កំពុងតែ​​ស្វែង​យល់​​​ចិត្ត​គ្នា ស្រាប់តែ​ ​គេ​ថា​អត់​ស្រលាញ់ យុវវ័យ​​គិត​​​ម៉េច​ដែរ?

កំពុងតែ​​ស្វែង​យល់​​​ចិត្ត​គ្នា ស្រាប់តែ​ ​គេ​ថា​អត់​ស្រលាញ់ យុវវ័យ​​គិត​​​ម៉េច​ដែរ?

ការ​ស្រលាញ់​គ្នា​​ឈាន​ដល់​ការ​រៀបការ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ម៉្ល៉ោះហើយ​ទើប​​បុរស​នារី​ ​ជ្រើស​រើស​វិធី​ស្វែង​យល់​ចិត្ត​គ្នា។ តាម​រយៈ​វិធី​នេះ គេ​សង្កេត​ឃើញ​ថា អ្នក​ខ្លះ​​ទទួល​បាន​ជោគជ័យ ហើយ​អ្នក​ខ្លះ​បាន​ត្រឹម​ខក​ចិត្ត ​​ដោយ​សារ​តែ​កត្តា​ផ្សេងៗគ្នា បើ​ទោះ​ការ​សេពគប់នោះ​មាន​​​​រយៈ​ខ្លី​ឬ​វែង​យ៉ាងណា​ក្ដី។

 

កំពុងតែ​​ស្វែង​យល់​​​ចិត្ត​គ្នា ស្រាប់តែ​ ​គេ​ថា​អត់​ស្រលាញ់ យុវវ័យ​​គិត​​​ម៉េច​ដែរ?

 

ភាគី​ទាំងពីរ​សុទ្ធ​តែ​មាន​ចំណុច​​ល្អ​ និង​អាក្រក់ ហើយ​បើ​មាន​រឿង​បែប​នេះ​កើតឡើង​មែន​នោះ ដំបូង​​កញ្ញា ហួន គន្ធា នឹង​​គិត​ពី​អត្តចរិត ទង្វើ​របស់​ខ្លួន​ជា​មុន ហើយ​​ជីក​សួរ​​រកឫសគល់​​បញ្ហា ដើម្បី​​រក​ដំណោះស្រាយ។

 

កញ្ញា​​ថ្លែង​ថា ៖ “ខ្ញុំ​ត្រូវ​គិត​ពី​ទង្វើ​​ខ្លួន​ឯង​សិន។ បើ​មាន​ហេតុផល​មិន​ត្រូវ​គ្នា​មែន យើង​ត្រូវ​និយាយ​គ្នា ដើម្បី​រក​​​ដំណោះ​ស្រាយ ហើយ​បើ​​ការ​ដើរ​ចេញ​​​ជា​គំនិត​​របស់​គេ គេ​មិន​ប្រាប់​ហេតុ​ផល​ ខ្ញុំ​ឱ្យ​គេ​ទៅ​ទាំង​មិន​ស្តាយ​ស្រណោះ។ ចិត្ត​ស្រលាញ់​របស់​មនុស្ស មិន​អាច​កំណត់​បាន​ទេ អ្នក​ខ្លះ​ឆាប់​ស្រលាញ់ ហើយ​ក៏​ឆាប់​ណាយ​ដែរ”។

 

​រាង​តូច​ច្រឡឹង មុខមាត់​​រួសរាយ​គួរ​ឱ្យ​ស្រលាញ់ កញ្ញា​ រ័ត្ន ដាវី ប្រាប់​ថា​ នាង​មិន​មាន​អារម្មណ៍​ឈឺចាប់ ​សម្រាប់​ការ​សុំ​បែកនោះ​ទេ​ ប៉ុន្តែ​នាង​ស្ដាយ​ចិត្ត​និង​ពេល​វេលា​ ដែល​ខំ​ចំណាយ​លើ​មនុស្ស​ខុស។

 

កញ្ញា​បញ្ចេញ​ទស្សនៈ​​ថា៖ “ខ្ញុំ​គិត​ថា គេ​មិន​មាន​ហេតុ​ផល​គ្រប់គ្រាន់​សម្រាប់​យើង​នោះ​ទេ បើ​មាន​ក៏​គ្រាន់​ជា​លេស​ដោះសា និង​ជា​ការ​មិន​ទទួល​ខុស​ត្រូវ។ បើ​គេ​តាំងចិត្ត​ថា​បែក ការ​រាប់​អាន​គ្នា​ក៏​គ្មាន​ដែរ ចំពោះ​ខ្ញុំ”។

 

ដំណាក់​កាល​កំពុង​ស្វែង​យល់​ចិត្ត​គ្នា ស្រាប់​តែ​​ភាគី​ម្ខាង​ទៀត​សុំ​បែក ស្រីល័ក្ខ មិន​គិត​ច្រើន​ទេ​គឺ​ព្រម​បើក​ផ្លូវ​ឱ្យ​គេ​ដោយ​យល់​ថា មិន​មែន​ជា​គូព្រេង​ពី​អតីតជាតិ ប៉ុន្តែ​​ស្រីល័ក្ខ​​​នឹង​អាក់​​អន់ចិត្ត​​ បើ​សិន​កើត​មាន​លើ​រូប​នាង។

 

កញ្ញា​បញ្ជាក់​​ថា ៖ “​កុំ​ខ្វល់​យើង​ត្រូវ​ថែ​ខ្លួន​ឯង ព្រោះ​គ្មាន​អ្នក​ណា​ស្រលាញ់​យើង​រហូត​ទេ ត្រូវ​ស្រលាញ់​ខ្លួន​ឯង​ឱ្យ​បាន​ច្រើន។ យើង​រាប់​អាន​គ្នា​ជា​មិត្ត​ក៏​បាន”។

 

កញ្ញា ប៊ុត កក្ដដា បាន​ឱ្យ​ដឹង​ថា ៖ ” ប្រហែល​យើង​មិន​ស័ក្ដិសម​នឹង​គេ ឬ​មួយ​គេ​មើល​ឃើញ​អ្នក​ផ្សេង​ល្អ​ជាង​យើង។ ខ្ញុំ​ប្រហែល​ជា​ខឹង តែ​នៅ​រាប់អាន​ដដែល។ បើ​មាន​រឿង​ធំ​ដែល​ខ្ញុំ​ទទួល​យក​មិន​បាន​នោះ គឺ​ឈប់​និយាយ និង​ឈប់​ទាក់ទង​តែ​ម្ដង”។

 

ទោះ​​បែកគ្នា ក្នុង​ការ​សេពគប់​មាន​រយៈ​ពេល​ខ្លី ឬ​យូរ​យ៉ាង​ណា​​ យុវជន​ ឡុង ដានី បាន​បញ្ចេញ​ទស្សនៈ​ថា ៖” វា​ជា​សិទ្ធិ​របស់​គេ និយាយ​ឱ្យ​ត្រង់​ទៅ គ្មាន​សិទ្ធិ​ខឹង​គេ​ទេ តែ​​បើ​ខ្ញុំ​វិញ​ខ្ញុំ​អន់​ចិត្ត! មនុស្ស​កំពុងមើល​​ចិត្ត​គ្នា គេ​សុំ​ឈប់​រាប់​អាន បើ​គេ​[នារី]វិញ គិត​យ៉ាងណា? ខ្ញុំ​ស្ដាយ​ពេល​វេលា ដែល​ខំ​ដាក់​ចិត្ត​ស្រលាញ់​គេ បារម្ភ​ពី​គេ ផ្ទុយ​ទៅ​វិញ​បាន​តែ​ពាក្យ​រាប់​អាន​ជា​មិត្ត។ ប្រហែល​គេ​មើល​ឃើញ​អ្នក​ថ្មី​ល្អ​ជាង​យើង​ហើយ ហើយ​​ការ​រាប់​អាន​​របស់​ខ្ញុំ ក៏​គ្មាន​ទៀត​ដែរ”៕

 

អានអត្ថបទ៖ នារី​ៗ​ចូល​ចិត្ត​ឆ្លើយ “បាទ!” ភាគច្រើន​ជា Lesbian?

អានអត្ថបទ៖ ឆ្នាំ​កំណើត​អ្នក​ជា​គូ​ព្រេង​នឹង​ឆ្នាំ​មួយ​ណា?

 

អត្ថបទ៖ អ៊ុំ សុភក្តិ