថា គឺទី១ គ្មាននីតិវិធីអនុវត្តមុខងារ និងគ្មានធនធានគាំទ្រ។ លោកថា « ក្រុមការងារបច្ចេកទេសនេះ ជួយដល់គណៈកម្មាធិការជាតិបច្ចុប្បន្ន ដែលដើរយឺតដើម្បីឲ្យមានប្រសិទ្ធភាព»។

យោងតាមរបាយការណ៍ របស់ក្រសួងសង្គមកិច្ច បានឲ្យដឹងថា បច្ចុប្បន្នស្ថិតិជនអនាថា មានសរុប ៣២៩៥នាក់ ក្នុងនោះមានកុមារ ៤៤៨នាក់។ ក្នុងនោះមានជនអនាថា នៅក្នុងមណ្ឌលរដ្ឋចំនួន ១៩២នាក់ ក្នុងមណ្ឌលអង្គការមាន ២០៨៨នាក់ និងនៅសហគមន៍មានចំនួន ១០១៥នាក់ ។ រីឯជនវិកលចរិតសរុបចំនួន ៤០៦នាក់ ក្នុងនោះមានកុមារ ១១នាក់៕

ក្រសួងសង្គមកិច្ច សម្រេចបង្កើត ក្រុមការងារ បច្ចេកទេស ដោះស្រាយ បញ្ហាជនអនាថា