តើល្អដែរទេបើខ្ញុំសុំលែងលះ ព្រោះភរិយាខ្ញុំជាស្រីកំពូលប្រច័ណ្ឌ​ ?

Sanofi

ខ្ញុំទទួលស្គាល់ថា ភរិយារបស់ខ្ញុំពិតជាស្រឡាញ់ខ្ញុំខ្លាំងណាស់  នាងតែងតែគោរពបម្រើខ្ញុំគ្មានខ្វះចន្លោះ ស័ក្តិសមមានឈ្មោះជាស្ត្រីគ្រប់លក្ខណ៍ ។ ទន្ទឹមនឹងគុណសម្បត្តិនេះ ភរិយារបស់ខ្ញុំនៅមានបញ្ហាមួយជាមួយនឹងខ្ញុំដែលជារឿងមួយដ៏ពិបាកនឹងទទួលយកជាទីបំផុត នោះគឺរឿង«ប្រចណ្ឌ» ។ ដើមឡើយខ្ញុំមានចិត្តរំភើបកាលដែលមានភរិយាគោរពស្រឡាញ់ប្តី និង ចេះយកចិត្តទុកដាក់ចំញេះប្តីគ្រប់បញ្ហា ហើយខ្ញុំគិតថានាងស្រឡាញ់ខ្ញុំខ្លាំងហើយបានជានាងប្រចណ្ឌ និង គិតពីខ្ញុំគ្រប់ពេលវេលា ។

ចំណងដៃអាពាហ៍ពិពាហ៍បានផ្តល់ដល់ពួកយើងនូវកូនពីរនាក់ (ប្រុស ម្នាក់ស្រីម្នាក់) ហើយពេលវេលា និង ស្ថានភាពគ្រួសារតម្រូវឱ្យខ្ញុំចាប់ផ្តើមយល់ឃើញផ្សេងចំពោះការគិតរបស់ភរិយាមកលើខ្ញុំ ដោយខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាធុញទ្រាន់ជាទីបំផុតចំពោះការបារម្ភជ្រុលរបស់នាងមកលើរូបខ្ញុំ ។ ពេលចេញពីធ្វើការយឺតពេលទៅធ្វើការលឿន ពេលទៅញ៉ាំការ ពេលទៅជួបជុំមិត្តភក្តិ ពេលថតរូបជាមួយមិត្តភក្តិស្រីៗដែលធ្លាប់រៀនជាមួយគ្នាកាលនៅមហាវិទ្យាល័យសុទ្ធតែជាប្រធានបទដែលភរិយារបស់ខ្ញុំលើកមកចោទសួរដេញដោលគ្រប់ពេល ដោយនាងសម្តែងការសង្ស័យហួសប្រមាណ ។

មានថ្ងៃខ្លះនៅពេលដែលមិត្តភក្តិខ្ញុំទូរស័ព្ទបបួលទៅញ៉ាំអាហារខាងក្រៅ នាងមិនទុកចិត្តក៏បានលួចតាមដានខ្ញុំទៀត ។ អ្វីដែលជាក្តីសង្ស័យរបស់នាងនោះ គឺនាងខ្លាចខ្ញុំមានស្រីថ្មី ឬក៏លួចទៅរកស្រីកម្សាន្តអារម្មណ៍ខាងក្រៅ ។ ទង្វើរបស់ភរិយាខ្ញុំបែបនេះធ្វើឱ្យខ្ញុំធុញទ្រាន់រកពុទ្ធោ ជួនកាលចង់តែស្រែកយំនៅពេលដែលសំណួរដដែលរបស់នាងចោទសួរមកលើខ្ញុំ ។ មានពេលខ្លះខ្ញុំធុញទ្រាន់ពេកក៏ទៅគេងខាងក្រៅផ្ទះអស់មួយយប់ ធ្វើឱ្យនាងរឹតតែយល់ខុសមកលើរូបខ្ញុំកាន់តែខ្លាំងឡើង ដោយបានចោទប្រកាន់ថា ខ្ញុំមុខជាមានស្រីលួចលាក់នៅខាងក្រៅផ្ទះជាក់ជាមិនខាន ។

ខ្ញុំអស់ចំណេះនឹងបកស្រាយហើយ ព្រោះថាវាដដែលៗពេក ។ ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណាទេ ? ខ្ញុំពិតជាមិនចង់រស់នៅដោយមានសម្ពាធផ្លូវ ចិត្តបែបនេះឡើយ គឺពិតជាពិបាកដកដង្ហើមខ្លាំងណាស់ ។ ខ្ញុំក៏មិនចង់ធ្វើដូចជាកូនក្មេងដែលចេញជម្រាបចូលជម្រាបបែបនេះឡើយ ។ ខ្ញុំត្រូវការជីវិតមានឥស្សរភាពដែលមិនស្ថិតនៅក្រោមការត្រួតត្រា ឬ តាមដានពីអ្នកណាម្នាក់ឡើយ ។ តើខ្ញុំគួរធ្វើយ៉ាងណាចំពោះបញ្ហានេះ ? តើការសុំលែងលះជាមធ្យោបាយល្អដែរឬទេ ? ទោះជាកូនៗបានទៅខាងភរិយារបស់ខ្ញុំឬក៏ខ្ញុំក៏មិនចោទជាបញ្ហាដែរ ព្រោះគ្រួសារយើងទាំងពីរសុទ្ធតែមានជីវភាពធូរធារដូចគ្នា ម្យ៉ាងទៀតប៉ារបស់ខ្ញុំ និង ប៉ារបស់នាងគឺជាមិត្តភក្តិនឹងគ្នា ស្រឡាញ់គ្នាដូច បងប្អូនបង្កើត ហើយខ្ញុំអាចចេញចូលផ្ទះរបស់នាងដូចជាផ្ទះខ្ញុំ ដូច្នេះទំនាក់ទំនងរវាងខ្ញុំ និង កូនៗពិតជាមិនអាចកាត់ផ្តាច់បានឡើយ ។

ជូនចំពោះបុរសមានវិបត្តិ

ជាដំបូង’ប្រជាប្រិយ”សូមសរសើរដល់សំណាងរបស់លោកដែលមានភរិយាជាស្រីគ្រប់លក្ខណ៍ ដែលពិតជាកម្រមាននៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន ប៉ុន្តែព្រមគ្នាជាមួយនឹងគុណសម្បត្តិនេះ ភរិយារបស់លោកបែរជាយកការព្រួយបារម្ភជ្រុលមកដាក់ចំពីមុខជាហេតុធ្វើឱ្យសុភមង្គលក្នុងគ្រួសារត្រូវថយចុះ ហើយធ្វើដំណើរសន្សឹមៗទៅរកការប្រេះឆាគ្នាក្នុងថ្ងៃណាមួយ ដែលពិបាកនឹងគេចផុត ។ ប្រសិនបើលោកពុំមែនជាបុរសដែលធ្លាប់មាន ប្រវត្តិខិលខូចឬក៏ពុំមានចេតនាក្បត់ភរិយាលោកទេ បញ្ហារបស់លោកវាមិនធ្ងន់ធ្ងរពេករហូតដល់ដោះស្រាយពុំចេញ ហើយឈានទៅដល់ការលែងលះគ្នានោះឡើយ ។

គ្រប់សំណួរបង្កប់នូវភាពប្រចណ្ឌរបស់ភរិយាលោកទាមទារឱ្យលោកបកស្រាយដោយសម្តីសុភាពរាបសា លើកហេតុផលព័ស្តុ តាងមកបញ្ជាក់ឱ្យបានច្បាស់លាស់ ដូចជាការចេញពីធ្វើការយឺតការប្រញ្ញាប់ ចេញទៅធ្វើការ គឺមកពីបញ្ហាស្ទះចរាចរមានការងារត្រូវធ្វើបន្ថែម ឬ ជាប់ មានការប្រជុំជាដើម ។ អ្វីដែលជាដំណោះស្រាយមួយពុំអាចគិតរំលងបាននោះគឺបើមានកម្មវិធីជប់លៀងចូលរួមពិធីមង្គលការឡើងផ្ទះ ឬ ជួបជុំមិត្តភក្តិប្រុសស្រីនោះត្រូវតែយកភរិយារបស់លោកទៅជាមួយដើម្បីជាការស្គាល់គ្នា និង រាប់អានគ្នា ដោយស្និទ្ធស្នាលដូចជាមិត្តភក្តិរបស់នាងដែរ ។ មួយវិញទៀត លោកគួរតែមានការរៀបចំកម្មវិធីនៅផ្ទះជួបជុំមិត្តភក្តិដើម្បីឱ្យភរិយារបស់លោកបានស្គាល់មិត្តភក្តិរបស់លោកកាន់តែច្បាស់ ។

ថ្ងៃណាមួយពេលដែលលោកចេញទៅខាងក្រៅ ហើយភរិយារបស់លោករវល់ពុំបានចេញទៅជាមួយលោកអាចបញ្ជាក់បានថាពេលនេះលោកកំពុងតែនៅទីណា ទៅជាមួយអ្នកណា ? បើមិនជឿទេលោកអាចយកទូរស័ព្ទរបស់លោកឱ្យមិត្តភក្តិរបស់លោកនិយាយជាមួយភរិយារបស់លោកដើម្បីបញ្ជាក់ការពិត ដល់ពេល នោះភរិយារបស់លោកនឹងស្ងប់ចិត្តខ្លះជាមិនខាន ។ ភាពស្មោះត្រង់របស់ លោកគឺជាគ្រឿងពិសោធមួយដ៏សំខាន់ជាងគេក្នុងការផ្លាស់ប្តូរឥរិយាបថរបស់ភរិយារបស់លោក ព្រោះអំពើល្អគឺមិនសាបសូន្យជាដាច់ខាត ។ យ៉ាងណាក៏’ប្រជាប្រិយ”សូមសំណូមពរលោកមិនគួរជ្រើសរើសយកផ្លូវលែងលះជាមធ្យោបាយបញ្ចប់បញ្ហានោះទេ ព្រោះរឿងនេះផ្តើមចេញពីក្តី ស្រឡាញ់ និង បារម្ភជ្រុលពីភរិយារបស់លោក ។

«ប្រជាប្រិយ»សូមជូនពរឱ្យក្រុមគ្រួសាររបស់លោកភពប្រសព្វតែជាមួយស្នាមញញឹម និង ផ្អែមល្អែម ដូចកាលគ្រាដំបូងនៃជីវិតអាពាហ៍ពិពាហ៍ ៕

 

Related