ប្រជាពលរដ្ឋ​ក្រីក្រ​៣​គ្រួសារ​ចោទ​ថា អាជ្ញាធរ​ឃុបឃិត​គ្នា​យក​ដី​របស់​ពួក​គាត់

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣​គ្រួសារ រស់នៅ​ក្នុងភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​ចោទ​អាជ្ញាធរ​ថា បាន​ឃុបឃិត​គ្នា​យក​ដី​ពួក​គាត់ ដែល​មេ​ចែក​ឱ្យ​កាន់កាប់​តាំងពី​សម័យ​សមា​ហរណ​កម្ម ពោល ​គឺ​ចាប់ពី​ឆ្នាំ​១៩៩៦-១៩៩៧​មក​ម្ល៉េះ លុះ​ក្រោយមក​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ស្រាប់តែ​មាន​មេ​ភូមិ ចៅសង្កាត់ មន្ត្រី​បរិស្ថាន មន្ត្រី​សុរិយោដី និង​អាជ្ញាធរ​ក្រុងប៉ៃលិន បាន​នាំ​គ្នា​ចុះ​ទៅ​បោះបង្គោល​នៅ​ដី​របស់​ពួក​គាត់ ដែល​នៅ​ជាប់​នឹង​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង ដោយ​អះអាង​ថា ជា​ដី​របស់​រដ្ឋ ពេល​នេះ​រដ្ឋ​ត្រូវការ​យក​ទៅ​សាងសង់​សាលាក្រុង ។

ដោយ​កើតទុក្ខ​មិន​សុខចិត្ត​ទើប​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៥ វិច្ឆិកា ២០១៥​នេះ ពួក​គាត់​បាន​នាំ​គ្នា​ទៅ​កន្លែង​ដី​ស្ថិត​នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង ដោយ​អំពាវនាវ​សុំ​ឱ្យ​ថ្នាក់លើ​ជួយ​អន្តរាគមន៍​ពួក​គាត់​ផង ។

បើ​តាម​សម្តី​បុរស​ម្នាក់​ឈ្មោះ ឆុង ម៉ៃ អាយុ​៥០​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ រស់ វ៉ា​ន អាយុ​៥៥​ឆ្នាំ មានកូន​៣​នាក់ ប្រុស​២​នាក់ ស្រី​ម្នាក់ នៅ​ក្នុង​បន្ទុក បាន​រៀបរាប់​ឱ្យ​ដឹង​ថា ដី​របស់​គាត់​នៅ​ជាប់​នឹង​កូនភ្នំ ដោយ​មេ​ចែក​ឱ្យ​តាំងពី​ឆ្នាំ​១៩៩៧​មក​ម្លេះ លុះ​ក្រោយមក​កាលពី​ឆ្នាំ​២០១២-២០១៣ ខណៈ​អាជ្ញាធរ​ខេត្ត​សាងសង់​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ប៉ះ​ចំ​ដី​របស់​គាត់ ហើយ​រូប​គាត់​ក៏​សុខចិត្ត​សម្បទាន​ដី​នោះ​ជូន​អាជ្ញាធរ  ក្រោយមក​ដី​មួយ​ចំហៀង​ខាងលិច​ផ្លូវ ដោយសារ​គាត់​ធ្វើ​ចម្ការ​ដាំ​ដំណាំ​ពោត​ចេះ​តែ​ខាត ក៏​ដាច់​ចិត្ត​លក់​ឱ្យ​ឈ្មួញ​បាត់​ទៅ ដោយនៅ​សល់​ម្ខាង​ទៀត​ខាងកើត​ផ្លូវ​ជាប់​នឹង​កូនភ្នំ​ប្រវែង​៧០​ម៉ែត្រ គុណ​១០០​ម៉ែត្រ ហើយ​បានឱ្យ​អាជ្ញាធរ​ជីក​កកាយ​យក​ដី​ចាក់​ធ្វើ​ផ្លូវ លុះ​ក្រោយមក​នា​ពេល​ថ្មី​ៗ​នេះ ខណៈ​ដី​នោះ​រាប​ល្អ ស្រាប់តែ​អាជ្ញាធរ​បាន​ប្រាប់​ឱ្យ​ពួក​គាត់​ប្រគល់​ដី​ឱ្យទៅ​វិញ ដោយ​ប្រាប់​ថា គេ​នឹង​រៀ​ចំ​សាងសង់​សាលាក្រុង ដោយ​សុំ​ឱ្យ​គាត់​ទទួលយក​ដី​នៅ​ខាងក្រោយ​ភ្នំ​ប្រវែង​១០​ម៉ែត្រ ។ ទោះបីជា​យ៉ាងណា​គាត់​មិន​សុខចិត្ត​ឡើយ សូម​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​តាម​គោលនយោបាយ​សមរម្យ ដែល​អាច​ទទួលយក​បាន ។

បើ​តាម​បុរស​ម្នាក់​ឈ្មោះ សូ ប្រុស អាយុ​៥៦​ឆ្នាំ ប្រពន្ធ​ឈ្មោះ មុំ ស្រី អាយុ​៥៣​ឆ្នាំ មានកូន​៥​នាក់ ប្រុស​៣​នាក់ ស្រី​២​នាក់ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ដី​របស់​គាត់​មាន​បណ្តោយ​៨០​ម៉ែត្រ ទទឹង​៤០​ម៉ែត្រ ដោយ​បាន​កាប់​ឆ្ការ​ដាំពោត ដំឡូង​មី​ជា​យូរ​ឆ្នាំ​មក​ហើយ លុះ​ក្រោយមក​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​អាជ្ញាធរ​ភូមិ សង្កាត់ និង​ក្រុង បាន​ចុះ​នាំ​គ្នា​ទៅ​សុំ​ឱ្យ​គាត់​បែងចែក​ដី​នោះ​ឱ្យ​អ្នក​នៅ​ខាង​មុខ ដែល​ត្រូវ​អាជ្ញាធរ​យក​ដី ដោយ​សុំ​ឱ្យ​ពួក​គាត់​ប្រវែង​ម្នាក់​១០​ម៉ែត្រ​ប៉ុណ្ណោះ ។ គាត់​បន្ត​ទៀត​ថា ពួក​គាត់​ក្រីក្រ​មានកូន​ច្រើន បម្រុង​នឹង​សាងសង់​ផ្ទះ​រស់នៅ ស្រាប់តែ​កាលពី​ថ្ងៃ​ទី​៣-៤ ខែវិច្ឆិកា កន្លង​ទៅ​នេះ អាជ្ញាធរ​បាន​នាំ​គ្នា​យក​បង្គោល​ទៅ​បោះបង្គោល​យក​អស់​បាត់​ទៅ​ហើយ គ្មាន​សល់​អ្វី​បន្តិច​នោះ​ទេ ។ ដី​របស់​គាត់​ត្រូវ​បាន​ខាង​សុរិយោដី​វាស់វែង​កាលពី​ប៉ុន្មាន​ខែ​មុន ដោយ​សន្យា​ថា​ចេញ​ប្លង់​ឱ្យ តែ​ក្រោយមក​ក៏​ស្ងាត់​ទៅ​វិញ ហើយ​រហូត​មក​ដល់​ពេល​នេះ​គេ​បម្រុង​ដេញ​ពួក​គាត់​ចេញ​ទាំងអស់​គ្នា ។ គាត់​ក៏​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ខាងលើ​ឱ្យ​ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់ ​ផង ព្រោះ​សព្វ​ថ្ងៃនេះ​គាត់​រស់នៅ​ចាំចម្ការ​ឱ្យ​គេ​ទេ គ្មាន​ដី​សូ​ម្បី​តែ​ប៉ុន​បាតដៃ​នោះ​ឡើយ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ឈុំ ហ៊ឺ​ន មេ​ភូមិ​កូនភ្នំ បានឱ្យ​ដឹង​ថា ខាង​លោក​អត់​ដឹង​រឿង​នេះ​ទេ តែ​គាត់​ដឹង​ថា ដី​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​របស់​គាត់​កាន់កាប់​តាំងពី​យូរ​មក​ហើយ បើ​ចង់​ដឹង​ទាក់ទង​សួរនាំ​ទៅ​ខាង​សង្កាត់​អូរ​តា​វ៉ៅ ។

លោក សួន អ៊​ន ចៅសង្កាត់​អូរ​តា​វ៉ៅ បានឱ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ ខាង​លោក​ក៏​អត់​ដឹង​រឿង​ដែរ ប៉ុន្តែ​លោក​ធ្លាប់​ដឹង​ថា ខាង​ក្រុង​យក​ដី​នោះ​ទៅ​ធ្វើ​សាលាក្រុង ហើយ​បើ​ចង់​ដឹង​ច្បាប់​ជាង​នេះ សូម​ទាក់ទង​សួរនាំ​ទៅ​លើ​បន្ត​ទៀត​ចុះ ។

ចំណែក​លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន ភ្នាក់ងារ​សារព័ត៌មាន​មិន​អាច​ទាក់ទង​សុំ​បំភ្លឺ​បាន​ទេ ដោយសារ​បិទ​ទូរស័ព្ទ ។ ចំណែក​លោក ឡូ លុយ អភិបាលរង​ក្រុងប៉ៃលិន បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ថា ខាង​អាជ្ញាធរ​ក្រុង​យក​ដី​ភ្នំ​នោះ​ធ្វើ​ជា​អចលនវត្ថុ​សម្រាប់​ទុក​សាងសង់​ សាលាក្រុង​នៅ​ថ្ងៃ​ខាង​មុខ មិន​អាច​ឱ្យ​ពួក​គាត់​បន្ត​ប្រើប្រាស់ អាស្រ័យ​ផល​ទៀត​នោះ​ឡើយ ព្រោះ​តំបន់​ភ្នំ​ជា​ដី​របស់​រដ្ឋ ហើយនឹង​ធ្វើការ​ដោះ​ដូរ​ឱ្យ​ពួក​គាត់​នៅ​កន្លែង​ផ្សេង ដោយ​ម្នាក់​ៗ​អាច​ទទួល​បាន​ទទឹង​១០​ម៉ែត្រ គុណ​បណ្តោយ​២០​ម៉ែត្រ ឬ​យ៉ាងម៉េច​នោះ​អាជ្ញាធរ​នឹង​ជួយ​ដោះស្រាយ​មិន​ឱ្យ​មាន​បញ្ហា​អ្វី​ឡើយ ៕

ប្រជាពលរដ្ឋ​ក្រីក្រ​៣​គ្រួសារ​ចោទ​ថា អាជ្ញាធរ​ឃុបឃិត​គ្នា​យក​ដី​របស់​ពួក​គាត់
ប្រជាពលរដ្ឋ​ក្រីក្រ​៣​គ្រួសារ​ចោទ​ថា អាជ្ញាធរ​ឃុបឃិត​គ្នា​យក​ដី​របស់​ពួក​គាត់
ប្រជាពលរដ្ឋ​ក្រីក្រ​៣​គ្រួសារ​ចោទ​ថា អាជ្ញាធរ​ឃុបឃិត​គ្នា​យក​ដី​របស់​ពួក​គាត់
ប្រជាពលរដ្ឋ​ក្រីក្រ​៣​គ្រួសារ​ចោទ​ថា អាជ្ញាធរ​ឃុបឃិត​គ្នា​យក​ដី​របស់​ពួក​គាត់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត