ជិះ​ត្រាក់ទ័រ​ទៅ​បង្ក្រាប​ទំនិញគេចពន្ធ​៣​កន្លែង​នៅ​ក្រុង​បា​វិត និង​ច​ន្ទ្រា

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ វិ​ច្ឆ​កា ២០១៥ ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង និង​លោក អ៊​ង រី ព្រះរាជអាជ្ញា​រង បាន​ដឹកនាំ​កម្លាំង​នគរបាល​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ចុះ​ឆែកឆេរ និង​បង្ក្រាប​ទំនិញគេចពន្ធ នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត និង​ស្រុក​ច​ន្ទ្រា ។

ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នេះ ជំហាន​ដំបូង​គឺ​ចុះ​ឆែកឆេរ​ទីតាំង​ទី​១ នៅផ្ទះ​របស់ ឈ្មោះ មាស សាមី ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត រក​ឃើញ​បារី​៥៥៥​ដែល​គេចពន្ធ​ចំនួន​២៥​ប៊ិ​ច ។ បន្ទាប់​មក​បាន​បន្ត​ឆែកឆេរ​ទីតាំង​ទី​២ នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត​ដដែល ដោយ​រក​ឃើញ​បារី​៥៥៥​គេចពន្ធ​ចំនួន​១៨​ប៊ិ​ច ។ លុះដល់​រសៀល​ថ្ងៃ​ដដែល លោក​ព្រះរាជអាជ្ញា​ដឹកនាំ​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ចុះ​បង្ក្រាប​ទំនិញ​ខុសច្បាប់​ទីតាំង​ទី​៣ នៅ​ភូមិ​ពោធិ៍ ឃុំ​មេសរថ្ង​ក ស្រុក​ច​ន្ទ្រា រក​ឃើញ​បារី​៥៥៥​មួយ​ចំនួន​«​ប្រមាណ​ជា​៩​ប៊ិ​ច​» ។

បើ​តាម​សមត្ថកិច្ច​នៅ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មាន​ឈ្មួញ​ជនជាតិ​វៀតណាម​យក​ត្រាក់ទ័រ​ចូល​មក​ដឹក​បារី​នៅ​ក្នុង​ទឹកដី​កម្ពុជា​តាម​ច្រករបៀង​ចេញ​ទៅ​ប្រទេស​វៀតណាម​រៀងរាល់ថ្ងៃ មាន​ដូច​ជា​បារី​ហ្ស៊ែ​ត​ និង​បារី​៥៥៥ បណ្តាល​ឲ្យ​ខូច​ផ្លូវលំ​យ៉ាងធ្ងន់ធ្ងរ ហើយ​បារី​មួយ​ចំនួន​គឺជា​បារី​គេចពន្ធ​ខុសច្បាប់ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយ​ផ្លូវ​ខូច​បែក​ល្បាប់ និង​រអិលខ្លាំង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចុះ​ទៅ​បង្ក្រាប​សមត្ថកិច្ច​ក៏​​ជួល​ត្រាក់ទ័រ​ជិះ​ចុះ​បង្ក្រាប ទើប​មិន​អាច​បង្ក្រាប​បាន​ច្រើន ហើយ​បារី​៥៥៥ ​ដែល​សមត្ថកិច្ច​ដកហូត​បាន​ទាំង​​នោះ​បាន​ដឹក​បញ្ជូន​មក​រក្សា​ទុក​នៅ​សាលាដំបូង​ខេត្ត ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕