អាមេរិក​បន្ត​ចោទ​រុស្ស៊ី​ថា ធ្វើ​ឲ្យ​ស្ថានភាព​ជម្លោះ​នៅ​ស៊ី​រី​កាន់តែ​ធ្លាក់​ដុនដាប​

​លោកស្រី Anne Patterson អនុរដ្ឋលេខាធិការ​រ​បស់​អាមេរិក ទទួលបន្ទុក​កិច្ចការ​តំបន់​បូព៌ា បាន​ចោទ​រុស្ស៊ី នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា អន្តរាគមន៍​យោធា​រុស្ស៊ី កាន់តែ​គ្រោះថ្នាក់​ធ្វើ​ឲ្យ​ស្ថានភាព​ជម្លោះ​នៅ​ស៊ី​រី កាន់តែ​ធ្លាក់​ដុនដាប​ធ្ងន់​។ តំណាង​រដ្ឋាភិបាល​អាមេរិក​រូបនេះ​បាន​បន្ថែមថា រុស្ស៊ី​ព្យាយាម​ពង្រឹង​អំណាច​លោក​អាសាដ ជាជាង​កំចាត់​ក្រុម​ជី​ហាត​។

​នៅ​ចំពោះមុខ​គណៈកម្មការ​កិច្ចការបរទេស មកពី​សភា​អាមេរិក នៅ​ថ្ងៃ​ពុធ​ម្សិលមិញ លោកស្រី Anne Patterson បាន​ព្យាយាម​ភ្ជាប់​តួលេខ​ជនភៀសខ្លួន​ស៊ី​រី ទៅនឹង​អន្តរាគមន៍​យោធា​របស់​ក្រុង​ម៉ូស្គូ​។ តាំងពី​រុស្ស៊ី​បើក​ការវាយប្រហារ​ក្រុម​ជី​ហាត ពលរដ្ឋ​ស៊ី​រី​ប្រមាណ​១២០០០០​នាក់​បាន​ចាក​ចេញពី​ផ្ទះសម្បែង នៅ​ក្រុង​Hama, Alep និង Idleb​។

​អង្គការសហប្រជាជាតិ បានផ្តល់​តួលេខ​នេះ នៅ​សប្តាហ៍​មុន ប៉ុន្តែ មិនបាន​ចោទ​រុស្ស៊ី​ថា បង្ក​ឲ្យ​មាន​ជនភៀសខ្លួន ដូច​អាមេរិក​ទេ​។ អាមេរិក​នៅតែ​បន្ត​ចោទ​រុស្ស៊ី​ថា វាយប្រហារ​សំដៅ​តែ​លើ​តំបន់​ដែល​ក្រុម​ជី​ហាត​គ្មាន​វត្តមាន ហើយ​វាយ​សំដៅ​តែ​លើ​ក្រុមប្រឆាំង​ស៊ី​រី​ប៉ុណ្ណោះ​។

​អាមេរិក នៅតែ​បន្ត​ចោទ​រុស្ស៊ី​ឥត​ឈប់​ពី​ស្ថាន​ភាពដុនដាប​នៅ​ស៊ី​រី ខណៈ​អាមេរិក​ជា​អ្នកដឹកនាំ​ក្រុម​សម្ព័ន្ធមិត្ត​កំទេច​ក្រុម​ជី​ហាត​។ ទន្ទឹមនេះដែរ ទាំង​រុស្ស៊ី ទាំង​អាមេរិក​ក៏​សុទ្ធតែជា​អ្នក​លេចធ្លោ​ក្នុងការ​ស្វែងរក​ដំណោះស្រាយ នយោបាយ​អន្តរកាល​ស៊ី​រី​ដែរ​។ ម្ខាង​ចង់​ឲ្យ​លោក​អាសាដ នៅ​បន្តអំណាច ម្ខាង​ចង់​ទំលាក់​លោក​អាសាដ​ចេញ​។ មិនដឹងថា តើ​ពួកគេ​អា​ចរក​ដំណោះស្រាយ​អ្វី​បានទេ បើ​នៅតែ​បន្ត​ឈ្លោះ​គ្នា​ឥតឈប់ឈរ​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​