ម្នាក់​លក់​ខោអាវ​និង​ម្នាក់​ដេរ​ខោអាវ​​បែក​គំនិត​ចែកចាយ​ថ្នាំ​ញៀន

ខេត្តបន្ទាយមានជ័យ ៖ ជន​២​នាក់ ដែល​ម្នាក់​ជា​អ្នកលក់​ខោអាវ និង​ម្នាក់​ទៀត​ជា​ជាងកាត់ដេរ បាន​បែកគំនិត​ចែកចាយ​គ្រឿងញៀន ហើយ​ត្រូវ​បាន​កងរាជអាវុធហត្ថ​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា ។ ​ជន​ទាំង​២​នាក់​នេះ អ្នកលក់​ខោអាវ​ឈ្មោះ រិ​ន ណា​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ឯ​ជាងដេរ​ខោអាវ គុន តួ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ថ្លែង​ថា ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​ចាស់ និង​ចាប់​ឃាត់ខ្លួន​ជន​ទាំង​២​នាក់​ខណៈ​កំពុង​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​២​ថង់​តូច និង​សម្ភារ​មួយ​ចំនួន​ទៀត កាលពី​ល្ងាច​ថ្ងៃ​ទី​៣ វិច្ឆិកា នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្រោយ​ពេល​ឃាត់ខ្លួន ជន​ទាំង​២​នាក់​សារភាព​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​ពួក​គេ​ប្រកប​របរ​ខុសច្បាប់​នេះ ហើយ​មូលហេតុ​ដែល​ចែកចាយ​គ្រឿងញៀន គឺ​មក​ពី​លក់ដូរ​ខោអាវ និង​កាត់ដេរ​ខោអាវ​មិន​កាក់កប ទើប​បែកគំនិត​យ៉ាង​ដូច្នេះ​ទៅ ៕