មន្រ្តី​អាមេរិក​និង​អង់គ្លេស​ថា​យន្តហោះ​របស់​រុស្សី​ធ្លាក់​អាច​បណ្តាល​ពី​គ្រាប់​បែក

មន្រ្តី​អាមេរិក​និង​អង់គ្លេស​ថា​យន្តហោះ​របស់​រុស្សី​ធ្លាក់​អាច​បណ្តាល​ពី​គ្រាប់​បែក

ឧទ្ធម្ភាគចក្រ​យោធា​របស់​អេហ្ស៊ីប​ហោះ​កាត់​បំណែក​ពី​យន្តហោះ​រុស្ស៊ី​ដែល​ធ្លាក់​នៅ​តំបន់ Hassana ក្នុង​ក្រុង Arish ភាគ​ខាង​ជើង​ប្រទេស​អេហ្ស៊ីប កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥។

មន្រ្តី​អាមេរិក ​និង​អង់គ្លេស​បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា យន្តហោះ​របស់​រុស្សី​ដែល​ធ្លាក់​នៅ​ជ្រោយ Sinai កាល​ពី​សប្តាហ៍​មុន និង​ដែល​បាន​សម្លាប់​២២៤នាក់​នៅ​ក្នុង​យន្តហោះ​ អាច​បណ្ដាល​មក​ពី​គ្រាប់បែក។ ក៏ប៉ុន្តែ​មន្រ្តី​របស់​អេហ្ស៊ីប​ និង​រុស្សី​បដិសេធ​ថា ​មិនមាន​ភស្តុតាង​គ្រាប់គ្រាន់​ដើម្បី​ធ្វើ​ការ​សន្និដ្ឋាន​យ៉ាង​ដូច្នេះ​ទេ។

មន្រ្តី​របស់​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​ថ្លែង​ថា ​ក្រុម​រដ្ឋ​ឥស្លាម​អាច​ជា​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ។ រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​របស់​អង់គ្លេស លោកPhilip Hammond បាន​និយាយ​ថា​ «ការ​ធ្លាក់​យន្តហោះ​នេះ​គឺ​អាច​បណ្ដាល​មក​ពី​គ្រឿង​ផ្ទុះ​ដែល​បាន​ដាក់​នៅ​លើ​យន្តហោះ»។ ​

ប៉ុន្តែ​រដ្ឋាភិបាល​របស់​រុស្សី​បាន​ច្រានចោល​ការ​លើក​ឡើង​នេះ ដោយ​បាន​បញ្ជាក់​ថា វា​លឿន​ពេក​ក្នុង​ការ​សន្និដ្ឋាន​អំពី​មូលហេតុ​នៃ​ការ​ធ្លាក់​នេះ។ អ្នក​នាំ​ពាក្យ​របស់​រុស្សី​លោក Dmitry Peskov បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ រាល់​ការ​សន្និដ្ឋាន​ទាំងអស់​នៅ​មុន​ពេល​ដែល​ការ​ស៊ើបអង្កេត​ត្រូវ​បាន​បញ្ចប់​គឺ​គ្រាន់​តែ​ជា​ការ​ប៉ាន់ស្មាន​ប៉ុណ្ណោះ។ ​

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ប្រធានាធិបតី​អេហ្ស៊ីប​បាន​ព្រមាន​ដល់​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ទាំង​អស់។ ក៏​ប៉ុន្តែ​មាន​ការរាយការណ៍​ថា​ យ៉ាងហោច​ណាស់​មាន​មន្រ្តី​របស់​អេហ្ស៊ីប​ម្នាក់​បាន​និយាយ​ថា​ ការ​ធ្លាក់​យន្តហោះ​នេះ​គឺ​ជា​ឧបទ្ទវហេតុ​មិនមែន​ជា​សកម្មភាព​ភេរវកម្ម​នោះ​ទេ៕​