គ្រាប់បែក​ប្រហែលជា​មូលហេតុ​នៅ​ពីក្រោយ​ការធ្លាក់​យន្តហោះ​រុស្សី​នៅ​អេ​ហ្ស៊ី​ប​

​ភស្តុតាង​ជាច្រើន​បាន​បង្ហាញថា គ្រាប់បែក​ប្រហែលជា​មូលហេតុ​ធ្វើឱ្យ​យន្តហោះ​របស់​រុស្សី​ធ្លាក់​នៅ​អេ​ហ្ស៊ី​ប ដែល​បណ្ដាលឱ្យ​អ្នកដំណើរ​ស្លាប់​ទាំងអស់​កាលពី​សប្ដាហ៍​មុន​។ ការ​បង្ហើប​ព័ត៌មាន​នេះ ដូចជា​ស្រប​ពេលដែល​ក្រុម​រដ្ឋ​ឥស្លាម​តែង​អះអាងថា ខ្លួន​នៅ​ពីក្រោយ​ការធ្លាក់​នេះ​។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេតរ​កមូ​ល​ហេតុ​ពិតប្រាកដ​កំពុងតែបន្ត​យ៉ាងសកម្ម​។

​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ប្រភពព័ត៌មាន​របស់​អាមេរិក និង​អង់គ្លេស​បានបង្ហាញ​ថា គ្រាប់បែក​ប្រហែលជា​មូលហេតុ​ចម្បង ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ​ឧបទ្វីប​ស៊ី​ណៃ នៃ​ប្រទេស​អេ​ហ្ស៊ី​ប​។ ឯ​ក្រុម​រដ្ឋ​ជ្រុលនិយម​ឥស្លាម នៅតែ​បន្ត​អះអាង​ខ្លួន​ជា​អ្នក​ធ្វើឱ្យ​យន្តហោះ​ធ្លាក់ ហើយ​ថែមទាំង​ហ៊ាន​និយាយថា ខ្លួន​នឹង​បង្ហាញ​ពី​របៀប​បាញ់​ទម្លាក់​យន្តហោះ​ទៀតផង​។​

​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក Philip Hammond បាន​លើកឡើងថា ពី​មូលហេតុ​នៃ​ការធ្លាក់ មាន​ភាគរយ​ច្រើន​ដែល​គ្រាប់បែក​ស្ថិតនៅ​ពីក្រោយ​ហេតុការណ៍​នេះ​។ លោក ក៏​ស្នើ​ប្រជាជន​អង់គ្លេស មិនគួរ​ធ្វើដំណើរ​ទៅកាន់​តំបន់​លំហែកាយ​មាត់សមុទ្រ Sharm  el-Sheikh​របស់​អេ​ហ្ស៊ី​ប​នោះទេ​។​

​ចំណែកឯ​ប្រភពពី​ក្រុម​ស៊ើបអង្កេត​រុស្សី បានបញ្ជាក់​ទៅកាន់​សារព័ត៌មាន Reuters ថា​អាចមាន​វត្ថុ​អ្វី​ម្យ៉ាង​ដែល​ធ្វើឱ្យ​យន្តហោះ​ផ្ទុះ ពេល​កំពុងតែ​ហោះហើរ ពីព្រោះ​បំណែក​ជាច្រើន​របស់​យន្តហោះ​បាន​ខ្ទាត​ឆ្ងាយ​ពី​តំបន់​កើតហេតុ​។  រុស្សី​កំពុងតែធ្វើការ​ស្រាវជ្រាវ​រក​វត្ថុ​នោះ​។  ប្រភព​ដដែល​បន្តថា មូលហេតុ​ពីរ​កំពុងស្ថិត​ក្រោម​ការ​ស៊ើបអង្កេត ទី​១​គឺ​វត្ថុ​រក្សាទុក​ក្នុង​យន្តហោះ និង​ទី​២​គឺ​បញ្ហា​បច្ចេកទេស​។

​យ៉ាងណាក៏ដោយ អាជ្ញាធរ​អេ​ហ្ស៊ី​ប​បាន​បដិសេធ​រាល់​ការលើកឡើង​ពី​មូលហេតុ​ទាំងអស់​។ រដ្ឋមន្ត្រីការបរទេស​អេ​ហ្ស៊ី​ប លោក Sameh Shoukry បាន​រិះគន់​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អង់គ្លេស​។ សម្រាប់​រដ្ឋមន្ត្រីការបរទេស​អេ​ហ្ស៊ី​ប គួរ​ទុក​បញ្ហា​នេះ ឱ្យ​ក្រុម​ស៊ើបអង្កេត មិនត្រូវ​និយាយ​អ្វីដែល​មិន​ច្បាស់​នោះទេ​។ 

​អ្វីដែល​គូរ​ឱ្យ​ចាប់អារម្មណ៍​នោះ គឺ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅតែ​អះអាង ខ្លួន​នៅ​ពីក្រោយ​ការធ្លាក់​នេះ​។ នោះ​គឺ​ប្រហែលជា​ក្រុម​នេះ​ចង់​សងសឹក​រុស្ស៊ី​ដែល​បានធ្វើការ​វាយប្រហារ​ដែ​ន​អាកាស​ក្នុងប្រទេស​ស៊ី​រី​។ តែ​ការអះអាង​នេះ​ត្រូវ​ប្រធានាធិបតី​អេ​ស៊ី​បលោក Abdel Fattah el-Sisi​បដិសេធ​។ លោក​ថា វា​គ្រាន់តែ​ជា​សកម្មភាព​បំផ្លាញ​ស្ថិរភាព​និង​សន្តិសុខ​របស់​អេ​ហ្ស៊ី​ប​តែប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា  យន្តហោះ​រុស្ស៊ី​ដែលមាន​ជើងហោះហើរ​លេខ 7K 9268 ដែល​ធ្លាក់​ហោះ​ចេញពី​ព្រលានយន្តហោះ​អេ​ហ្ស៊ី​ប​នៅ​ម៉ោង ៦៖ ៥១​នាទី​ព្រឹក និង​ត្រូវ​មកដល់​ព្រលានយន្តហោះ​រុស្ស៊ី St Petersburg នៅ​ម៉ោង​១២៖១០​នាទី​ថ្ងៃត្រង់​។ ប៉ុន្តែ​យន្តហោះ​បាន​ដាច់​ការទាក់ទង​ជាមួយ​ភ្នាក់ងារ​គ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស​ស៊ី​ព្រុស ២៣​នាទី​ក្រោយ​ហោះ​ឡើង​។ មនុស្ស​ក្នុង​យន្តហោះ​ដែល​បាត់​នោះ​មាន ២១៧​នាក់​ជា​អ្នកដំណើរ​ភាគច្រើន​អ្នកទេសចរ​រុស្ស៊ី និង​៧​នាក់​ទៀត​ជា​អ្នកបម្រើ​លើ​យន្តហោះ​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​