អា​ម៉េង​ ដៃ​គូ​ប្រយុទ្ធ​កាល​សម័យ​ឈាម​រាវ​ថ្នាក់​វិទ្យាល័យ

អា​ម៉េង​ ដៃ​គូ​ប្រយុទ្ធ​កាល​សម័យ​ឈាម​រាវ​ថ្នាក់​វិទ្យាល័យ

វា​កន្លង​ផុត​ទៅ​អស់​រយៈពេល​​ជាង​ ១០ ឆ្នាំ​មក​ហើយ​ ប៉ុន្តែ នៅ​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ​នៅ​តែ​នឹក​ឃើញ​មិត្ត​ម្នាក់​ដែល​រៀន​នៅ​វិទ្យាល័យ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ (សុំ​មិន​បញ្ចេញ​ឈ្មោះ​សាលា)។ វា​មាន​សម្បុរ​ស កម្ពស់​ប្រហែល​ ១៦០ សង់ទីម៉ែត្រ ភ្នែក​តូច តែ​ចិត្ត​ទូលាយ វា​មាន​ឈ្មោះ​ថា ម៉េង ​ខ្ញុំ​ហៅ​វា​ថា អា​ម៉េង ហើយ​អា​ម៉េង​គឺ​ជា​ដៃ​គូ​​កៀក​ស្មា​ប្រយុទ្ធ​ដ៏​ល្អ​នៅ​ក្នុង​យុវវ័យភាព​របស់​ខ្ញុំ។

 

ថ្ងៃ​មួយ​យើង​បាន​ប្រលង​ឆមាស​ទី ២ ហើយ​នៅ​ក្នុង​ពេល​ប្រលង​ គ្រូ​បាន​អាន​បម្រាម​មួយ​ចំនួន​ ហើយ​នៅ​ក្នុង​នោះ​គឺ​ហាម​​ចម្លង​គ្នា។ ខ្ញុំ​មិនមែន​ជា​សិស្ស​ពូកែ​ទេ តែ​អាច​និយាយ​បាន​ថា បាន​ពិន្ទុ​គួរសម​ ជាពិសេស​មេរៀន​ដែល​ទន្ទេញ​ដូច​ជា​ មុខ​វិជ្ជា​ខ្មែរ គឺ​ខ្ញុំ​បាន​ពិន្ទុ​គ្រាន់​បើ​រហូត។

 

 

អា​ម៉េង​ ដៃ​គូ​ប្រយុទ្ធ​កាល​សម័យ​ឈាម​រាវ​ថ្នាក់​វិទ្យាល័យ

 

 

នៅ​ក្នុង​ថ្ងៃ​ប្រលង​ ខ្ញុំ​អង្គុយ​តុ​ជួរ​ទី ២ រាប់​ពី​ខាង​មុខ​មក ពេល​នោះ​​ខ្ញុំ​បំពេញ​វិញ្ញាសា​បាន​ច្រើន​ លើ​មុខ​វិជ្ជា​ភាសា​ខ្មែរ។ ប៉ុន្តែ ​មិត្តភ័ក្ដិ​ខ្ញុំ​ម្នាក់​វា​អង្គុយ​ខាង​ក្រោយ​ខ្ញុំ វា​មិន​សូវ​​ដែល​ចូល​ថ្នាក់​ទេ ហើយ​ក៏​មិន​ចេះ​អី​ដែរ និយាយ​រួម​វា​ហ្នឹង​​ គឺ​ស្ថិត​នៅ​ក្នុង​ក្រុម​ក្មេង​ទំនើង។ វា​បាន​ទាមទារ​វិញ្ញាសា​ខ្ញុំ​មើល​ ខ្ញុំ​លើក​ឲ្យ​វា​មើល តែ​វា​មិន​សុខ​ចិត្ត​ គឺ​វា​ទារ​យក​ចម្លង​តែ​ម្ដង។

 

– «ឯង​ឲ្យ​​ក្រដាស​មក​ស្រួល​អញ​ចម្លង! ​លើក​អញ្ចឹង​អញ​ពិបាក​មើល​ណាស់!»
– «ឯង​អត់​ហ៊ាន​ទេ​វើយ! ឯង​ខ្លាច​គ្រូ​ចាប់​បាន​ដក​ហូត​អស់​ លែង​បាន​ប្រលង​ទាំង​អស់​គ្នា»

 

បើ​ទោះ​បី​ខ្ញុំ​ពន្យល់​វា​ពី​ការ​លំបាក​ និង ​ក្ដី​បារម្ភ​អំពី​លោក​គ្រូ​ស្ដី​ឲ្យ​ ឬ​ដាក់​ពិន្ទុ​សូន្យ​ក្ដី ប៉ុន្តែ មិត្ត​រួម​ថ្នាក់​​ខ្ញុំ​ម្នាក់​នេះ​វា​នៅ​តែ​កញ្ឆក់​យក​ឯកសារ​ខ្ញុំ​ប្រលង​យក​ទៅ​ចម្លង​ម្ដង​ជា​ពីរ​ដង។ ដូច្នេះ​ខ្ញុំ​ទ្រាំ​មិនបាន​ខ្ញុំ​បាន​ងាក​ក្រោយ​ហើយ​បាន​ក្ដាប់​ដៃ​វាយ​វា​ មួយ​ដៃ​ចំ​សៀតផ្កា​ ធ្វើ​ឲ្យ​វា​សន្លប់​តូង ពេល​នោះ​​ខ្ញុំ​ភ័យ​ដាក់​មេ​ប្រូច​រត់​ទៅ​ផ្ទះ​បាត់។

 

រំលង​មួយ​ថ្ងៃ​ខ្ញុំ​បាន​មក​រៀន​វិញ ស្រាប់​តែ​ឃើញ​ម៉ូតូ​ជាច្រើន​ចាំ​មុខ​សាលា ក្នុង​ចិត្ត​គិត​ថា ប្រហែល​ជា​មាន​អី​កើត​ឡើង​ដែរ តែ​នៅ​តែ​​​ដើរ​ចូល​ទៅ មួយ​សន្ទុះ​អា​ម៉េង​ស្រែក​ប្រាប់​ខ្ញុំ​ថា៖ “អាវ៉ា​ ឯង​ឆាប់​រត់​ទៅ​ពួកវា​ចាំ​វាយ​ឯង​ហើយ”។ គ្រាន់​តែ​ឮ​ដូច​នេះ ខ្ញុំ​ដាក់​មេ​ប្រូច​ តែ​រត់​មិន​រួច​ទេ គឺ​ក្រុម​ម៉ូតូ​នោះ​បាន​ជិះ​មក​ឡោម​ព័ទ្ធ​ខ្ញុំ​ ហើយ​បាន​លោត​ពី​លើ​ម៉ូតូ​ចុះ​មក​វាយ​ខ្ញុំ​តែ​ម្ដង អាម៉េង​ឃើញ​ដូច​នេះ វា​មិន​បាន​រត់​ចោល​ខ្ញុំ​ទេ វា​បាន​រត់​ចូល​ទៅ​ហ្វូង​ប្រយុទ្ធ​។ ខ្ញុំ​និង​អាម៉េង បាន​តស៊ូ​ជាមួយ​ហ្វូង​មនុស្ស​ ៧ នាក់ ប៉ុន្តែ យើង​បាន​ព្យាយាម​វាយ​ប្រយុទ្ធ​បែប​រំដោះ​ខ្លួន​ ទី​បំផុត​​យើង​ក៏​​បាន​រត់​គេច​ខ្លួន​បាន​សម្រេច។

 

នេះ​មិនមែន​ជា​លើក​ទី​ ១ មួយ​ទេ ដែល​ខ្ញុំ​ និង ​អាម៉េង បាន​កៀក​ស្មា​គ្នា​វាយ​ប្រយុទ្ធ​ជាមួយ​​ក្រុម​បង​តូច​បងធំ ព្រោះ​អាម៉េង​ក៏​មាន​គ្នីគ្នា​ដែរ។ អស់​រយៈពេល​ ៣-៤ ថ្ងៃ យើង​មិន​បាន​ចូល​សាលា​នោះ​ទេ យើង​បាន​ហៅ​គ្នា​សងសឹក​វិញ​ នៅ​ទី​បំផុត​យើង​បាន​បង្ក្រាប​អា​ម្នាក់​​ដែល​តាម​យាយី​ខ្ញុំ​ ហើយ​វា​បាន​បញ្ចប់​ជម្លោះ​ត្រឹម​ហ្នឹង!។ ទន្ទឹម​គ្នា​នេះ នាយក​សាលា​ក៏​​បាន​ហៅ​ពួក​យើង​ឲ្យ​ផ្ដិត​មេដៃ និង ហៅ​អាណាព្យាបាល​ដឹង​ឮ ដើម្បី​បញ្ចប់​ជម្លោះ​ផង​ដែរ។

 

​មិន​យូរ​ប៉ុន្មាន​ខ្ញុំ​បាន​ប្រលង​បាក់ឌុប​ ហើយ​អាម៉េង​វា​រៀន​មិន​ជាប់​ទេ ​ដូច្នេះ​វា​ក៏​សម្រេច​ចិត្ត​​ឈប់​រៀន​​តែ​ម្ដង។​ខ្ញុំ​គ្រាន់​តែ​ដឹង​ពី​មិត្ត​ផ្សេង​​ថា វា​បាន​ចាប់​មុខ​របរ​រក​ស៊ី ហើយ​កែ​ខ្លួន​មិន​ប្រលូក​នៅ​ក្នុង​ហ្វូង​បង​តូច បង​ធំ​ទៀត​ទេ។ ចាប់​តាំង​ពី​ពេល​ប្រលង​ចប់​ឆ្នាំ​សិក្សា​ថ្នាក់​វិទ្យាល័យ ២០០២ មក​ ក៏​បែក​គ្នា​តាំង​ពី​ពេល​នោះ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ ហើយ​ខ្ញុំ​មិន​ដឹង​ថា អនាគត​របស់​គេ​ប្រែប្រួល​ដូចម្ដេច​ដែរ តែ​​ខ្ញុំ​ចាំ​នូវ​អ្វី​ដែល​គេ​បាន​ធ្វើ​នោះ គឺ​ការ​ប្រកាន់​យុត្តិធម៌ ការ​ស្រលាញ់​មិត្តភ័ក្ដិ​ ទោះ​មាន​រឿង​អ្វី​ក៏​ដោយ អា​ម៉េង​មិន​ដែល​រត់​ចោល​មិត្ត​ម្នាក់​​នេះ​ទេ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ពេល​ណា​មួយ​ខ្ញុំ​នឹង​បាន​ជួប​​មិត្ត​ជើង​ល្អ​ម្នាក់​នោះ​៕

 

អត្ថបទ៖ វ៉ា

 

 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖

e-mail៖ [email protected]
ឬ ទាក់ទងមក​លេខទូរសព្ទ៖ ០១០ ៧០០ ៧២៧
ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​