បុរស​ម្នាក់​បាក់​.​ក​ស្លាប់​ភ្លាម​ដោយសារ​រថយន្ត​នី​សាន់​បុក​ម៉ូតូ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​២​នាក់​ទៀត​រង​របួសស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​នី​សាន់​ប្រភេទ​តួ​រី​ស និង​ម៉ូតូ​កាលពី​វេលា​ម៉ោង​៨ និង​០៥​នាទី​យប់ ថ្ងៃ​ទី​០៥ វិច្ឆិកា ២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី AXELO សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BH-0617 ចំណែក​រថយន្ត​បង្ក​ម៉ាក​នី​សាន់​ប្រភេទ​តួ​រី​ស​១២​កៅអី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-9256 ដែល​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​តែ​រថយន្ត និង​កម្មករ​២​នាក់​នៅ​លើ​រថយន្ត​ដែល​បាន​រង​របួស​នៅ​កន្លែង​កើត​ហេតុ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​រថយន្ត​នី​សាន់​ប្រភេទ​តួ​រី​ស​ក៏​បើក​តាម​បណ្ដោយ​ផ្លូវ​នេះ​ដែរ ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា ស្រាប់តែ​ដល់​ចំណុច​កើតហេតុ រថយន្ត​ក៏​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ចូល​ផ្លូវ​ម្ខាង​ទៀត​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ផ្លោង​បុក​កញ្ចក់​រថយន្ត​បាក់​.​ក​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​ពី​រត់​រថយន្ត​គេចខ្លួន​បាត់​តែ​ម្តង ។

ប្រភព​ពី​កម្មករ​២​នាក់​ដែល​ជិះ​នៅ​លើ​រថយន្ត​បាន​ឲ្យ​ដឹង​ថា រថយន្ត​នេះ​ជា​រថយន្ត​ដឹក​ស្បែកជើង​ឯកជន​មិន​មាន​ក្រុមហ៊ុន​ទេ ដែល​មាន​ម្ចាស់​រស់នៅ​ម្តុំ​បឹង​សាឡា​ង ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង ហើយ​បញ្ជូន​កម្មករ​២​នាក់​ដែល​រង​របួស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​សព​ជន​រង​គ្រោះ​យក​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។

សមត្ថកិច្ច​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បាត់​សាច់ញាតិ​ដែល​ជិះ​ម៉ូតូ​ដូច​បាន​រៀបរាប់​ខាងលើ សូម​ធ្វើការ​ទំនាក់ទំនង​មក​សមត្ថកិច្ច​ដើម្បី​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​សំណូមពរ​​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​តែងតែ​ធ្វើ​ដំណើរ​នៅ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​នេះ ពិសេស​នៅ​ពេល​យប់​ មេត្តា​ប្រុង​ប្រយ័ត្ន ព្រោះ​តំបន់​នេះ​ជា​តំបន់​កំពុង​អភិវឌ្ឍន៍ ផ្លូវ​ធំ​ស្អាត ប៉ុន្តែ​ពុំ​ទាន់​មាន​ដាក់​ភ្លើង​បំភ្លឺ​នៅឡើយ​ទេ ៕