យី​ឌុ​ប​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពីក្រោយ ស្លាប់​ម្តាយ កូន២នាក់របួសធ្ងន់​ នៅ​ស្រុក​ស្ទោង

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​កូនប្រុស​-​ស្រី​២​នាក់​ទៀត​បាន​រង​របួសធ្ងន់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​យីឌុប​ដឹកគោ​យន្ត​កន្ត្រៃ​ និង​រ៉ឺ​ម៉ក​ម៉ូតូ​ កាលពី​ល្ងាច​ថ្ងៃ​ទី​៥ វិច្ឆិកា ២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ឈូក ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ ស៊ឹ​ម លី​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន ឃុំ​ព្រះ​ពន្លា ស្រុក​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជន​រង​គ្រោះ​ដែល​ស្លាប់ ឈ្មោះ ម៉ុម ដូ​ប ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ត្រូវជា​ម្តាយ រស់នៅ​ភូមិ​ថ្នល់​តា​សិត ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្ត​សៀម​រាម និង​កូនបង្កើត​២​នាក់​រង​របួសធ្ងន់ ១-​ឈ្មោះ ណា​ង គង់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នក​បើក​រ៉ឺ​ម៉កម៉ូតូ​ និង ២-​ឈ្មោះ ណា​ង ដា​នី ភេទ​ស្រី អាយុ​២២​ឆ្នាំ ។

លោក​អនុសេនីយ៍ទោ លឹ​ម ឆៃ​ហៀ​ក នាយ​រង​ការិយាល័យ​សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង បាន​ឲ្យ​ដឹង​ថា បើ​តាម​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​យី​ឌុ​ប ម៉ាក​ហ៊្វុយ​ហ្សូ ពណ៌​ត្រួយ​ចេកលា​យស ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 3A-0467 ដឹកគោ​យន្ត​កន្ត្រៃ បើកបរ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ស្របគ្នា​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​រថយន្ត​ក៏​បុក​រ៉ឺ​ម៉កម៉ូតូ​​​ពីក្រោយ​យ៉ាង ​ពេញទំហឹង​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ និង​រង​របួសធ្ងន់​២​នាក់ ហើយ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ប្រភព​បាន​បន្ត​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ម្តាយកូន មុន​ពេល​កើតហេតុ​បាន​នាំ​គ្នា​ជិះ​រ៉ឺ​ម៉កម៉ូតូ​​របស់​ខ្លួន​យក​ដី​រ៉ែ​មាស​ មក​លក់​នៅ​ស្រុក​ស្ទោង ចៃដន្យ​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​តែ​ម្តង ។ ចំណែក​រថយន្ត​បង្ក​ដឹកគោ​យន្ត​កន្ត្រៃ​ចេញពី​ខេត្តបន្ទាយមានជ័យ​យក​មក​ដាក់​ នៅ​កន្លែង​ចែកចាយ​ក្នុង​ខេត្តកំពង់ធំ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី អ្នក​រង​របួស​បញ្ជូន​ទៅ​សង្គ្រោះ ចំណែក​រថយន្ត​បង្ក និង​រ៉ឺ​ម៉ក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

យី​ឌុ​ប​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពីក្រោយ ស្លាប់​ម្តាយ កូន២នាក់របួសធ្ងន់​ នៅ​ស្រុក​ស្ទោង
យី​ឌុ​ប​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពីក្រោយ ស្លាប់​ម្តាយ កូន២នាក់របួសធ្ងន់​ នៅ​ស្រុក​ស្ទោង
យី​ឌុ​ប​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពីក្រោយ ស្លាប់​ម្តាយ កូន២នាក់របួសធ្ងន់​ នៅ​ស្រុក​ស្ទោង
យី​ឌុ​ប​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពីក្រោយ ស្លាប់​ម្តាយ កូន២នាក់របួសធ្ងន់​ នៅ​ស្រុក​ស្ទោង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត