Q&A : ហេតុអ្វី​បានជា​គូស្នេហ៍​នាង​ខ្ញុំ​យក​រឿង​មានអីៗ​ទៅ​ជជែក​ជាមួយ​មិត្តភក្តិ ​?​

Sanofi

សំណួរ ៖ មិនដឹងថា​ជា​រឿង​ធម្មតា​របស់​ប្រុសៗ ឬ យ៉ាងណាទេ ប៉ុន្តែ​វា​បានធ្វើឱ្យ​ខ្ញុំ​ពិបាកចិត្ត​ជាខ្លាំង ។ រឿង​នោះ​គឺ​នាង​ខ្ញុំ និង គូស្នេហ៍ មាន​អាយុ ២៧ ឆ្នាំ ដូចគ្នា មាន​ទំនាក់ទំនង​ជាមួយគ្នា​យូរ​គួរសម​ដែរ​ហើយ ។ មួយរយៈ​មុនៗ​ក៏មាន​អីៗ​ជាមួយគ្នា​រហូត​ពុំ​សូវ​លស់​ថ្ងៃ​ឡើយ ប៉ុន្តែ​គាត់​ក៏​មិនដែល​ធ្វើឱ្យ​នាង​ខ្ញុំ​គិត​ច្រើន​ដូច​ពេលនេះ​ទេ ព្រោះ​កាលពី​ចាប់ផ្តើម​មានអី​ជាមួយគ្នា​ដំបូងៗ ជា​ពេលដែល​យើង​នៅ​រៀន​នៅឡើយ ។

ចាស់ៗ​របស់​ពួកយើង​ទាំងពីរ​នាក់​ក៏បាន​ដឹង​ពី​ទំនាក់ទំនង​របស់​យើង​ដែរ ប៉ុន្តែ​ពួកយើង​ក៏​បិទ​រឿង​ដែល​យើង​មានអីៗ​ជាមួយគ្នា ព្រោះ​ខ្លាច​ចាស់ៗ​ដឹង​រឿង​ក្លាយជា​បញ្ហា ។ លុះ​មកដល់​ឥឡូវនេះ​ពួកយើង​ចាប់ផ្តើម​មានការ​ងារ​ធ្វើ​ទាំងពីរ​នាក់ ។ ពេលដែល​គាត់​ទៅ​ចូលរួម​ពិធីជប់លៀង​មិត្តភក្តិ ហើយ​ផឹក​ស្រវឹង​ស្រឿងៗ គាត់​ក៏​ចាប់ផ្តើម​យក​រឿង​ដែល​យើង​មានអីៗ​ជាមួយគ្នា​ទៅ​ជជែក​លេង​ជាមួយ​មិត្តភក្តិ​ក្នុង​ក្រុម ។

បើ​ពិធី​នោះ​មានតែ​ប្រុសៗ​វា​ជា​រឿង​ធម្មតា ប៉ុន្តែ​ជួនកាល​វា​ជា​ពិធីជប់លៀង​ដែល​នាង​ខ្ញុំ​ក៏មាន​វត្ត​មាននៅ​ទីនោះ​ដែរ វា​ធ្វើឱ្យ​នាង​ខ្ញុំ​មិនដឹង​យកមុខ​ទៅ​ទុក​នៅឯណា​… ។ រឿងនេះ​ខ្ញុំ​ធ្លាប់​និយាយ​ជាមួយ​គាត់​ហើយ ប៉ុន្តែ​គាត់​បែរជា​និយាយ​បក​មកវិញ​ថា វា​ជា​រឿង​ធម្មតា ដែល​ប្រុសៗ​ចូលចិត្ត​លើក​មក​និយាយ​គ្នា​លេង ។ ​នាង​ខ្ញុំ​មិន​ចូលចិត្ត​ឱ្យ​គាត់​យក​រឿង​បែប​ហ្នឹង ទៅ​ជជែក​វែកញែក​ក្នុង​ក្រុម​ប្រុសៗ​ដែលមាន​វត្តមាន​នាង​ខ្ញុំ​នៅ​ហ្នឹង​ដែរ​ឡើយ ។ តើ​នាង​ខ្ញុំ​ត្រូវធ្វើដូចម្តេច​ដើម្បីឱ្យ​គាត់​បញ្ឈប់​ទង្វើ​បែបនេះ ?

ចម្លើយ ៖ ការពិតទៅ​ការដែល​ចូលចិត្ត​និយាយ​រឿង​សិច​វា​ជា​រឿង​ធម្មតា ប៉ុន្តែ​ការដែល​គេ​យក​រឿង​ផ្ទាល់ខ្លួន​មក​និយាយ​ក្នុងចំណោម​ប្រុសៗ ដែល​ក្នុងនោះ​ក៏មាន​រូបអ្នក​ដែរ វា​ជា​រឿង​ជ្រុល​ហួសហេតុ​បន្តិច​ហើយ សម្រាប់​ប្រុស​ការនិយាយ​រឿង​បែបនេះ​វា​ជាការ​ធម្មតា​ក៏ពិតមែន ប៉ុន្តែ​បើ​អ្នក​មិន​ចូលចិត្ត​ការនិយាយ​ជាមួយ​គេ​ត្រង់ៗ ជា​វិធី​ដោះស្រាយ​បញ្ហា​ដ៏​ត្រឹមត្រូវ​មួយ ។

ប៉ុន្តែ​អ្នក​ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ ហើយ​ព្យាយាម​ពន្យល់​ពី​ហេតុផល​ឱ្យគេ​បាន​យល់ថា មូលហេតុ​អ្វី​បានជា​អ្នក​មិន​ចូលចិត្ត ហើយ​បើ​គេ​នៅតែ​មិន​ព្រម​បញ្ឈប់​អ្នក​ត្រូវ​បន្ថែម ហេតុផល​ទៀតថា ការដែល​គេ​បែប​ហ្នឹង​វា​ធ្វើឱ្យ​អ្នក​កើតទុក្ខ មិន​សប្បាយចិត្ត ព្យាយាម​និយាយ ដោយ​ប្រើ​សម្តី​ត្រជាក់​ផ្អែមល្ហែម​ជាមួយ​គេ ។ ម្យ៉ាងទៀត​អ្នក​ត្រូវ​ចាំ​ក្រើនរំឭក​គេ​ឱ្យ​រក្សា​ញ​ក្យ​សន្យា​ផ្តល់​ពេលវេលា​ដល់​គេ​ក្នុងការ​សម្រប​ខ្លួន​កែ​ទម្លាប់ បែបនេះ​ដើម្បី​កុំ​ឱ្យមាន​បញ្ហា​នៅពេល​ក្រោយ ៕​ ​


Related