កីឡាករប្រដាល់ក្រសួងមហាផ្ទៃ ១៥នាក់ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម

ភ្នំពេញ៖ អង្គភាពកីឡាក្រសួងមហាផ្ទៃ បានផ្តល់ប្រាក់ រង្វាន់លើកទឹកចិត្តដល់កីឡាករប្រដាល់ក្បាច់បុរាណខ្មែរ និងសាកលរបស់ខ្លួន ចំនួន១៥នាក់ ដែលទើបដណ្ដើមបានមេដាយមាស ប្រាក់ និងមេដាយសំរិទ្ធ នៅក្នុងការប្រកួតកីឡាប្រដាល់ជើងឯកថ្នាក់ជាតិ ដែលទើបបញ្ចប់កាលពីចុងខែតុលា ឆ្នាំ២០១៥ ។

លោកឧត្តមសេនីយ៍ទោ ម៉ក់ សំអុល ប្រធានសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ឆ្នាំនេះកីឡាករប្រដាល់របស់ក្រសួងមហាផ្ទៃចំនួន៩ក្លឹប ស្មើនឹងកីឡាករ៥៣នាក់ ត្រូវបានបញ្ជូនទៅប្រកួតជើងឯកជាតិ ដែលជាកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ ជាលទ្ធផលយើងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ និងជាទីមោទនៈ គឺដណ្តើមបានមេដាយសរុបចំនួន១៥គ្រឿង រួមមានមេដាយមាស៦ ប្រាក់២ និងមេដាយសំរិទ្ធ៧គ្រឿង ។

លោកបន្ដថា បើធៀបនឹងឆ្នាំ២០១៤ គឺមានការកើនឡើងច្រើន ព្រោះឆ្នាំនេះក្រុមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយសរុបតែ ៧គ្រឿងប៉ុណ្ណោះ ក្នុងនោះមានមេដាយមាស១ ប្រាក់២ និងមេដាយសំរិទ្ធិ៤គ្រឿង ។

បន្ទាប់ពីបញ្ចប់កម្មវិធីប្រគល់ប្រាក់រង្វាន់ដល់កីឡាករដណ្ដើមបានជយលាភី កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ម្សិលមិញលោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ ក៏បានជូនប័ណ្ណសរសើរដល់ក្លឹបប្រដាល់ ក្រោមការគ្រប់គ្រងរបស់សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃផងដែរ ដែលរួមចំណែកអភិវឌ្ឍន៍ធនធានរបស់ខ្លួន ឲ្យមានសមត្ថភាព រហូតដណ្ដើមបានសមិទ្ធផលយ៉ាងល្អពេលនេះ ។

លោក ស៊ុយ សុខុម អនុប្រធានកីឡាក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រាក់រង្វាន់ដែលផ្តល់ជូន គឺកីឡាករឈ្នះមេដាយមាសម្នាក់ៗ ទទួលបានប្រាក់ចំនួន១២ម៉ឺនរៀល ។ មេដាយប្រាក់ម្នាក់ៗ ទទួលបានប្រាក់ចំនួន ១០ម៉ឺនរៀល និងអ្នកឈ្នះមេដាយសំរិទ្ធម្នាក់ៗ ទទួលបានចំនួន ៨ម៉ឺនរៀលបន្ថែម លើប្រាក់រង្វាន់ពីក្រសួងអប់រំ ហើយលោកបានបន្តថា ចំពោះគ្រូបង្វឹកក៏ទទួលបានប្រាក់ម្នាក់ ៥ម៉ឺនផងដែរ ។

លោក គង់ ចាន់ធីណា ប្រធានការិយាល័យហ្វឹកហ្វឺនកីឡាក្រសួងមហាផ្ទៃ បានឲ្យដឹងដែរថា ក្រៅពីផ្តល់ប្រាក់រង្វាន់នេះ អង្គភាពកីឡាក្រសួងមហាផ្ទៃ បានអប់រំណែនាំដល់បណ្តាលក្លឹប ដែលមានកីឡាករគ្រូបង្វឹក គប្បី យកចិត្តទុកដាក់ខិតខំហ្វឹកហាត់ឲ្យបានល្អ និងឡើងប្រកួតដើម្បីដណ្តើមជ័យជម្នះជូនខ្លួនឯង និងអង្គភាព នៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្ដរជាតិបន្ថែមទៀតនៅពេលខាងមុខ ៕

កីឡាករប្រដាល់ក្រសួងមហាផ្ទៃ ១៥នាក់ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម

កីឡាករប្រដាល់ក្រសួងមហាផ្ទៃ ១៥នាក់ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម