បាល់ទាត់បារំាង៖កីឡាករ​ការីម បិនហ្សេម៉ា​ជាប់ចោទ​ពី​បទ​ផ្សំគំនិត​រឿង​ជំរិត​ទារ​លុយ

នៅ​ក្នុង​ប្រទេស​បារំាង ក្រុម​កីឡាបាល់ទាត់​កំពុង​ពើប​ប្រទះ​នឹង​រឿង​អាស្រូវ​ទាក់ទង​នឹង​កីឡាករ​ខ្សែប្រយុទ្ធ​ការីម បិនហ្សេម៉ា និង​មិត្តរួម​កីឡាករ​ឈ្មោះ​ម៉ាត់ជើ វ៉ាល់ប៊ូណា។ រឿង​អាស្រូវ​នោះ គឺ​ទាក់ទង​នឹង​ការ​ជំរិត​ទារ​លុយ​ពី​កីឡាករ​ម៉ាត់ជើ វ៉ាល់ប៊ូណា​ពី​សំណាក់​មនុស្ស ៣នាក់​ដែល​មាន​ម្នាក់​ជា​មិត្តភក្តិ​ជិតស្និទ្ធិ​របស់​កីឡាករ​បិនហ្សេម៉ា។ នៅ​ក្នុង​ការ​ឃុំខ្លួន​ពី​យប់​ថ្ងៃ​ពុធ ទី៤ ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី៥ វិច្ឆិកា កីឡាករ​បិនហ្សេម៉ា​បាន​ទទួល​សារភាព​ថា លោក​ពិត​ជា​បាន​ចូល​អន្តរាគមន៍​តាម​សំណើ​សុំ​របស់​មិត្តភក្តិ​ម្នាក់​មែន។ រឿង​អាស្រូវ​នៅ​ក្នុង​ពិភព​កីឡាបាល់ទាត់​បារំាង​បាន​ផ្ទុះ​ឡើង ចំ​ពេល​ដែល​បារំាង​កំពុង​ត្រៀម​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​អឺរ៉ុប​ឆ្នំា ២០១៦ នៅ​ប៉ុន្មាន​ខែ​ខាង​មុខ។